ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​អាមេរិក ​Pfizer​ ថា​ទិន្នន័យ​​​ដំបូងៗ​បង្ហាញ​ថា​​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​របស់​ខ្លួន​មាន​ប្រសិទ្ធភាព


រូបឯកសារ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer។
រូបឯកសារ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer។

ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក Pfizer និយាយ​ថា ​ទិន្នន័យ​ដំបូងៗ​នៃ​ការ​សាកល្បងវ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ បាន​បង្ហាញ​ថា​ វ៉ាក់សាំងរបស់​ខ្លួនអាច​មានប្រសិទ្ធភាព​ ៩០% ក្នុង​ការ​ការពារ​ជំងឺ​កូវីដ១៩ ដែល​ជា​ការ​បង្ហាញ​ថា​ក្រុមហ៊ុននេះ​បាន​ដំណើរការ​តាម​គម្រោង​របស់ខ្លួន​ នៅចុង​ខែ​នេះ​ ដើម្បី​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាតពី​អាជ្ញាធរអាមេរិក ឲ្យ​គេ​អាចប្រើ​ប្រាស់​វ៉ាក់សាំង​នេះ ក្នុង​គ្រា​សង្គ្រោះបន្ទាន់​បាន។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ការ​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​មិន​មែនមាន​ន័យ​ថា ​វ៉ាក់សាំង​ប្រភេទ​នេះ​នឹង​ត្រូវ​ផលិត​ចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗនោះ​ទេ។​ នេះ​ជា​ការ​វិភាគ​បណ្តោះ​អាសន្ន​ដោយ​ក្រុមប្រឹក្សាត្រួត​ពិនិត្យទិន្នន័យ​ឯករាជ្យមួយ ដែល​បាន​វិភាគ​ទៅ​លើ​ការ​សិក្សានៃ​អ្នក​ជំងឺ​ឆ្លង​កូវីដ១៩ ចំនួន ​៩៤ នាក់​ ក្នុង​ចំណោមអ្នក​ចូលរួម​សាកល្បង​វ៉ាក់សាំង​ជិត​ ៤៤.០០០​ នាក់ ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​ក្នុង​ប្រទេស​ចំនួន​ ៥ ​ផ្សេង​ទៀត។

លោក​វេជ្ជបណ្ឌិត Bill Gruber អនុ​ប្រធាន​ជាន់​ខ្ពស់នៃ​ការ​បង្កើត​ថ្នាំ​ព្យាបាល​ថ្មីរបស់​ក្រុមហ៊ុន Pfizer បាន​បញ្ជាក់ថា​ «យើង​កំពុង​ស្ថិត​ក្នុងជំហាន​មួយ​ដែលអាច​ផ្តល់​នូវ​ក្តី​សង្ឃឹម​ខ្លះៗ។ យើង​មាន​ការ​លើកទឹក​ចិត្ត​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន​នេះ»។

ក្រុម​ហ៊ុនឱសថ Pfizer មិន​បាន​បញ្ជាក់​លម្អិត​បន្ថែម​ទេ​ ដោយរំឭក​ថា អត្រា​ប្រសិទ្ធភាព​ដែល​បង្ហាញនេះ​អាច​មាន​ការ​ប្រែ​ប្រួល​ ក្រោយ​ការ​សិក្សា​បាន​បញ្ចប់។ ជា​ទូទៅ​ ​ការ​បង្ហាញ​ពី​លទ្ធផលសិក្សា​បឋម​ដូច្នេះ​ជា​ករណី​ដែល​កម្រ​កើត​មាន។

វ៉ាក់សាំង​សាកល្បងផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក Pfizer ជាមួយក្រុមហ៊ុន​ដៃគូ BioNTech របស់​អាល្លឺម៉ង់​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​វ៉ាក់សាំង​សាកល្បង​ប្រមាណ​ ១០ ​នៅ​ជុំវិញ​ពិភពលោក ​ដែល​បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​សាកល្បង៕

XS
SM
MD
LG