ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ គ្រោះ​រាំងស្ងួត​ឥតស្បើយ​នៅ​អេត្យូពី​ជា​ឧទាហរណ៍​នៃ​ការ​ប្រែប្រួល​អាកាសធាតុ


រូបឯកសារ៖ អ្នកស្រុក​ឈរ​នៅ​ក្បែរ​សាក​សត្វ​ចៀម​ងាប់ នៅ​ក្នុង​ភូមិ Hargududo ប្រមាណ​៨០ គីឡូម៉ែត្រ​ពី​ទីក្រុង Gode ប្រទេស​អេត្យូពី កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២២។
រូបឯកសារ៖ អ្នកស្រុក​ឈរ​នៅ​ក្បែរ​សាក​សត្វ​ចៀម​ងាប់ នៅ​ក្នុង​ភូមិ Hargududo ប្រមាណ​៨០ គីឡូម៉ែត្រ​ពី​ទីក្រុង Gode ប្រទេស​អេត្យូពី កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២២។

គ្រោះ​រាំង​ស្ងួត​មិន​មែន​ជា​រឿង​ថ្មី​ទេ​នៅ​ទ្វីប​អាហ្រ្វិក តែ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា​គ្រោះ​រាំង​ស្ងួត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​មួយ​ដែល​បាន​សម្លាប់​សត្វ​គោ​ក្របី​និង​បំផ្លិចបំផ្លាញ​ផល​ដំណាំ​នៅ​ទូទាំង​ប្រទេស​អេត្យូពី កេនយ៉ា និង​សូម៉ាលី បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​គ្រោះ​រាំង​ស្ងួត​ដែល​កើតឡើង​កាន់តែ​ញឹកញាប់​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ។

អ្នកស្រី Hawo Abdi Wole បាន​ឆ្លងកាត់​គ្រោះ​រាំង​ស្ងួត​ជា​ច្រើន​ដង​មក​ហើយ​ក្នុង​រយៈ​ពេល ៧០ ឆ្នាំ​នៃ​ដំណើរ​ជីវិត​របស់​អ្នកស្រី។ ប៉ុន្តែ អ្នកស្រី​និយាយ​ថា​ទើបតែ​មក​ដល់​សព្វថ្ងៃ​នេះ​ទេ​ដែល​អ្នកស្រី​មិន​ឃើញ​ភ្លៀង​ធ្លាក់ ៤ រដូវ​ជាប់ៗ​គ្នា។

អ្នកស្រី Wole និយាយ​ថា អ្នកស្រី​ឃើញ​មាន​ភាព​ខុសគ្នា​យ៉ាង​ធំ។ អ្នកស្រី​ថា ពី​ដើម​គេ​ធ្លាប់​ឃើញ​ភ្លៀង​ធ្លាក់​ច្រើន​ជាង​នេះ​ហើយ​សត្វ​ពាហនៈ​ក៏​ផលិត​ទឹក​ដោះ​ច្រើន​ជាង​នេះ​ផង​ដែរ។

អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) របស់​អង្គការ​សហប្រជាជាតិ​កំពុង​ជួយ​ភូមិ​របស់​អ្នកស្រី​មិន​ត្រឹមតែ​ដើម្បី​ឱ្យ​រួចផុត​ពី​វិបត្តិ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​កសាង​ឡើង​វិញ​សម្រាប់​រយៈ​ពេល​វែង​ផងដែរ។

អង្គការ WFP នេះ​កំពុង​ជួយ​ជ្រោមជ្រែង​ដល់​ការ​ជីក​រណ្តៅ​រាង​ពាក់​កណ្តាល​រង្វង់​ប្រវែង​មួយ​ម៉ែត្រ​នៅ​លើ​ដី​ស្ងួត​ហួតហែង​ដើម្បី​ស្តុក​ទឹក​ទុក​ពេល​ភ្លៀង​ធ្លាក់ ដើម្បី​ឱ្យ​ស្មៅ​អាច​ដុះ​បាន​កាន់តែ​ល្អ​សម្រាប់​ធ្វើ​ជា​ចំណី​សត្វ​ពាហនៈ។

អ្នក​ភូមិ​ត្រូវការ​អន្តរាគមន៍​ដែល​សម្លឹង​ឆ្ពោះ​ទៅ​អនាគត​បែប​នេះ​យ៉ាងខ្លាំង។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​ការ​ប្រែប្រួល​អាកាសធាតុ​គឺ​ជា​ដើម​ចម​ដែល​នាំ​ឱ្យ​មាន​ស្ថានភាព​រាំង​ស្ងួត​កាន់តែ​ញឹកញាប់​នេះ​កើតឡើង។

លោក Abubakr Salih Babiker មក​ពី​អង្គការ​ឧតុនិយម​ពិភពលោក (WMO) ក្នុង​ប្រទេស​អេត្យូពី និយាយ​ថា៖ «អាកាសធាតុ​ក្នុង​តំបន់​នេះ​គឺជា​លទ្ធផល​នៃ​អ្វី​ដែល​កំពុង​កើតឡើង​នៅ​មហា​សមុទ្រ​ជិត​ខាង។ មាន​ការ​សិក្សា​ដែល​បាន​បង្ហាញ​ថា​តំបន់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​មហា​សមុទ្រ​ត្រូពិក​ដែល​ឡើង​កម្ដៅ​លឿន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ ដូច្នេះ វា​ឡើង​កម្ដៅ​យ៉ាង​លឿន​ក្នុង​រយៈពេល ១០០ ឆ្នាំ​កន្លង​មក​នេះ។ ដូច​ដែល​ខ្ញុំ​បាន​និយាយ​រួច​ហើយ ការ​ឡើង​កម្តៅ​នេះ​គឺ​ពាក់ព័ន្ធ​ជាមួយ​នឹង​រដូវ​រាំង​ស្ងួត​ចាប់​ពី​ខែ​មីនា​ដល់​ខែ​មិថុនា»។

ការ​ឡើង​កម្ដៅ​នេះ​ក៏​បណ្ដាល​ឱ្យ​មាន​ទឹក​ជំនន់​ផង​ដែរ​នៅ​ពេល​ដែល​ភ្លៀង​បាន​ចាប់ផ្តើម​ធ្លាក់​វិញ។ ព្រឹត្តិការណ៍​ទាំង​នេះ​មិន​គ្រាន់តែ​ជា​ឧទាហរណ៍​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ឧទាហរណ៍​នៃ​វិសមភាព​ផងដែរ។

លោក Habtamu Adam ដែល​ជា​អ្នក​ជំនាញ​ខាង​គោល​នយោបាយ​អាកាសធាតុ​នៅ​រដ្ឋធានី​អាឌីសអាបេបា ប្រទេស​អេត្យូពី បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​អ្នក​ប្រៀបធៀប​កម្រិត​បញ្ចេញ​ឧស្ម័ន​ពី​ការ​រួម​ចំណែក​របស់​យើង​នៅ​ក្នុង​បញ្ហា​ប្រែប្រួល​អាកាសធាតុ យើង​មិន​អាច​ប្រៀបធៀប​បាន​ទេ ពីព្រោះ​ការ​បញ្ចេញ​ឧស្ម័ន​ភាគ​ច្រើន​គឺ​ចេញ​ពី​ប្រទេស​អភិវឌ្ឍន៍»។

ប៉ុន្តែ ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​អេត្យូពី​ជាដើម​គ្មាន​ថវិកា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ទេ។

អង្គការ​ឧតុនិយម​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា តំបន់​ភាគ​ខាង​ត្បូង​វាលខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក (sub-Sahara) នឹង​ត្រូវការ​ថវិកា​រហូត​ដល់ ៥០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ បើ​គ្មាន​ថវិកា​នេះ​ទេ ចំនួន​ជន​ផ្លាស់ទី​លំនៅ​និង​ជន​ដែល​ត្រូវ​ការ​ជំនួយ​នឹង​មានតែ​បន្ត​កើនឡើង​តែ​ប៉ុណ្ណោះ។

លោក Ali Hussein មកពី​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់ Somali បាន​និយាយ​ថា៖ «យើង​ចាំបាច់​ត្រូវ​កសាង​ភាព​ធន់​របស់​សហគមន៍​ចំពោះ​បញ្ហា​ទាំង​នេះ ហើយ​ក្នុង​ន័យ​នេះ យើង​ចង់​ផ្តោត​សំខាន់​ទៅ​លើ​សកម្មភាព​ដែល​ធ្វើ​ឱ្យ​មាន​ភាព​បៃតង​ស្រស់​បំព្រង​ឡើង​វិញ ដូចជា​ការ​ជីក​រណ្តៅ​ពាក់​កណ្តាល​រង្វង់​ជាដើម ដើម្បី​ធ្វើ​ឱ្យ​តំបន់​រាំងស្ងួត​នេះ​ក្លាយជា​ដី​បៃតង​នៅ​ពេល​អនាគត ដែល​មាន​ប្រយោជន៍​សម្រាប់​ទាំង​សហគមន៍​និង​ទាំង​បសុសត្វ»។

គម្រោង​ទាំង​នេះ​នៅ​ជុំវិញ​តំបន់ Somali កំពុង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​ជោគជ័យ​និង​អាច​យក​ទៅ​ធ្វើ​ជា​គំរូ​ដើម្បី​ជួយ​ប្រជាជន​ច្រើន​ថែម​ទៀត។

លោក Ibrahim Kurbad Farah គឺ​ជា​មនុស្ស​វ័យ​ចំណាស់​មួយ​រូប​នៅ​ក្នុង​ភូមិ​មួយ​ដែល​ដី​នៅ​ក្នុង​ភូមិ​នោះ​ត្រូវ​បាន​ស្តារ​ឡើងវិញ​ដោយ​ការ​កសាង​ប្រឡាយ​ទឹក​ដែល​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​បង្វែរ​ទឹក​ចេញ​ពី​ស្ទឹង​និង​ទឹក​ភ្លៀង។

លោក​និយាយ​ថា​អ្នក​ភូមិ​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន។ ឥឡូវ​នេះ ពួកគេ​អាច​ធ្វើ​កសិកម្ម​និង​ប្រើប្រាស់​ស្មៅ​សម្រាប់​ចិញ្ចឹម​សត្វ ព្រមទាំង​ស្បូវ​សម្រាប់​ប្រក់​ដំបូល​ផ្ទះ​ជាដើម។ លោក​បាន​បន្ថែម​ថា​អ្នក​ភូមិ​ក៏​បាន​ប្រើប្រាស់​ទឹក​សម្រាប់​ផឹក ជាពិសេស​សម្រាប់​បសុសត្វ​ផងដែរ។

ខណៈ​ការ​សម្រប​ខ្លួន​មាន​សារៈ​សំខាន់​ចំពោះ​ការ​រស់រាន​និង​សុខុមាលភាព​របស់​សហគមន៍ អ្នក​វិទ្យាសាស្ត្រ​ខាង​អាកាសធាតុ​បាន​ព្រមាន​ថា​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​នៅតែ​ជា​អាទិភាព​នៅ​ក្នុង​ការ​បង្ការ​មិន​ឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ជាង​នេះ​កើតឡើង​នៅ​ពេល​អនាគត៕

ប្រែ​សម្រួល​ដោយ​លោក សាយ មុន្នី

XS
SM
MD
LG