ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ៖ បាតុកម្ម​ប្រឆាំង​ទទួល​ចំណាប់​អារម្មណ៍​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស

  • សុខ ខេមរា

ក្រុម​អ្នក​វិភាគ​មាន​ក្តី​រំពឹង​ថា ​សម្ពាធ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​អាច​នឹង​ជួយ​សម្រួល​បញ្ហា​ជាប់​គាំង​នយោបាយ​កម្ពុជា។​
ក្រុម​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ខ្លះ​បាន​អះអាង​ថា ​សកម្មភាព​គណបក្ស​ជំទាស់​ក្នុង​ការ​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ ​ជា​ពិសេស​ប្រទេស​មហាអំណាច​បី​រួម​ទាំង​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​វិវាទ​បោះឆ្នោត​កាន់​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​និង​សហគមន៍​ជាតិ។ ក្រុម​អ្នក​វិភាគ​មាន​ក្តី​រំពឹង​ថា ​សម្ពាធ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​អាច​នឹង​ជួយ​សម្រួល​បញ្ហា​ជាប់​គាំង​នយោបាយ​កម្ពុជា។​

នៅ​ពេល​ដែល​គណបក្ស​ជំទាស់​បន្ត​ធ្វើ​បាតុកម្ម​ក្នុង​ប្រទេស​និង​ដាក់​ញត្តិ​ទៅ​កាន់​ ប្រទេស​មហា​អំណាច​សំខាន់ៗ​បី​គឺ ស.រ.អា. ​ចក្រភព​អង់គ្លេស​ បារាំង​ហើយ​នឹង​ អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ​ ដើម្បី​ឲ្យ​មេដឹកនាំ​ពិភពលោក​ទាំង​នេះ​ជួយ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​កម្ពុជា​ ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​កម្ពុជា​ខ្លះ​អះអាង​ថា ​ការ​បង្ហាញ​ឆន្ទៈ​គណបក្ស​ជំទាស់​ដូច្នេះ​នឹង​អាច​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ឡើង​ពី​ពិភពលោក​ដែល​មាន​ឥទ្ធិពល​សេដ្ឋកិច្ច​ វិនិយោគ​និង​ ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស ​ដែល​មាន​កម្លាំង​នយោបាយ​ខ្លាំង​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​ស្ថានការណ៍​នយោបាយ​ជាប់​គាំង​ដោយ​សារ​តែ​វិវាទ​នៃ​លទ្ធផល​បោះឆ្នោត។

គណបក្ស​ជំទាស់​មិន​ទាន់​ចូលរួម​ផ្តល់​ភាព​ស្របច្បាប់​ឲ្យ​បាន​ពេញ​លេញ​ចំពោះ​ សភា​និង​រដ្ឋាភិបាល​ថ្មី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ឡើយ​ទេ​ ក្រោយ​ពី​គណបក្ស​ជំទាស់​ចាត់​ទុក​ថា​ការ​ស៊ើប​អង្កេត​រក​ យុត្តិធម៌​និង​ការណ៍​ពិត​នៃ​ការ​គៃ​បន្លំ​លទ្ធផល​បោះឆ្នោត​ជូន​ម្ចាស់​ឆ្នោត​ដោយ​គណៈកម្មាការ​ឯករាជ្យ​មួយ​មិន​បាន​កើត​ឡើង។​ គណបក្ស​ជំទាស់​បាន​អំពាវនាវ​ដល់​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស​ និង​សហគមន៍​អន្តរជាតិ​ជួយ​ដល់​ប្រទេស​កម្ពុជា​ជា​បន្ទាន់​ដើម្បី​បញ្ជៀស​បញ្ហា​វិបត្តិ​នយោបាយ​នេះ​កើត​ឡើង គឺ​ជួយ​តាម​រយៈ​ការ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី ​ជួយ​តាម​រយៈការ​កាត់​ឬ​ផ្អាក​ ជំនួយ​ផ្ទាល់​ដល់​រដ្ឋាភិបាល​ថ្មី​ ជួយ​ដល់​ការ​រារាំង​ផ្នែក​សេដ្ឋកិច្ច​ វិនិយោគ​និង​ ដោះស្រាយ​បញ្ហា​កម្ពុជា​ជា​ដើម។

លោក​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា​ ឥទ្ធិពល​អ.ស.ប. និង​សហគមន៍​អន្តរជាតិ​គឺ​ទាក់ទង​តែ​នឹង​បញ្ហា​សេដ្ឋកិច្ច ​និង​ជំនួយ​តែ​ប៉ុណ្ណឹង​ ទេ។

លោក​ពន្យល់​ថា៖ «ព្រោះ​អី​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ណា​មួយ​ មិន​ប៉ះពាល់​អ្នក​ស្រែ​ចម្ការ​ប៉ុន្មាន​ទេ​ វា​នឹង​ប៉ះពាល់​អ្នក​វិនិយោគ ​ជា​ពិសេស​អ្នក​វិនិយោគ​ធំៗ​តែ​ម្តង ​ហើយ​ភាគ​ច្រើន​ជា​សមាជិក​គណបក្ស​ប្រជាជន​ ឬ​ជា​សមាជិក​រដ្ឋាភិបាល ​ដែល​គណបក្ស​ប្រជាជន​ពឹង​ផ្នែក​ដើម្បី​កម្លាំង​នយោបាយ​របស់​ខ្លួន​ហ្នឹង។​ អញ្ចឹង​បើ​ពួក​គាត់​មិន​សប្បាយ​ចិត្ត​ពួគ​គាត់​ជា​អ្នក​ជួយ​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​ឈាន​មក​កិច្ច​ព្រម​ព្រៀង​ណា​មួយ»។

លោក​ថ្លែង​ទៀត​ថា៖ «ការ​ធ្វើ​បាតុកម្ម​ឬ​មួយ​ការ​បញ្ចេញ​មតិ​នៅ​ពេល​បច្ចុប្បន្ន​តាម​រយៈ​សរសេរ​ញតិ្ត​ ក្តី​គឺ​ជា​ការ​បង្ហាញ​ឆន្ទៈ​ប្រជាពលរដ្ឋ​ទៅ​សហគមន៍​អន្តរជាតិ​ជា​ទូទៅ​ មិនមែន​សម្រាប់​តែ​ប្រទេស​១៨​ហ្នឹង​ទេ។​ ការ​បង្ហាញ​ឆន្ទៈ​ប្រជាពលរដ្ឋ​ជា​ទូទៅ​រឿង​ហ្នឹង​ ខ្ញុំ​មើល​ទៅ​ឃើញ​មាន​ប្រសិទ្ធិភាព​ជាង។​ ហើយ​ការ​បង្ហាញ​កម្លាំង​នៅ​ពេល​ បច្ចុប្បន្ន​នេះ​ប្រហែល​ជា​អាច​ជួយ​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ​ឈាន​ទៅ​ដល់​ការ​ជជែក​គ្នា​ប្រហែល​ជា​អាច​ឈាន​ទៅ​ដល់​ការ​ ព្រមព្រៀង​គ្នា​ណា​មួយ»។

រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទាន់​ត្រូវ​សហគមន៍​អន្តរជាតិ​ ទទួល​ស្គាល់​ដ៏​ទូលំ​ទូលាយ​នៅ​ឡើយ​ទេ ​ដោយសារ​ថា ​គណបក្ស​ជំទាស់​ធ្វើ​ ពហិការ​ មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ឈ្នះ​៦៨​អាសនៈ​អាច​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន​នោះ​ ដោយសារ​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​ខ្លាំងក្លា​នោះ។ ​គណបក្ស​ជំទាស់​ក៏​បាន​ ចោទ​ថា ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ​កើត​ចេញ​ពី​សភា​ដែល​មាន​គណបក្ស​តែ​មួយ​ ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ សេរី ​ពហុបក្ស។

ស.រ.អា.​និង​សហភាព​អឺរ៉ុប​ដែល​ជា​ប្រទេស​ផ្តល់​ការ​នាំចេញ​ផ្នែក​សម្លៀកបំពាក់​ ៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​មិន​ទាន់​ ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​នេះ​ទេ​ ដោយ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រឿង​វិវាទ​ បោះឆ្នោត​និង​ដោះស្រាយ​ដោយ​ការ​ពិភាក្សា​គ្នា​រវាង​អ្នក​នយោបាយ​ទាំង​ពីរ​បក្ស។

នៅ​ក្នុង​លិខិត​ទៅ​កាន់​លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់​ អូបាម៉ា​ លោក​ សម រង្ស៉ី ​និង​លោក ​កឹម សុខា ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​រ៉ាយរាប់​ ថា​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨​ខែ​កក្កដា​មិន​បាន​រៀបចំ​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ ការ​មិន​ព្រម​បង្កើត​គណៈកម្មាការ​ឯករាជ្យ​ស៊ើប​អង្កេត​លទ្ធផល​បោះឆ្នោត​ដែល​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ ការ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​នាំ​ឲ្យ​កម្ពុជា​វិលទៅ​រក​ការ​គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ។​

ក្នុង​លិខិត​ជា​ភាសា​អង់គ្លេស​ជូនលោក​ អូបាម៉ា ​ដដែល​នោះ​ លោក​ សម រង្ស៉ី និង​លោក​ កឹម សុខា​បាន​ថ្លែង​តាម​ខ្លឹមសារ​ដើម​ថា៖ «ដោយ​ផ្អែក​តាម​ស្ថានការណ៍​ដែល​បាន​រៀបរាប់​ខាង​លើ ​យើង​ខ្ញុំ​ស្វែង​រក​ជំនួយ​ពី​លោក​ប្រធានាធិបតី​ដើម្បី​ធានា​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ដែល​ ជា​មូលដ្ឋាន​គ្រឹះ​តែ​មួយ​គត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​ផ្នែក​នយោបាយ​ បច្ចុប្បន្ន​សម្រាប់​ប្រជាធិបតេយ្យ​ពហុបក្ស​និង​ការ​អភិវឌ្ឍន៍​ជាតិ​របស់​យើង»។

មេដឹកនាំ​គណបក្ស​ជំទាស់​ទាំង​ពីរ​ក៏​បញ្ជូន​លិខិត​ដូច​គ្នា​នេះ​ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​ពិភពលោក​ជំរុញ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​លទ្ធផល​ បោះឆ្នោត​ និង​អនុវត្ត​ឡើង​វិញ​ឲ្យ​បាន​ពេញលេញ​ចំពោះ​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ថ្ងៃទី​២៣​ខែ​តុលារ​ឆ្នាំ​១៩៩១។​ ​មេដឹកនាំ​គណបក្ស​ជំទាស់​បាន​ដាក់​ជូន​មេដឹកនាំ​ ពិភពលោក​តាម​រយៈ​ស្ថានទូត​របស់​ប្រទេស​គេ​រៀងៗ​ខ្លួន​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ អង់គ្លេស​ លោក ​David Cameroon ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​បារាំង ​លោក​ Jean-Marc Ayrault ​ និង​លិខិត​និង​ស្នាម​មេដៃ​ជាង​២លាន​នាក់​ទៅ​កាន់​លោក​អគ្គលេខាធិការ​អ.ស.ប.​ បានគីម៊ូន​ផង​ដែរ។

លោក​បណ្ឌិត​ ពុទ្ធា ហង្ស ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ និចហ្វិច ​បាន​អះអាង​ថា​ការ​ដាក់ញាតិ្ត​ ការ​ធ្វើ​បាតុកម្ម​នេះ​ជា​ការ​បន្ត​កន្ត្រាក់​ អារម្មណ៍​សហគមន៍​អន្តរជាតិ​និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ក្នុង​ការ​រំលឹក​បន្ថែម​ទៀត​ នូវ​អ្វី​ដែល​ជា​ការ​មិន​សុខចិត្ត​របស់​គណបក្ស​ជំទាស់​ទាក់ទង​នឹង​ដំណោះស្រាយ​ នៃ​វិវាទ​បោះឆ្នោត ​មុន​នឹង​ឈាន​ទៅ​រក​ការ​ដោះស្រាយ​អ្វី​ផ្សេង​ទៀត។

លោក​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ទោះ​បី​ជា​មិនទាន់​បាន​លទ្ធផល​ភ្លាម​ តែ​នេះ​ជា​ការ​អង្រួន​ ជា​ការ​គោះ​ជួង ​ជា​ការ​កន្ត្រាក់​អារម្មណ៍ ​ជា​បន្ត​បន្ទាប់​ទៀត​ដើម្បី​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ កាន់​តែ​ខ្ពស់​និង​កាន់​តែ​ខ្លាំងក្លា​ឡើង»។

លោក​ពុទ្ធា ហង្ស ​បាន​បន្ថែម​ថា​ ទោះ​ជា​ការ​តវ៉ា​ដោយ​អហិង្សា​ និង​សកម្មភាព​ បង្គ្រាប​របស់​អាជ្ញាធរ​មិន​សូវ​ពុះ​កញ្ជ្រោល​ដូច​ការ​បោះឆ្នោត​មុន​មែន​ តែ​បញ្ហា​ កំពុង​តែ​ក្តៅ​គគុក​នៅ​ឡើយ​ ដែល​លោក​ទទូច​ថា​ អ្នក​នយោបាយ​ត្រូវ​តែ​យក​ ចិត្ត​ទុក​ដាក់​ ហើយ​ចាំ​បាច់​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG