ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ហ្វីលីពីន​គ្រោង​ផ្តល់​អំណះអំណាង​​ផ្ទាល់មាត់​ជា​លើក​ដំបូង​ក្នុង​រឿងក្តី​អាជ្ញាកណ្តាល​ប្រឆាំង​នឹង​ប្រទេស​ចិន


ក្រុម​បាតុករកាន់​បដា​រូប​ទូក​ ចេញ​តវ៉ា​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​ចិន​ក្នុង​ខណ្ឌ​មួយ​នៃទីក្រុង​ Makati ភាគខាង​កើត​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ ដើម្បី​ប្រឆាំង​នឹង​ការ​ចាក់ដី​ធ្វើកោះ​នៅលើ​ទីតាំង​មាន​ជម្លោះ​ក្នុង​សមុទ្រចិន​ខាង​ត្បូង កាលពីថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០១៥។
ក្រុម​បាតុករកាន់​បដា​រូប​ទូក​ ចេញ​តវ៉ា​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​ចិន​ក្នុង​ខណ្ឌ​មួយ​នៃទីក្រុង​ Makati ភាគខាង​កើត​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ ដើម្បី​ប្រឆាំង​នឹង​ការ​ចាក់ដី​ធ្វើកោះ​នៅលើ​ទីតាំង​មាន​ជម្លោះ​ក្នុង​សមុទ្រចិន​ខាង​ត្បូង កាលពីថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០១៥។

ក្រុម​អ្នក​ច្បាប់​នៃ​ប្រទេស​ហ្វីលីពីន​ដែល​អម​ដោយ​មន្រ្តី​ជាន់​ខ្ពស់​ប្រចាំ​ប្រទេស​រួម​មាន​ពី​ស្ថាប័ន​នីតិប្រតិបត្តិ​ ស្ថាប័ន​តុលាការនិង​ស្ថាប័ន​នីតិបញ្ញត្តិ​ នា​សប្តាហ៍​នេះ​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​គណៈវិនិច្ឆ័យ​ នៅ​ឯ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​ (The Hague) ប្រទេស​ហូឡង់ ដើម្បី​សម្រេច​រឿង​ក្តី​របស់​ខ្លួន​ក្នុង​ការ​សាក​សួរ​អំពី​ការ​ទាមទារ​ដែនទឹក​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ ​

ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ចាក​ចេញ​ទៅ​ប្រទេស​ហូឡង់​ ក្រុម​មន្ត្រី​ហ្វីលីពីន​និយាយ​ថា​ ពួក​គេ​មាន​ «ទំនុក​ចិត្ត​លើ​ជំហរ​របស់​ប្រទេស​ខ្លួន»​ និង​ថា​គណៈ​វិនិច្ឆ័យ​នឹង​រក​ឃើញ​ថា​ខ្លួន​មានសមត្ថកិច្ច​ផ្លូវ​ច្បាប់ក្នុង​ការ​ដោះស្រាយ​ករណី​នេះ​បាន។​ នៅ​ចុង​សប្តាហ៍​នេះ​ អ្នកស្រី​ Abigail Valte​ អ្នក​នាំ​ពាក្យ​រង​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Benigno Aquino III ហើយដែល​អ្នកស្រី​កំពុង​ចូលរួម​ជាមួយ​នឹង​គណៈ​វិនិច្ឆ័យ​នៅ​ទីក្រុង​ឡាអេ​ បាន​និយាយ​ថា​ ប្រទេស​នេះ​ជឿជាក់​ថា​ខ្លួន​ «ស្ថិត​ក្នុង​ជំហរ​ដ៏​រឹងមាំ​មួយ»។​

លោក Charles Jose អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​របស់​ប្រទេស​ហ្វីលីពីន​បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​ម៉ានីល​ កំពុង​បង្ហាញ​ពី​ការណ៍​ពិត​ឬ​អង្គ​ហេតុ ​ដែល​ស្ថិត​ក្នុង​ក្របខណ្ឌ​នៃអនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ ឬ​ហៅ​កាត់​ថា UNCLOS។​

«សម្រាប់​ពួក​យើង​ រឿង​ក្តី​ពួក​យើង​ គឺ​មិន​មែន​ទាក់ទង​នឹង​រឿង​អធិបតេយ្យភាព​លើ​ទឹកដី​នោះ​ទេ​ ប៉ុន្តែគ្រាន់​តែ​គ្រាន់​តែ​ទាក់ទង​នឹង​ការ​បកស្រាយ​អំពី​សិទ្ធិ​ទទួល​បាន​ក្នុង​ដែន​សមុទ្រ​ ដែល​ស្ថិត​ក្នុង​ការ​សមត្ថកិច្ច​វិនិច្ឆ័យ​ដ៏​ពិត​ប្រាកដ​របស់​តុលាការ»។​

ប្រទេស​ហ្វីលីពីន​ផ្តល់​អំណះអំណាង​ថា ​ការ​ទាមទារ​របស់​ប្រទេស​ចិន​លើ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​តែ​ទាំង​ស្រុង​នោះ ​ជា​ «អំពើ​ហួស​ប្រមាណ​ ជា​ការ​បំផ្លើស​ និង​ពុំ​មាន​មូលដ្ឋាន​តាម​ច្បាប់​អន្តរជាតិ​ទេ»។​

រដ្ឋាភិបាល​ទី​ក្រុង​ម៉ានីល​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​បញ្ហា​ថ្ម​ប៉ប្រះ​ទឹក​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចូល​កាន់កាប់​នៅ​ក្នុង​ដែន​ទឹក​ដែល​រដ្ឋាភិបាល​ក្រុង​ម៉ានីលថា​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ (EEZ) ​របស់​ខ្លួន។ ប្រទេស​ចិន​បាន​និយាយ​ថា​ ខ្លួន​មាន​ «អធិបតេយ្យភាព​ដែល​មិន​អាច​ប្រកែក​បាន»​ លើ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ បើ​យោង​តាម​ទិន្នន័យ​ប្រវត្តិសាស្រ្ត​នោះ។​

សមុទ្រ​ចិន​ខាងត្បូង​គឺ​សម្បូរ​ទៅ​ដោយ​មច្ឆាជាតិ​ មាន​ផ្ទុក​អណ្តូង​ប្រេង​និង​ឧស្ម័នដ៏​មហាសាល​និង​ជា​ផ្លូវ​ដឹក​ជញ្ជូន​នាវាចរណ៍​ដឹក​ជញ្ជូន​ទំនិញ​ដែល​មាន​តម្លៃ​រាប់​លាន​លាន​ដុល្លារ។​ ប្រទេស​ព្រុយណេ​ ម៉ាឡេស៊ី​ តៃវ៉ាន់​និង​វៀតណាម​ក៏ប្រកួត​ប្រជែង​ទាមទារ​តំបន់​នោះ​ផង​ដែរ។​

ប្រទេស​ចិន​បាន​ប្រែ​ក្លាយ​ថ្ម​ប៉ប្រះ​ទឹក​ចំនួន​៧​ ដែល​ភាគ​ច្រើន​សិ្ថត​ក្នុង​ពាក្យ​បណ្តឹង​របស់​ប្រទេស​ហ្វីលីពីន​ ឲ្យ​ទៅ​ជា​កោះ​សិប្បនិម្មិត។​

ភាគី​ហ្វីលីពីន​នឹង​មិនបាន​ប្រឈម​មុខ​ជាមួយ​នឹង​អ្នកតំណាង​ចិន​នៅ​តុលាការ​អាជ្ញាកណ្តាល​អចិន្រ្តៃយ៍​នោះ​ទេ​ ដោយ​សារ​តែ​ប្រទេស​ចិន​នៅ​សប្តាហ៍​នេះ​បាន​ច្រានចោល​មិន​ទទួល​ស្គាល់​រឿង​ក្តី​នេះ​ ហើយ​បដិសេធ​មិន​ចូលរួមក្នុង​តុលាការ​អាជ្ញា​កណ្តាល​ទាក់ទិន​នឹង​បញ្ហា​នេះ​នោះ​ទេ។​ កាល​ពី​សប្តាហ៍​មុន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ហៅ​ពាក្យ​បណ្តឹង​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ មុន​ពេល​ក្តី​នេះ​ឈាន​ទៅ​ដល់​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​នៅ​ទីក្រុង​ឡា​អេ​ថា​ជា​«ការ​បង្ក​ហេតុ​ខាង​នយោបាយ»។​

បើ​ទោះ​បី​ជា​ចិន​មិន​ចូល​រួម​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​របស់​អាជ្ញាកណ្តា​ល​ក៏​ពិត​មែន​ក្តី​ ចិន​បាន​ចេញ​ផ្សាយ​ជំហរ​ជា​លាយលក្ខណ៍​អក្សរ​មួយ​ កាលពី​ចុង​ឆ្នាំ​មុន​ដោយ​អះអាង​ថា​ ការ​ទាមទារអធិបតេយ្យភាព​ទឹក​ដី​គឺ​ហួស​ពី​ដែន​សមត្ថកិច្ច​របស់គណៈ​វិនិច្ឆ័យ​អាជ្ញាកណ្ដាល។​

ដើម​ឡើយ​ប្រទេស​ហ្វីលីពីន​ បាន​សុំ​ឲ្យ​គណៈ​វិនិច្ឆ័យ​សម្រេចអំពី​ទាំង​បញ្ហាយុត្តាធិការ​ផង​ និង​បញ្ហា​ការ​ទាមទារ​ដែន​សមុទ្រ​របស់​ចិន​ជា​ការ​ស្រប​ច្បាប់​ដែរ​ឬ​ទេ​នោះ​ផង​ នៅ​ក្នុង​រឿង​ក្តី​តែ​មួយ។​ ប៉ុន្តែ​ចៅក្រម​បែរ​ជា​ បំបែក​រឿង​ទាំងពីរ​នេះ​ឲ្យ​ដាច់​ពី​គ្នា ដោយ​ផ្អែកលើ​ឯកសារ​គោលជំហរ​របស់​ចិន​ទៅ​វិញ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដែល​ចេញ​ផ្សាយ​កាលពី​ខែ​មេសាគណៈវិនិច្ឆ័យ​របស់​តុលាការ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​ចាត់​ទុកឯកសារ​ចេញ​ផ្សាយ​ទាំង​អស់របស់​ចិន​ថា​ជា​អំណះអំណាង​ការពារ​ខ្លួន​លើ​រឿង​ក្តី​នេះ។​

លោក Carl Thayer ជា​អ្នក​វិភាគ​ផ្នែក​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មក​ពី​សាកលវិទ្យាល័យ​ New​ South​ Wales​ ប្រទេស​អូស្ត្រាលី​ និង​ធ្វើការ​នៅ​បណ្ឌិត​សភា​កងទ័ព​ប្រទេស​អូស្រ្តាលី។ លោក​និយាយ​ថា​ សាលា​ក្តី​នេះ​ទំនង​ជា​នឹង​យក​បញ្ហា​ប្រឈម​លក្ខណៈ​ផ្លូវ​ច្បាប់​មក​ដោះស្រាយ។

«ប៉ុន្តែ​ថា​តើ​ពួក​គេ​នឹង​ហ៊ាន​ធ្វើ​សេចក្តី​សម្រេច​ដ៏​លំបាក​នេះ​ដែរ​ឬទេ​ គឺជា​សំណួរ​មួយ​ផ្សេង​ទៀត​ ហើយ​ថា ​តើ​ពួក​គេ​នឹង​ធ្វើ​សេចក្តី​សម្រេច​ឲ្យ​ដាច់​ស្រឡះ​តែ​ម្តង​ ឬ​ថា​ តើ​ពួកគេ​នឹង​ធ្វើ​សេចក្តី​សម្រេច​តាម​ផ្លូវ​ច្បាប់​លើ​ចំណុច​តូច​ចង្អៀត​ប៉ុណ្ណោះ​ ដែល​នឹង​គាំទ្រ​ចិន​បន្តិច​និង​គាំទ្រ​ហ្វីលីពីន​បន្តិច​ផង​នោះ (យើង​មិន​ទាន់​ដឹង​ទេ)‍»។​

លោក​ Thayer​ និយាយ​ថា​ សារៈសំខាន់​នៃ​រឿងក្តី​នេះ​គឺ​ថា​ វា​គឺ​ជា​ការ​ធ្វើ​តេស្ត​តាម​រយៈ​ផ្លូវ​ច្បាប់​អំពី​ជំហរ​របស់​ចិន។ ប៉ុន្តែ​លោក​ក៏​បាន​កត់​សម្គាល់​ថា​បើ​ទោះ​បី​ជា​សាលា​ក្តី​ចេញ​សេចក្តី​សម្រេច​នៅ​ក្នុង​រឿង​ក្តី​នេះ​ ហើយ​វា​មាន​ចំណង​ផ្លូវ​ច្បាប់​ក៏​ដោយ​ ក៏​នៅ​តែ​ពុំ​មាន​ការ​ដាក់​ឲ្យ​មាន​ការ​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​នោះ​ទេ។​

លោក​ Jose​ និយាយ​ថា​ ប្រសិន​បើ​តុលាការ​កំណត់​ឲ្យ​ជាក់​ច្បាស់​ថា​ ខ្លួន​មាន​យុត្តាធិការ​ក្នុង​រឿង​នេះ​នោះ​ តុលាការ​នឹង​កំណត់​ពេល​បើក​សវនាការ​លើ​អង្គ​សេចក្ដី​នៃ​រឿង​ក្តីរបស់​ប្រទេស​ហ្វីលីពីន​នេះ៕

ប្រែ​សម្រួល​ដោយ​ ស្រេង លក្ខិណា​

XS
SM
MD
LG