ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហាវិទ្យាល័យ Imperial ក្នុង​ទីក្រុងឡុងដ៍​រើស​អ្នកស្ម័គ្រចិត្ត​មាន​សុខភាព​ល្អ ដើម្បី​ចម្លង​ជំងឺ​កូវីដ១៩ ហើយ​ធ្វើតេស្ត​សាកល្បង


រូបឯកសារ៖ អ្នកបច្ចេកទេសស្រាវជ្រាវលោក Jess O'Hara កំពុង​ដំណើរការ​ធ្វើតេស្ត​អង្គបដិប្រាណ​ដើម្បី​ឲ្យ​ដឹង​ថា តើ​ពួកវា​ជាប់​ទៅ​នឹង​វីរុស​ដែរ​ឬ​ទេ ដោយ​លោក​ធ្វើតេស្ត​នេះ នៅក្នុង​មន្ទីរពិសោធន៍​នៅ​មហា​វិទ្យាល័យ Imperial College ក្នុង​ទីក្រុងឡុងដ៍ កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកបច្ចេកទេសស្រាវជ្រាវលោក Jess O'Hara កំពុង​ដំណើរការ​ធ្វើតេស្ត​អង្គបដិប្រាណ​ដើម្បី​ឲ្យ​ដឹង​ថា តើ​ពួកវា​ជាប់​ទៅ​នឹង​វីរុស​ដែរ​ឬ​ទេ ដោយ​លោក​ធ្វើតេស្ត​នេះ នៅក្នុង​មន្ទីរពិសោធន៍​នៅ​មហា​វិទ្យាល័យ Imperial College ក្នុង​ទីក្រុងឡុងដ៍ កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋា​ភិបាលប្រទេស​អង់គ្លេស ​គាំទ្រ​ការធ្វើ​តេស្ត​សាក​ល្បង​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩ដែល​មាន​សក្តានុពល​មួ​យ​ ដែល​ក្នុង​នោះ​ មនុស្ស​ដែល​មាន​សុខ​ភាព​ល្អ​ ត្រូវ​ចម្លងវីរុស​នៃ​ជំងឺ​កូវីដ​១៩​ ដើម្បីពន្លឿន​នៃ​ដំណើរ​ការធ្វើ​តេស្ត​សាក​ល្បង​វ៉ាក់សាំង​នេះ​។

រដ្ឋាភិបាល​អង់គ្លេស​ បាន​ផ្តល់​ថវិកា​ចំនួន​៤៣,៥លានដុល្លារ​ ដើម្បី​គាំទ្រ​គម្រោង​នេះ​ ហើយ​ប្រសិន​បើ​ត្រូវ​បាន​យល់​ព្រម​ដោយ​ក្រុម​អ្នក​ត្រួត​ពិនិត្យ​ និង​គណៈ​កម្មាធិការ​ក្រម​សីលធម៌​នោះ​ គម្រោង​នេះ​ នឹង​ត្រូវ​ចាប់​ផ្តើមក្នុង​ខែ​មករាខាង​មុខ​នេះ ​ហើយ​លទ្ធផល​ត្រូវ​គេ​រំពឹង​ថា នឹង​កើត​មាន​នៅ​ខែ​ឧសភា​ ឆ្នាំ​២០២១​។

អ្នក​វិភាគស្រាវជ្រាវ​និយាយ​ថា​ គេ​កំពុងជ្រើស​រើសរក​អ្នក​ស្ម័គ្រ​ចិត្ត​អាយុ​រវាង​ពី​១៨​ ទៅ​៣០​ឆ្នាំ ដែល​មិនធ្លាប់​មាន​រោគ​សញ្ញា​ ឬប្រវត្តិ​ឆ្លង​ជំងឺ​កូវីដ១៩ ​និង​មាន​សុខភាព​ល្អ​។ ពួក​គេ​និយាយ​ថា​ ក្នុង​ដំណាក់​កាល​ដំ​បូង​នៃ​ការ​សាក​ល្បង​នោះ ​គោល​បំណង​សំខាន់​របស់​គេ​ គឺ​ការដាក់​ឲ្យ​មនុស្ស​នោះឆ្លង​វីរុស​នៃ​ជំងឺ​កូវីដ​១៩​ ​ក្នុង​កម្រិត​តិច​។​

នៅ​ពេល​ដែល​ដំណាក់​ដំបូង​នេះបាន​បញ្ចប់​ហើយ​នោះ​ អ្នក​ស្រាវ​ជ្រាវនឹង​សិក្សាថា​តើ​វ៉ាក់សាំង​នៅ​ក្នុង​ខ្លួននោះ​អាច​ដំណើរ​ការ​យ៉ាង​ដូច​ម្តេច​នៅ​ក្នុង​រាង​កាយ​មនុស្ស​ ដើម្បី​បញ្ឈប់​ ឬ​ការពារ​ជំងឺ​កូវីដ​១៩​ និង​ស៊ើប​អង្កេ​តពីលទ្ធភាព​នៃ​វិធី​ព្យាបាលផង​ដែរ​។

ហានិភ័យ​នៃ​អ្នក​ស្ម័គ្រ​ចិត្ត​ គឺ​ថានៅ​ពេល​ដែល​គេ​មាន​មេរោគ​ឆ្លង​ក្នុង​ខ្លួន​ហើយ​ ពេល​នោះ​ នឹង​មិន​មាន​ការ​ព្យាបាល​នោះ​ទេ។ អ្នកដឹកនាំ​គម្រោង​ស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ ​Imperial​ វេជ្ជបណ្ឌិត Chris Chiu (គ្រីស​ ជូ) ​លើក​ឡើង​ថា​ សុវត្ថិភាព​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ទទួលធ្វើ​ការ​សាក​ល្បង​ ជា​អទិភាព​ដំបូងដែល​ត្រូវ​គិត​គូរ។ លោក​ថា ​បើ​ទោះ​បី​ជា​ការសិក្សា​បែប​នេះ​ ជៀស​មិន​ផុត​ពី​ហានិភ័យដោយ​យថាហេតុ​ណា​មួយ​នោះ ​អ្នក​វិទ្យាសាស្រ្តនឹង​ធ្វើការឲ្យ​បាន​ម៉្មត់​ចត់​បំផុត​ ដើម្បីកំរិត​នូវ​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង៕

XS
SM
MD
LG