ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​អាមេរិក​​​​​ Eli Lilly ផ្អាក​ការ​សាក​ល្បង​ថ្នាំ​កូវីដ​១៩ ​ដោយ​ហេតុផល​សុវត្ថិភាព  


រូបឯកសារ៖ អ្នក​ស្រាវជ្រាវ​ម្នាក់​នៃ​ក្រុមហ៊ុន​ផលិត​ឱសថ Eli Lilly ធ្វើ​តេស្ត​ទៅ​លើ​អង់ទីករ​សម្រាប់​ជំងឺ​កូវីដ១៩ នៅ​ក្នុង​មន្ទីរពិសោធន៍​មួយ​ ក្នុង​ក្រុង Indianapolis សហរដ្ឋអាមេរិក ខែ​ឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នក​ស្រាវជ្រាវ​ម្នាក់​នៃ​ក្រុមហ៊ុន​ផលិត​ឱសថ Eli Lilly ធ្វើ​តេស្ត​ទៅ​លើ​អង់ទីករ​សម្រាប់​ជំងឺ​កូវីដ១៩ នៅ​ក្នុង​មន្ទីរពិសោធន៍​មួយ​ ក្នុង​ក្រុង Indianapolis សហរដ្ឋអាមេរិក ខែ​ឧសភា ឆ្នាំ២០២០។

ក្រុមហ៊ុន​ផលិត​ឱសថ​មួយ​ទៀតក្នុង​សហរដ្ឋ​អាមេរិក​ បានផ្អាក​ការ​ធ្វើ​តេស្ត​សាក​ល្បង​លើ​ថ្នាំព្យាបាល​ជំងឺ​កូវីដ​១៩ ដោយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព។

ក្រុមហ៊ុន​ឱសថ​ Eli Lilly (អ៊ីឡាយ លីលី) បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ថា​ ការ​ធ្វើ​តេស្ត​សាក​ល្បងថ្នាំ​ព្យាបាល​ប្រឆាំង​វីរុស​កូរ៉ូណា​ ត្រូវ​បាន​ផ្អាក​ដោយ​អ្នក​តាម​ដានត្រួត​ពិនិត្យ​ឯករាជ្យ​ ក្នុង​វិធានការ​នៃ​ការ​ប្រុង​ប្រយ័ត្ន​ជា​មុន ប៉ុន្តែ​មិន​បាន​លើក​បញ្ជាក់​ពី​ចំណុច​លម្អិត​នោះ​ទេ។

ឱសថ​ព្យាបាល​ជំងឺ​កូវីដ១៩​ ដែល​ក្រុមហ៊ុន​នេះ​កំពុង​ផលិត​ឡើង​ ជាមួយ​ក្រុមហ៊ុន​ជីវបច្ចេកវិទ្យា AbCellera របស់កាណាដា​នោះ ជា​ផ្នែក​មួយ​នៃវិធី​ព្យាបាលដោយ​ប្រើ​អង់ទីគ័រmonoclonal antibodies ដែលបង្កើត​ឲ្យ​មាន​កោសិកា​ការពារ​ក្នុង​រាង​កាយ​របស់​អ្នកជំងឺ​កូវីដ​១៩ ដែល​អ្នក​វិទ្យាសាស្រ្ត​សង្ឃឹម​ថា​ អាច​ជួយ​ទប់​ទល់ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បាន។ ប្រភេទ​ថ្នាំ​ព្យាបាល​នេះ មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ ទៅ​នឹង​ថ្នាំ​ដែលលោក​ប្រធានាធិបតី​អាមេរិក ​Donald Trump បាន​ទទួល​ព្យាបាល​ បន្ទាប់​ពី​លោក​ត្រូវ​បាន​រក​ឃើញ​ថាឆ្លងជំងឺ​កូវីដ​១៩​ កាល​ពី​ដើម​ខែ​តុលា​នេះ។​ ​

ការសិក្សា​ស្រាវជ្រាវផលិត​ឱសថ​នេះ ត្រូវ​បាន​ចាប់ផ្តើម​ក្នុង​ខែ​សីហា ហើយ​មាន​គោលដៅ​សាក​ល្បង​ទៅ​លើ​អ្នក​ជំងឺកូវីដ១៩​ចំនួន​ ១០.០០០នាក់​ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ក្នុង​សហរដ្ឋ​អាមេរិក។​

មួយ​ថ្ងៃ​មុន​ក្រុមហ៊ុន​នេះ​ផ្អាក​ការសាក​ល្បង​លើ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩​នោះ ក្រុមហ៊ុន​ផលិតឱសថ​មួយ​ផ្សេង​ទៀត​របស់​អាមេរិក​ ​គឺ​ក្រុមហ៊ុន Johnson & Johnson​ ក៏​បាន​ផ្អាក​ការ​សាក​ល្បងដំណាក់កាល​ចុង​ក្រោយ​នៃការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ ក្នុង​ទ្រង់​ទ្រាយ​ធំ​របស់​ខ្លួន​ផងដែរ ដោយ​សារ​តែ​មាន​អ្នក​ទទួល​វ៉ាក់សាំង​ម្នាក់​ បាន​ធ្លាក់​ខ្លួន​ឈឺ​ ដោយ​មិន​ដឹង​មូលហេតុ​ពិត​ប្រាកដ​នោះ៕​

XS
SM
MD
LG