នៅថ្ងៃច័ន្ទនេះសហរដ្ឋអាមេរិកនិងប្រទេសហ្វីលីពីន បានចាប់ផ្តើមសមយុទ្ធខាងយោធាដ៏ធំបង្អស់រួមគ្នាមួយនៅក្នុងរយៈពេល១៥ឆ្នាំ ដោយផ្តោតលើការធ្វើឲ្យប្រសើរឡើងនូវការរៀបចំនៅក្នុងតំបន់។
សមយុទ្ធប្រចាំឆ្នាំនៅឆ្នាំនេះមានរយៈពេល១០ថ្ងៃហៅថា Balikatan ឬស្មាប្រកៀកស្មា មានទំហំ២ដងធំជាងកាលពីឆ្នាំទៅ ដោយមានកងទ័ព១១ ០០០នាក់មកពីប្រទេសទាំង២។
សមយុទ្ធដែលពង្រីកកាន់តែធំឡើងនេះ ជាផ្នែកមួយនៃកម្មវិធី Pacific Pathway របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលជាកិច្ចខំប្រឹងប្រែងដើម្បីជំរុញវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅក្នុងការប្រឈមការវាតទីទឹកដីដ៏ឆាប់រហ័សរបស់ចិនក្នុងសមុទ្រចិនខាងត្បូង។
សកម្មភាពវាតទីដ៏ឆាប់រហ័សរបស់ចិននៅជុំវិញតំបន់ថ្មប៉ប្រះទឹកនៅប្រជុំកោះ Spratly បានធ្វើប្រទេសទាមទារផ្សេងទៀតមានការភ្ញាក់ផ្អើល រួមទាំងប្រទេសហ្វីលីពីននិងវៀតណាម។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មានការព្រួយកង្វល់ថា ចិន កំពុងបញ្ចេញសាច់ដុំរបស់ខ្លួនដាក់ប្រទេសតូចៗនៅក្នុងសមុទ្រដែលមានជម្លោះនោះ។
លោកឧត្តមនាវី Alexander Lopez នាយកសមយុទ្ធយោធាហ្វីលីពីន Balikatan បាននិយាយថា «សមយុទ្ធប្រចាំឆ្នាំនេះបានវិវត្តន៍ ដើម្បីឆ្លើយតបការផ្លាស់ប្តូរបរិយាកាសដ៏សំខាន់ដែលប្រទេសយើងទាំង២បានផ្សារភ្ជាប់គ្នា។ សមយុទ្ធនេះ ក៏គាំទ្រគោលដៅរបស់កងកម្លាំងហ្វីលីពីនដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន លើកស្ទួយកងទ័ពប្រទេសទាំង២»៕