ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ប្តេជ្ញា​ពង្រឹង​សិទ្ធិមនុស្ស ​សង្គម​ស៊ីវិល​អបអរ​​


ដូចឆ្នាំ​មុនៗ​ដែរ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​គណបក្ស​គ្រប់គ្រង​ប្រទេស​ បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ហើយ​នឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​តាំង ​ចិត្ត​គោរព​សិទ្ធិ​មនុស្ស​ និង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស។​
ដូចឆ្នាំ​មុនៗ​ដែរ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​គណបក្ស​គ្រប់គ្រង​ប្រទេស​ បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ហើយ​នឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​តាំង ​ចិត្ត​គោរព​សិទ្ធិ​មនុស្ស​ និង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស។​ កាលពី​ថ្ងៃ​ទី១០​ ខែធ្នូ​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខួបលើក​ទី៦៥​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ ថ្លែង​ក្នុង​សារ​លិខិត​របស់​លោក​ថា​ ព្រះរាជា​ណាចក្រ​កម្ពុជា​សូម​ចូលរួម​ជាមួយ​មនុស្ស​ជាតិ​ទាំងអស់​នៅ​អាស៊ាន​ក៏​ដូចជា​នៅ​លើ​ពិភព​លោក​បន្ត​ជ្រោងទង់​គោរព​ ​ ការពារ​និង​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​ដែល​ចេះតែ​មាន​សំណូមពរ​រីក​ចម្រើន​ឡើងៗ​មិន​ឈប់​ឈរ។​

ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​នេះ​ មិនអាច​គេច​ផុត​ការ​រិះគន់​ពីក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ខ្លះ​ទេ​ ដោយសារ​តែមាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ច្រើន​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ការ​រិត ត្បិត​សេរីភាព​បញ្ចេញមតិ​និង​ការ​បង្ក្រាប​ក្រុម​បាតុករ​រោងចក្រ គឺ​តែ​ប៉ុន្មាន​ថ្ងៃ​មុនការ​តាំងចិត្ត​និង​សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​នោះ។​

លោក​ ប្រេត អាដាំ ​(Brad Adams) ​នាយក​អង្គការ​យូមែនរ៉ៃវច​ប្រចាំ​តំបន់​អាស៊ី ​បាន​ចំអក​ទៅ​ដល់​អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​ថ្លែង​ អំពី​ការ​ប្តេជ្ញា​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស។ លោក​ថ្លែង​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្តេជ្ញា​អំពីការ​គោរព​សិទ្ធិ​មនុស្ស​ជាច្រើន​ឆ្នាំ​មក​ហើយ​ តែគ្មាន​ការ​កែ ទម្រង់​រីក​ចម្រើន​ទាល់តែ​សោះ។

«វាជា​ចម្រៀង​ចាស់​ដដែលៗ ​ហើយ​គ្មាន​ហេតុផល​អ្វី​ឲ្យ​គេ​គ្រប់គ្នា​គួរ​ជឿ​លើ លោក​ហ៊ុន សែន​ទៀត​ទេ​ ពីព្រោះ​ប្រសិនបើ​លោក​ និងខ្ញុំ​និយាយ​ពីមួយ​ឆ្នាំ ទៅ​មួយឆ្នាំ​ថា​ យើង​ចង់​ធ្វើ​អ្វី​មួយ ​ហើយ​យើង​មិនបាន​ធ្វើ​វិញ​នោះ ​យើងមិន​អាច​ រំពឹង​ឲ្យ​គេ​គ្រប់គ្នា​ជឿ​យើង​ទេ។ ​ដូច្នេះអត់មាន​សេចក្តី​ទុកចិត្ត​ចំពោះ​លោក​ហ៊ុន សែន​ទៀត​ទេ។​ ប្រសិន​បើគាត់​ចង់ធ្វើ​ គាត់​មាន​អំណាច​ធ្វើបាន។​ ហើយ​គាត់ គួរ​ឈប់​និយាយ​អំពីរឿង​នេះ​ តែត្រូវ​ចាប់ផ្តើម​ធ្វើតែ​ម្តង»។​

លោក​ថ្លែង​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​កាន់​កាប់​អំណាច​ជិត​៣ទស វត្សរ៍​ហើយ​ ហើយ​មាន​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ពលរដ្ឋ​យ៉ាងច្រើន​បាន​កើត​មាន ​ដូចជា​ការ​មិន​បាន​ចាត់វិធាន​ការ​លើ​បញ្ហា​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ភាព​មិនប្រក្រតី​ និង​ការ​គៃបន្លំ​នៃ​លទ្ធផល​ឆ្នោត និទណ្ឌភាព​ ការ​រំលោភ​បំពាន​ដីធ្លី​ដែល​រាលដាល​ពាសពេញ​ប្រទេស​ប្រព្រឹត្តិ​ដោយ​មន្ត្រី​មាន​អំណាច​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ អំពើ​ពុករលួយ​ជាដើម។​

លោក​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ថ្លែង​ថា ​លោក​ក៏នៅ​មាន​ មន្ទិល​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​នេះដែរ​ ទោះជា​លោក​ឃើញ​ថា ​រដ្ឋាភិបាល​មាន​ ឆន្ទៈ​ខ្លះ​មែន។​ លោក​ថ្លែង​ថា​ ការ​ផ្លាស់​ប្តូរ​ទម្លាប់​ចាស់​នៃ​មន្ត្រី​ជាច្រើន​ក្នុង​ស្ថាប័ន​ រដ្ឋ​នោះ​ជា​បញ្ហា​ពិបាក​កែប្រែ។​

«បញ្ហា​ដោយសារ​មនុស្ស​ភាគច្រើន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​សុទ្ធ​តែ​ពាក់ព័ន្ធ​ជាមួយ​ នឹង​អំពើ​ពុករលួយ​ ទម្លាប់​ចាស់​មួយ​គឺទម្លាប់​មាក់​ងាយ​ប្រជា​ពលរដ្ឋ​ វប្បធម៌​មាក់ងាយ​ប្រជា​ពលរដ្ឋ​ ទម្លាប់​មាន​វប្បធម៌​មាក់ងាយ​អ្នកក្រីក្រ​ ការ​បែង​ចែក​ វណ្ណៈ​ ដែល​ខ្ញុំមើល​ទៅ​សុទ្ធតែជា​ទម្លាប់​ចាស់​ទាំងអស់។​ ហើយ​មនុស្ស​មួយ​ ចំនួន​ដូរ​មែន​ តែ​មនុស្ស​ អ្នក​ដែល​ធ្លាប់​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ហ្នឹង ​នៅ​មាន​ តួនាទី​សំខាន់ៗ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​នៅ​ឡើយ»។​

លោក​ក៏​បាន​និយាយ​យោង​ទៅ​លើ​ការ​បង្រ្កាប​កម្មករ​រោងចក្រ​អេសអ៊ីល​នៅ​ស្ទឹង មានជ័យ​ អ្នកភូមិ​បឹងកក់​ ដីធ្លី​និង​និទណ្ឌភាព​ផ្សេង​ទៀត​ ដែល​គ្មាន​ការ​ផ្តន្ទាទោស​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលរដ្ឋ។​

លោក​នី ចរិយា ​ប្រធាន​ក្រុមអ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ អះអាង​ថា​ លោក​បាន​កត់​សម្គាល់ឃើញ​មាន​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​និង​ការ​ ប្តេជ្ញា​ចិត្ត​ពីរដ្ឋាភិបាល​មែន។​ លោក​បាន​សង្កត់​ធ្ងន់​ថា ​បញ្ហា​មិនមែន​ស្ថិត​នៅ​លើ​ ទ្រឹស្តី​ទេ​ តែ​បញ្ហា​សំខាន់​គឺការ​អនុវត្ត​ជាក់ស្តែង​កម្រិត​ណា​ដែល​រដ្ឋាភិបាល​ចាត់​ វិធាន​ការ​ឲ្យ​មាន​ការគោរព​សិទ្ធិ​មនុស្ស។​

«ដូច​នេះ​យើង​ប្រមើល​មើល​តទៅ​ទៀត ​ជាពិសេស​ផ្តោត​ទៅ​លើ​សេរីភាព​នៃ​ការ​ បញ្ចេញ​មតិ ​ហើយនឹង​សេរីភាព​ផ្សេងៗ​ទៀត​ ដូចជា​ការ​ដង្ហែ​ក្បួន​ជា​ដើម​។ល។ ​ព្រោះ​ថា ការ​ប្តេជ្ញា​ចិត្ត​នៅថ្ងៃ​ទី១០​ធ្នូ​ តែ​ថ្ងៃ​ទី​៨ ​ទី៩​មុនហ្នឹង​គឺថា​ មាន​ការ​ហាម​ ឃាត់​ រារាំង​មិនឲ្យ​អ្នក​ធ្វើ​ធម្មយាត្រា​លោក​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ហ្នឹង​ងាយ​ស្រួល​ប៉ុន្មាន​ទេ។​ មាន​វត្ត​អារាម​ខ្លះ​នៅ​មាន​ការ​ហាម​ឃាត់​តាម​បទបញ្ជា​ថ្នាក់​លើ​អញ្ចឹង​ដែរ​ ដែល​មិន​ឲ្យ​អ្នក​ធ្វើ​ធម្មយាត្រា​ចូល​សម្រាក។​ នេះ​ក៏ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លុះ​បញ្ចាំង​ពីការ​អនុវត្ត​ជាក់ស្តែង​ទៅលើ​ការ​គោរព ​និង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ដែរ»។​

លោក​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​បាន​ធ្វើការ​ផ្ទុយ​នឹង​ច្បាប់​សិទ្ធិមនុស្ស​ជាច្រើន​ហើយ​មិនបាន​គោរព​តាម​ច្បាប់​ទៀតផង។​ បញ្ហា​ទាំងនោះ​រាប់​ទាំង​ការ​កំណត់​ពេល​វេលា​ធ្វើការ​បញ្ចេញ​មតិ​ ការ​កំណត់​ចំនួន ​ការ​មិន​ធ្វើ​ទីលាន​បាតុកម្ម​ឬ​ទីលាន​ប្រជាធិបតេយ្យ​នៅគ្រប់​ខេត្ត​ក្រុង។​

ទោះជា​យ៉ាងក៏​ដោយ​ ​សារ​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដដែល​ បាន​ទទួល​ស្គាល់​ថា ​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​កម្ពុជា​ត្រូវ​ធ្វើការ​កែ​ទម្រង់​ ទាក់ទង​នឹង​សិទ្ធិ​ កាតព្វ​កិច្ច​និង​ការ​ទទួល​ខុសត្រូវ។​ តែ​លោក​បាន​អះអាង​ថា​ កម្ពុជា​បាន​ទទួល​សេរីភាព​ និង​សិទ្ធិ​ជា​ម្ចាស់​កាលពី​ថ្ងៃទី៧​មករា​ ឆ្នាំ១៩៧៩ ​ដែល​រដ្ឋាភិបាល​របស់​លោក​ធ្លាប់​ប្រកាស​ថា​ បាន​ខិតខំ​តស៊ូ​រំដោះ​ប្រជា​ពលរដ្ឋ​ចេញ​ពីរ​បប​ខ្មែរក្រហម​ប្រល័យ​ពូជសាសន៍៕​
XS
SM
MD
LG