ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃព្រហ្បតិ៍ថា ប្រទេសឥណ្ឌា កំពុងឈានទៅមុខយ៉ាងលឿនក្នុងការងារផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ខណៈពេលដែលក្រុមហ៊ុនផលិតឱសថដ៏ធំរបស់ប្រទេសអង់គ្លេស AstraZeneca លើកឡើងថា ការផលិតវ៉ាក់សាំងរបស់ខ្លួនមានការយឺតយ៉ាវបន្តិច នៅពេលដែលពិភពលោកទាំងមូល កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួននោះ។
វ៉ាក់សាំងត្រូវបានគេមើលឃើញថា ជាវិធីដ៏ល្អបំផុតក្នុងការទប់ស្កាត់វីរុសកូរ៉ូណា ដែលមកដល់ថ្ងៃព្រហស្បតិ៍នេះ បានឆ្លងដល់មនុស្សជាង៤៨ លាននាក់ និងសម្លាប់ជីវិតមនុស្សអស់ជាង១,២ លាននាក់នៅជុំវិញពិភពលោក។ ជំងឺរាតត្បាតនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវិតមនុស្សរាប់ពាន់លាននាក់ ចាប់តាំងពីវីរុសនេះ ត្រូវបានគេរកឃើញក្នុងប្រទេសចិន កាលពីខែធ្នូ ឆ្នាំមុនមក។
វ៉ាក់សាំងដែលគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា អាចត្រូវបានគេផលិតដាក់ឲ្យប្រើប្រាស់ នៅខែកុម្ភៈឆ្នាំក្រោយ ដែលលឿនជាងការគ្រោងទុករាប់ខែ ដោយសារការសាកល្បងក្នុងដំណាក់កាលចុងក្រោយ បានចាប់ផ្តើមនៅខែនេះ ហើយការសិក្សាបង្ហាញថា វ៉ាក់សាំងរបស់ឥណ្ឌានោះរហូតមកដល់ពេលនេះ មានសុវត្ថិភាពនិងប្រសិទ្ធិភាព នេះបើតាមអ្នកវិទ្យាសាស្រ្តជាន់ខ្ពស់របស់រដ្ឋាភិបាលម្នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមហ៊ុនផលិតឱសថឯកជនរបស់ឥណ្ឌា Bharat Biotech កំពុងបង្កើតវ៉ាក់សាំងការពារជំងឺកូវីដដែលមានឈ្មោះថា COVAXIN ដោយរួមសហការជាមួយរដ្ឋាភិបាលឥណ្ឌា ហើយសង្ឃឹមថា នឹងអាចដំណើរការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួននៅត្រីមាសទី២ ឆ្នាំក្រោយតែប៉ុណ្ណោះ។
អ្នកវិទ្យាសាស្រ្តជាន់ខ្ពស់ឥណ្ឌាលោក Rajni Kant ដែលជាសមាជិករបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់រដ្ឋាភិបាលឥណ្ឌាផងដែរនោះ បានឲ្យដឹងថា៖ «វ៉ាក់សាំងដែលផលិតដោយឥណ្ឌានេះ មានប្រសិទ្ធិភាពល្អ»។
នៅពេលនេះ មានវ៉ាក់សាំងសាកល្បងប្រមាណ៤៥ នៅជុំវិញពិភពលោក កំពុងត្រូវបានធ្វើតេស្តទៅលើមនុស្ស ហើយក្រុមហ៊ុនផលិតឱសថរបស់អាមេរិក Pfizer ថាខ្លួននឹងសុំការអនុញ្ញាតពីអាជ្ញាធរអាមេរិក ដែលនេះបើកឲ្យមានលទ្ធភាពអាចមានការផលិតវ៉ាក់សាំង និងដាក់ឲ្យប្រើប្រាស់ក្នុងសហរដ្ឋអាមេរិកនៅចុងឆ្នាំ២០២០ នេះ៕