ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​ ហ្វីលីពីន ​​ជំទាស់​នឹង​សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

  • Simone Orendain

សមាជិក​ម្នាក់​នៃ​ក្រុម​ប្រតិបត្តិការ​ពិសេស​កង​នាវា​ហ្វីលីពីន​ឈរ​ឲ្យ​ថត​រូប​នៅ​ក្បែរ​ឧទ្ធម្ភាគចក្រ​ហ្វីលីពីន​ Agusta Westland 109 នៅ​លើ​នាវា​ចម្បាំង​ BRP Gregorio del Pilar (PF15) នៅ​ផែ​ទីក្រុង​ម៉ានីល​​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៤។

ប្រទេស​ហ្វីលីពីន​កំពុង​ងាក​ទៅ​សម្ព័ន្ធ​ភាព​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​តាម​ដាន​សកម្មភាព​ចាក់​ខ្សាច់​របស់​ប្រទេស​ចិន​ក្នុង​ប្រជុំ​កោះ​ដែល​មាន​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

ក្រុម​មន្រ្តី​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ពង្រឹង​សម្ព័ន្ធភាព​ជា​យុទ្ធសាស្រ្ត ​ក្នុង​អំឡុង​ពេល​២​ថ្ងៃ​នៃ​កិច្ច​ពិភាក្សា​ទ្វេ​ភាគី​លើ​វិស័យ​ពាណិជ្ជកម្ម​និង​ការពារជាតិ​ ដែល​បាន​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ពុធ​នេះក្នុង​ទីក្រុង​ម៉ានីល។

សន្តិសុខ​ដែន​សមុទ្រ​ត្រូវ​បាន​ផ្តោត​សំខាន់​នៅ​ក្នុង​របៀប​វារៈ​ ក៏​ដូច​ជា​ការព្រួយ​បារម្ភ​អំពី​សកម្មភាព​ចាក់​ខ្សាច់​លើ​តំបន់​ទឹក​រាក់​និង​ថ្ម​ប៉ប្រះ​ទឹក​ដែល​កំពុង​តែ​បន្តធ្វើ​ឡើង​ដោយ​ប្រទេស​ចិន​ក្នុង​ប្រជុំ​កោះ Spratly ដែល​ប្រទេស​ហ្វីលីពីន​បាន​អះអាង។

កាល​ពី​ខែ​មុន មេ​បញ្ជាការ​យោធា​ហ្វីលីពីន​បាន​និយាយ​ថា​ យោង​តាម​ព័ត៌មាន​ស៊ើបការណ៍​ សកម្មភាពនៅតំបន់​ថ្ម​ផុស​មួយ​ ដែល​ត្រូវ​បាន​ឱ្យ​ឈ្មោះ​ថា​ តំបន់​ថ្ម​ប៉ប្រះ​ទឹក Fiery Cross ​អាច​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ។

អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន លោក Pio Lorenzo Batino បាន​ហៅ​សកម្មភាព​បន្តបន្ទាប់នៅ​ឯ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ ដែល​កាល​ពី​វិច្ឆិកា​បាន​លេច​ចេញ​ជា​រូបរាង​ដូច​ជា​សាងសង់​ពង្រីក​សម្រាប់​ផ្លូវ​ហោះហើរមួយ ​ថា​ជា​ «ការ​ព្រួយ​បារម្ភ​ដ៏​ខ្លាំង​មួយ»។ ប៉ុន្តែ​ប្រទេស​ហ្វីលីពីន​ គឺ​ជា​ប្រទេស​ដែល​មាន​កញ្ចប់​ថវិការតិច​តួច​បំផុត​មួយ​សម្រាប់​វិស័យ​យោធា​នៅ​ក្នុង​ទ្វីប​អាស៊ី ហើយ​គ្មាន​អំណាច​ក្នុង​ការ​បញ្ឈប់​សកម្មភាព​នោះ​ទេ។

«យើង​ត្រូវ​តែពង្រឹង​សមត្ថភាព​របស់​ពួក​យើង ហើយ​វា​អាច​ធ្វើ​ទៅ​រូច​តាម​រយៈ​ការធ្វើ​ទំនើបរូបនីយកម្ម​។ ជា​ការពិត​ណាស់ នេះ​ជា​ការសម្រេចឲ្យ​បាននូវទំនើប​រូបនីយកម្ម​ចាំបាច់ដែល​យើង​ត្រូវ​អនុវត្ត​កាល​ពី​ដើម​ឡើយ»។

ឧបការី​រដ្ឋមន្ត្រី​ការពារ​ប្រទេសសហរដ្ឋ​អាមេរិក​លោក David Shear បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​ថា កញ្ចប់​ថវិកា​ឆ្នាំ​២០១៥​របស់​ក្រសួង​លោក​រួម​មាន ទឹក​ប្រាក់​៤០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជា​កម្ចី​និង​ជំនួយ​យោធា​សម្រាប់​ប្រទេស​ហ្វីលីពីន។

ប្រទេស​ហ្វីលីពីន​កំពុង​ស្ថិត​នៅ​ការអនុវត្ត​ផែនការ​៥ឆ្នាំ​នៃ​ទំនើបរូនីយកម្ម​យោធា​ដែល​មាន​ទឹក​ប្រាក់​ ១.៨ពាន់​លាន​ដុល្លារ​ ប៉ុន្តែ​ប្រទេស​នេះ​នៅ​តែ​មាន​កងនាវា​និង​អាកាស​ក្នុង​ទ្រង់ទ្រាយ​តូច​ បើ​ប្រៀបនឹង​ប្រទេស​ជិត​ខាង​របស់​ខ្លួន។

ដោយ​មាន​ការកង្វះ​ខាត​ផ្នែក​យោធា រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​ជ្រើស​រើស​ផ្លូវ​ការ​ទូត​ជំនួស​វិញ។ តុលាការ​អន្តរជាតិ​កំពុង​តែ​ពិនិត្យ​ករណី​ រឿងក្តី​វិនិច្ឆ័យរបស់​ខ្លួន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​ចោទ​សួរ​នូវ​អ្វី​ដែល​ខ្លួន​បាន​ហៅ «ការទាមទារ​ហួស​ហេតុ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង» ​របស់ប្រទេសចិន។ ប្រទេស​ចិន​បាន​បដិសេធ​ការវិនិច្ឆ័យនោះ​និង​មិន​ដាក់​ឯកសារ​យោងណា​មួយទៅ​កាន់​តុលាការ​វិនិច្ឆ័យអចិន្រ្តៃយ៍នៅ​ទីក្រុង​ឡាអេ​នេះ​ទេ។​

ប្រទេស​ចិន​បាន​លើកឡើង​ដដែល​ៗ​ថា ខ្លួនមាន «អធិបតេយ្យ​ភាព​ដែនដី​ដោយ​ឥត​ប្រកែក​បាន​» នៅ​លើ​តំបន់​សមុទ្រ​និង​ថ្ម​ប៉ប្រះ​ទឹក​ទាំង​អស់​នោះ​។

ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Daniel Russel បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​យ៉ាង​ជាប់​លាប់​ឲ្យ​ប្រទេស​ចិន​គោរព​តាម​សេចក្តី​ថ្លែងការណ៍​មិន​ជាប់​ចំណង​ច្បាប់​មួយ​ដែល​ខ្លួន (ប្រទេសចិន)​ បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ដោយ​ព្យាយាម​រក្សា​សន្តិភាព​នៅ​ខណៈពេល​មាន​បណ្ដឹងប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ដើម្បី​អនុវត្ត​តាម​ច្បាប់​អន្ដរជាតិ​ជា​មូលដ្ឋាន​សម្រាប់​ការទាមទារ​អធិបតេយ្យ​ភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​សមុទ្រ​ដ៏​សំបូរ​ធនធាន​មួយ​នេះ។

«ឥរិយាបថ​ដែល​បង្កើន​ភាព​តាន​តឹង ឥរិយាបថ​ដែល​បង្ក​ឲ្យ​មាន​ការ​ចោទ​សួរ​អំពី​គោល​បំណង​របស់​ប្រទេស​ចិន​ និងឥរិយាបថ​ដែល​ទំនង​ជា​មិន​ស្រប​តាម​គោលការណ៍​ដែល​ខ្ញុំ​បាន​រៀប​រាប់ មាន​លក្ខណៈ​ប្រឆាំង​គោល​បំណង​ទាំង​នោះ»។​

អនុ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ហ្វីលីពីន Evan Garcia បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​ម៉ានីល​កំពុង​ស្វែងរក​ «ដំណោះស្រាយ​ដោយ​សន្តិវិធី» ហើយ​សកម្មភាព​ទាម​ទារ​របស់​ចិន​លើ​កោះ​ដែល​មាន​ជម្លោះ​គឺ «មិន​មែន​ជា​ដំណើរ​ការ​ទៅ​មុខ​ប្រកប​ដោយ​វិជ្ជមាន»​ ឡើយ៕​

ប្រែ​សម្រួល​ដោយ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG