ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាក្រុង​ភ្នំពេញ​សុំ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​គ្រប់​គ្រង​បាតុករ​ឱ្យ​បាន​ល្អ

  • ម៉ែន គឹមសេង

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្រែក​នៅ​ក្នុង​អំឡុង​​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៦ ធ្នូ ២០១៣។
អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ក្រើន​រំលឹក​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ធ្វើ​បាតុកម្ម​ទម្លាក់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ទាមទារ​ឱ្យ​មាន​ការបោះឆ្នោត​ឡើង​វិញឱ្យគ្រប់​គ្រង​ក្រុម​បាតុករ​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​កុំ​ប្រើ​ពាក្យ​ពេចន៍​ប៉ះពាល់​ដល់​អ្នក​ដទៃ។​

នៅ​ក្នុង​លិខិត​ជម្រាប​ជូន​ដល់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីថ្ងៃ​ទី​១៧​ខែ​ធ្នូ​ហើយ​ត្រូវ​បាន​ផ្សាយ​តាម​គេហទំព័រ​របស់​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ សាលា​ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ថា៖

«សាលារាជធានី​ភ្នំពេញ​ពិត​ជាមាន​ការ​សោកស្តាយ​ណាស់​ដោយ​សារ​គម្រោង​សកម្មភាព​នៃ​ការ​សម្តែង​មតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​គោរព​តាម​នីតិ​វិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី»។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​បាតុកម្ម​ជារៀងរាល់​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃអាទិត្យ​ទី​១៥​ខែ​ធ្នូ​មក​ដោយ​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ឡើងវិញ​បន្ទាប់​ពី​ការ​ទាមទារ​ឱ្យ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត​ជាតិបាន​បរាជ័យហើយការចរចា​ជាច្រើនលើក​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់​គ្រង​ប្រទេស​បាន​ខកខាន​មិន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ណាមួយ​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ។

ក្រុម​អ្នក​ចូលរួម​តវ៉ា​ដែល​មាន​ចំនួន​រាប់​ពាន់នាក់​បាន​ប្តូរ​យុទ្ធសាស្រ្ត​ពី​ការតវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​មក​ជាការ​ជិះ​ម៉ូតូ​ដង្ហែរ​និង​ពេល​ខ្លះ​ជិះរថយន្ត​ឬ​ដើរ​ទៅ​តាម​ថ្ងៃ​ផ្សេងៗ​គ្នា។​

ពួកគេ​បាន​ស្រែក​បន្ទរ​តៗ​គ្នា​ថា៖ «ដូរ មិន​ ដូរ? ដូរ! ហ៊ុន សែន​អើយ! ចុះ​ចេញ​ទៅ! ហ៊ុន សែន​អើយ! ចុះ​ចេញ​ទៅ! ហ៊ុន សែន​អើយ! ចុះចេញ​ទៅ!»

សាលាក្រុង​ភ្នំពេញ​បាន​បញ្ជាក់​បន្ថែម​នៅ​ក្នុង​លិខិត​របស់​ខ្លួន​ថា​គណបក្ស​សង្រ្គោះជាតិ​គួរ​គប្បី​កែ​លម្អ​សកម្មភាព​របស់​ខ្លួន​ដែល​មាន​ការរៀបចំ​ពិធីសាសនា​ ធ្វើ​រូប​ទីងមោង ​រៀបរថយន្ត​ក្បួន​ដង្ហែ ​និង​ប្រើ​ពាក្យ​សំដី​ប៉ះពាល់​ដល់​សិទ្ធិបុគ្គល ​ការបណ្តែត​បណ្តោយ​ឱ្យ​បាតុករ​ចាក​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ​និង​ការ​បន្តការ​ស្នាក់​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ការអនុញ្ញាត​ជាដើម។

នៅ​ក្នុង​ការ​វិវត្តន៍​ចុងក្រោយ​គឺ​គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​ឱសានវាទ​ឱ្យ​រៀបចំ​ការបោះឆ្នោត​ជាតិក្នុង​រយៈ​ពេល​បី​ខែ​ខាងមុខ​ហើយ​មេដឹកនាំ​គណបក្ស​ហាក់​ដូច​ជា​មិន​ដក​ថយ​ក្នុង​ការ​ទាម​ទារ​របស់​ខ្លួន។​

កាលពី​យប់​ថ្ងៃ​អង្គារ​លោ​ក​សម រង្ស៊ី​ប្រធាន​គណបក្ស​បាន​បញ្ជាក់​នូវ​ជំហរ​រឹងត្អឹង​របស់​លោក​ប្រាប់​ដល់​បាតុករ​ថា៖​ «ខ្ញុំ​បាន​មើល​ឃើញ​សភាព​ការណ៍​ស្រុក​ខ្មែរ​គឺ​កាន់​តែ​ដុនដាប​ទៅ​ដុនដាប់​ទៅ ហើយ​ ឃើញ​ជាតិ​យើង​អន្តរាយ​ហើយ​ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​ថា​ខ្ញុំ​ចាស់​ហើយ​អត់​ខ្លាច​ស្លាប់​ទេ​ដល់​ពេល​ហើយ​ត្រូវ​ហ៊ាន​បូជា​ជីវិត​ដើម្បី​ជាតិ​បាន​រស់»។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ឈ្នះ​បាន​អាសនៈ​ចំនួន​៦៨​ដែល​អាច​គ្រប់​គ្រង​ប្រទេស​តែ​ម្នាក់​ឯង​បាន​ រី​ឯគណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន​៥៥​អាសនៈ ពី​ការ​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​២៨​ខែកក្កដា។ នេះ​បើតាម​ការ​ប្រកាស​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ថា​ខ្លួន​ឈ្នះ​បាន​អាសនៈ​ចំនួន​៦៣​ដែលជា​ចំនួន​គ្រប់​គ្រាន់​ដើម្បី​ដឹកនាំ​ប្រទេស​តែ​ម្នាក់​ឯង​ដែរ។​

ក្រុម​អង្គការ​ជំនាញ​ខាង​ការ​បោះឆ្នោត​ដែល​មាន​ឈ្មោះ​ថា​សម្ព័ន្ធ​កំណែ​ទម្រង់​ការបោះឆ្នោត​បាន​ចេញ​របាយការណ៍​កាលពី​សប្តាហ៍​មុន​ដោយ​បាន​រក​ឃើញ​ថា​ មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​អាច​ជួយ​ឱ្យ​គណបក្ស​កាន់​អំណាច​ឈ្នះ​បាន​អាសនៈ​រហូត​បាន​ចំនួន​៦៨​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG