ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​អេត្យូពី​ចាប់​ផ្ដើម​ផលិត​ថាមពល​អគ្គិសនី


រូបឯកសារ៖ ទំនប់វារី​អគ្គិសនី Grand Renaissance Dam របស់​អេត្យូពី កាល​ពីពេល​កំពុង​សាងសង់​នៅ​លើ​ទន្លេ​នីល​ ក្នុង​តំបន់ Benishangul Gumuz ប្រទេស​អេត្យូពី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ ទំនប់វារី​អគ្គិសនី Grand Renaissance Dam របស់​អេត្យូពី កាល​ពីពេល​កំពុង​សាងសង់​នៅ​លើ​ទន្លេ​នីល​ ក្នុង​តំបន់ Benishangul Gumuz ប្រទេស​អេត្យូពី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ​កុម្ភៈ​កន្លង​ទៅ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​នៃ​ប្រទេស​អេត្យូពី​បាន​ផ្សាយ​ថា ទំនប់​វារី​អគ្គិសនី​ Grand Ethiopian Renaissance Dam ដែល​ប្រទេស​នេះ​បាន​និង​កំពុង​សាង​សង់​នៅ​លើ​ដង​ទន្លេ​នីល​ខៀវ (Blue Nile River) នឹង​ចាប់​ផ្ដើម​ផលិត​ថាមពល​អគ្គិសនី​ជា​ផ្លូវការ​លើក​ដំបូង នៅ​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ។

វារីអគ្គិសនី​នេះ​ស្ថិត​ក្នុង​គម្រោងសាង​សង់​រយៈពេល​ ១០ ឆ្នាំ។ កាល​ពី​ដើម​ឡើយ ប្រទេស​អេត្យូពី​បាន​គ្រោង​បញ្ចប់​គម្រោង​សាងសង់​នេះ​នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ ប៉ុន្តែ​ដោយសារ​តែ​ភាព​ចម្រូង​ចម្រាស​ពី​សំណាក់​ប្រទេស​នៅ​តំបន់​ដង​ទន្លេ​ខាង​ក្រោម និង​បញ្ហា​ផ្ទៃ​ក្នុង ការ​សាងសង់​ទំនប់​នេះ​ត្រូវ​សម្រេច​បាន​ជា​បណ្ដើរ​ជាង ៨០ ភាគរយ​ប៉ុណ្ណោះ។ លោក Kifle Horo គឺជា​អ្នក​ចាត់​ការ​គម្រោងទំនប់​វារីអគ្គិសនី​នេះ។ លោក​បាន​បង្ហាញ​ព័ត៌មាន​ស្តី​អំពី​គម្រោង​នេះ​តាម​ទូរទស្សន៍​ជាតិ​ថា ថាមពល​អគ្គិសនី​ទាញ​ចេញ​ពី​វារី​អគ្គិសនី​មួយ​នេះ ​នឹង​ចាប់​ផ្ដើម​ប្រតិបត្តិការ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក​ Kifle Horo បាន​ថ្លែង​ថា៖ «ទំនប់​នេះ​នឹង​ផលិត​ថាមពល​វារីអគ្គិសនី​ តែ​នេះ​មិន​មាន​ន័យ​ថា គម្រោង​សាង​សង់​ទំនប់​នេះ​បាន​បញ្ចប់​ហើយ​នោះ​ទេ។ ការ​បញ្ចប់​ការ​សាង​សង់​អាច​នឹង​ត្រូវ​ការ​ពេល​ពី ២ ទៅ ៣ ឆ្នាំ ទៀត។ គម្រោង​នេះ​ត្រូវ​បាន​ប្រតិបត្តិការ និង​ចំណាយ​ថវិកា​ទាំង​ស្រុង​ដោយ​ពលរដ្ឋ​ និង​រដ្ឋាភិបាល​អេត្យូពី។ ដូច្នេះ ខ្ញុំ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​អស់​បន្ត​ចូលរួម​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​គម្រោង​នេះ​តទៅ​ទៀត​ រហូត​ដល់​វា​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ»។

លោក Horo បន្ត​ថា ប្រទេស​នៅ​តាម​ដង​ទន្លេ​ខាង​ក្រោម​ដែល​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​នេះ​ដោយ​ភ័យ​ខ្លាច​បាត់​បង់ទឹក​ពី​ទន្លេនីល​នោះ ពួក​គេ​មិន​រង​ផល​ប៉ះពាល់​អ្វី​ឡើយ។

ប្រទេស​អេត្យូពី​បាន​ចាក់​ដី​បំពេញ​អាង​ស្តុក​ទឹក​ដើម្បី​បង្កើត​បាន​ជា​ទំនប់​នេះ​អស់​រយៈពេល ២ ឆ្នាំ​ហើយ​ ដែល​ធ្វើ​ឡើង​ក្នុង​រដូវ​វស្សា ហើយ​ការ​ចាក់​ដី​បំពេញ​អាង​លើក​ទី២ ធ្វើ​ឡើង​កាលពី​ខែ​កក្កដា ឆ្នាំ ២០២១។ ខណៈ​ពេល​ដែល​ការ​សាងសង់​នៅ​តែ​បន្ត វា​អាច​ត្រូវ​ការ​ពេល​ជា​ច្រើន​ឆ្នាំ​ទៀត​ ដើម្បី​ចាក់​ដី​បំពេញ​អាង​នេះ​ឲ្យ​ខ្ពស់។

ក៏​ប៉ុន្តែ​ប្រទេស​នៅ​តាម​ដង​ទន្លេ​ខាង​ក្រោម ដូចជា​អេហ្ស៊ីប និង​ ស៊ូដង់ ជា​ដើម ​ព្រួយ​បារម្ភ​ជា​ខ្លាំង។ កាល​ពី​ខែ​កក្កដា ឆ្នាំ ២០២១ ប្រទេស​អេហ្ស៊ីប​បាន​ប្ដឹង​ទៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដោយស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ​លើការ​ចាក់​ដី​បំពេញ​អាង​ស្តុក​ទឹក​នេះ។ អេត្យូពី​បាន​ប្រឆាំង​ទៅ​នឹង​បន្ដឹង​នោះ​ ហើយ​ទទូច​ថា សហភាព​អាហ្វ្រិក​គឺ​ជា​ស្ថាប័ន​តែ​មួយ​គត់​ដែល​មើល​ការ​ខុស​ត្រូវ​លើ​ការ​ចរចា​នានា​រវាង​ប្រទេស​ទាំង​ ៣ ដែល​ពាក់​ព័ន្ធ​នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ទី ១៨ កុម្ភៈ​កន្លង​ទៅថា បច្ចុប្បន្ន​នេះ ទុរប៊ីន (ឬ​ឧបករណ៍​បង្វិល​កង្ហាល់) មួយ​ក្នុង​ចំណោម​ទុរប៊ីន​ទាំង ១៣ កំពុង​ផលិត​ចេញ​ជា​ថាមពល​អគ្គិសនី​ហើយ។ ទំនប់​វារី​អគ្គិសនី​នេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ផលិត​ថាមពល​អគ្គិសនី​បាន​ចាប់​ពី​ ៥ ពាន់​មេហ្គាវ៉ាត់ នៅ​ពេល​ការ​សាង​សង់​ត្រូវ​បាន​បញ្ចប់​រួចរាល់។ យ៉ាងណា​ក៏ដោយ ប្រទេស​អេហ្ស៊ីប និង ស៊ូដង់ ប្រឆាំង​ទៅ​នឹង​ការ​សាង​សង់​នេះ ដោយ​អះអាង​ថា ជីវិត​ពលរដ្ឋ​របស់​ពួក​គេ​នឹង​ត្រូវ​រង​ការ​ប៉ះ​ពាល់ ដោយសារ​តែ​ការ​បែង​ចែក​ទឹក។

ប៉ុន្តែ អេត្យូពី​បាន​ទទូច​ថា ខ្លួន​ពិត​ជា​ត្រូវ​ការ​ថាមពល​អគ្គិសនី​ពី​ទំនប់​នេះ​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​របស់​ខ្លួន។ ប្រជាជាតិ​ដែល​មាន​ចំនួន​ប្រជាជន​ជាង ១១០ លាន​មួយ​នេះ​ ក៏​បាន​អះអាង​ដែរ​ថា ពលរដ្ឋ​របស់​ខ្លួន​ជិត​ ៦០ ភាគរយ​ នៅមិន​ទាន់​មាន​អគ្គិសនី​ប្រើ​ប្រាស់​នៅ​ឡើយ ហើយ​ទំនប់​នេះ​នឹង​ពង្រីក​លទ្ធភាព​ទទួល​បាន​អគ្គិសនី​ដល់​ពលរដ្ឋ​អេត្យូពី​ជា​ច្រើន​គ្រួសារ៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG