«អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល»៖ ភាគទី ១
រាយការណ៍ដោយ ស៊ុន ណារិន និង លាស់ លីបលីប
កំណត់និពន្ធ៖ ក្នុងអំឡុងពេលជិតមួយទសវត្សរ៍កន្លងទៅនេះ ការប្រែប្រួលអាកាសធាតុបាននិងកំពុងផលប៉ះពាល់ជាច្រើន ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ និងប្រជានេសាទនៅកម្ពុជា ដែលភាគច្រើនពឹងផ្អែកលើកត្តាធម្មជាតិក្នុងការបង្កបង្កើតផលកសិកម្ម និងប្រមូលជលផលជាប្រចាំថ្ងៃ។
ជាក់ស្តែង ប្រជាពលរដ្ឋរស់នៅក្បែរដៃសមុទ្រក្នុងខេត្តជាប់មាត់សមុទ្រ កំពុងរងគ្រោះដោយសារទឹកប្រៃជ្រៀតចូលស្រែរបស់ពួកគេ ដែលជាវិបត្តិអាកាសធាតុ នៅពេលកម្តៅផែនដីកើនឡើង ដែលបណ្តាលឲ្យកម្ពស់ទឹកសមុទ្រកើនឡើងជាបន្តបន្ទាប់។ ប្រជាកសិករនៅតំបន់ទាំងនោះអះអាងថា ស្រែរបស់ពួកគេបានខូចខាតជារៀងរាល់ឆ្នាំ ហើយជំនន់ទឹកប្រៃកើនឡើងកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
សម្រាប់ភាគទី ១ នៃសេចក្តីរាយការណ៍លម្អិតដែលមានចំណងជើងថា «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» អ្នករាយការណ៍របស់វីអូអេបានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ និងខេត្តកំពត ដែលនៅទីនោះប្រជាពលរដ្ឋមួយចំនួនកំពុងប្រឈមនឹងផលប៉ះពាល់ដែលមិនអាចស្មានទុកមុននៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍនានា។
ភូមិជំពូខ្មៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ — ពីរបីឆ្នាំជាប់គ្នាហើយ ដែលអ្នកស្រី ង៉ែត ស្រី កសិករធ្វើស្រែម្នាក់ក្នុងខេត្តព្រះសីហនុ ព្រួយបារម្ភអំពីការធ្វើស្រែមិនបានផល ដោយសារទឹកសមុទ្រជ្រៀតចូលដីស្រែរបស់អ្នកស្រី។
រស់នៅក្នុងភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ដែលស្ថិតនៅក្បែរតំបន់ព្រៃកោងកាង កសិករអាយុ ៥៨ឆ្នាំរូបនេះ ឲ្យដឹងថា ទឹកសមុទ្របានបំផ្លាញស្រែរបស់អ្នកស្រីកាន់តែធ្ងន់ធ្ងរពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីឆ្នាំ ២០២០ អ្នកស្រីបានបាត់បង់ទិន្នផលស្រូវស្ទើរទាំងស្រុងដោយសារទឹកប្រៃលិចស្រែរបស់អ្នកស្រី ២ហិកតាកន្លះ។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេ នៅផ្ទះរបស់អ្នកស្រីកាលពីដើមខែតុលាកន្លងទៅ កសិកររូបនោះបានរៀបរាប់ថា៖«ស្រែខ្ញុំលិចទឹកប្រៃចូលខូច ២ហិកតាកន្លះ ហើយអ្នកជិតៗ ខ្ញុំហ្នឹងខូចដែរ ម្នាក់ ២[ឬ] ៣ហិកតា»។
កម្ពុជាជាប្រទេសងាយរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុ។ កម្រិតទឹកសមុទ្រក៏ត្រូវបានព្យាករកើនឡើង ដោយសារការឡើងកម្តៅផែនដី ដែលជាក្តីបារម្ភសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរដៃសមុទ្រ ហើយជីវភាពរបស់ពួកគេពឹងផ្អែកលើការធ្វើស្រែ និងនេសាទ។
អ្នកស្រី ង៉ែត ស្រី ដែលមានកូន ៦នាក់ បានថ្លែងថា អ្នកស្រីបន្តព្រួយបារម្ភចំពោះការធ្វើស្រែជារៀងរាល់ឆ្នាំ ដោយសារបញ្ហាទឹកសមុទ្រឡើងនេះ។
អ្នកស្រីបញ្ជាក់ថា៖ «ហើយឥឡូវដឹងធ្វើម៉េច!ឲ្យ[អាជ្ញាធរ]ជួយឲ្យចាក់ទំនប់ចាក់អីឲ្យ កុំឲ្យទឹកប្រៃវាចូលទៀតហ្នឹង។ឥឡូវឆ្នាំនេះខ្លាចដែរហ្នឹងណាខ្លាចឆ្នាំនេះខូចទៀតអ៊ីចឹងពីព្រោះអីខូច ២ឆ្នាំរួចមកហើយ ខ្ញុំ។ ប៉ុន្តែឆ្នាំមុន [២០១៩] វាមិនសូវខូចច្រើនដូចឆ្នាំទៅទេណា។ ឆ្នាំទៅ [គឺ]ឆ្នាំ២០២០ ហ្នឹង គឺខូចខ្លាំង។ បើគិតថា ខ្ញុំធ្វើបានផលវា១០តោន[ ទំហំដី] ២ហិកតាកន្លះ ឥឡូវខូច បាន ២តោន[ស្រូវ]ហ្នឹង។ ១០តោន បានតែ ២តោនមិនរួចខ្លួន [ថ្លៃ]ដើម[និង] ពូជ[ស្រូវ]យើងផង ហើយបាត់ហើយ ៨តោនហ្នឹង»។
កសិកររូបនោះបានជួលដីស្រែរបស់គេចំនួន ២ហិកតាកន្លះ កាលពីឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ដើម្បីធ្វើស្រែបន្ថែមពីលើដីរបស់អ្នកស្រី ២ហិកតាកន្លះដូចគ្នា។ ប៉ុន្តែនៅក្នុងឆ្នាំ ២០២១ នេះ អ្នកស្រីឈប់ជួលដី ដែលមួយហិកតាត្រូវផ្តល់ស្រូវដល់ម្ចាស់ដីចំនួន ១តោន ក្នុងមួយឆ្នាំ។ ក្រោយពីទឹកប្រៃជ្រៀតចូលដីស្រែនោះត្រូវបានម្ចាស់ដើមលក់ឲ្យគេ ហើយបច្ចុប្បន្ននេះ ដីស្រែនោះត្រូវបានយកមកប្រើប្រាស់ដើម្បីចិញ្ចឹមបង្គាវិញ ដោយសារគុណភាពដីមិនអាចធ្វើស្រែបាន។
អ្នកស្រី ង៉ែត ស្រី ដែលរស់នៅតំបន់នោះជាង ២០ ឆ្នាំមកហើយ បញ្ជាក់ថា អាកាសធាតុបានប្រែប្រួលជាបន្តបន្ទាប់ ជាពិសេសបណ្តាលឲ្យមានជំនន់ទឹកប្រៃ ដែលប៉ះពាល់ស្រែរបស់អ្នកភូមិរស់នៅក្បែរព្រែកសមុទ្រ។
អ្នកស្រីប្រាប់វីអូអេថា៖ «អាកាសធាតុប្រែប្រួលក្តៅ គឺក្តៅខ្លាំងអ៊ីចឹងទៅ។ ជួនណា ភ្លៀងខុសធម្មតាអ៊ីចឹង ហើយទឹកនៅហ្នឹងមិនដែលលិចទេ។ [ហើយកាល]ពីឆ្នាំទៅលិចដល់តែ ៣ដង។ ហើយឆ្នាំហ្នឹងគេអត់បិទហុងទេ [ទំនប់មាត់ទ្វារទឹក] ប៉ុន្តែអត់បានលិចទេ។ ពីឆ្នាំទៅ គេបិទហុងលិច ៣ដង នៅកន្លែងខ្ញុំហ្នឹង។ ប៉ុន្តែឆ្នាំនេះអត់ទាន់បានលិចទេ»។
រស់នៅមិនឆ្ងាយប៉ុន្មាន លោក សន ទូច អាយុ ៦០ឆ្នាំ ដែលជាអ្នកជិតខាងរបស់អ្នកស្រី ង៉ែត ស្រី ដែរ បានឲ្យដឹងថា ស្រែរបស់លោកប្រមាណ ៣ហិកតា ក៏រងគ្រោះដោយសារទឹកប្រៃជ្រៀតចូលដូចគ្នា។
តាំងពីយូរលង់មកហើយ បួនដប់ម្ភៃឆ្នាំមុន គឺអត់មានដូចសព្វថ្ងៃនេះទេ។ សព្វថ្ងៃនេះ វា[កម្រិតទឹកប្រៃ]អាចកើនឡើងជារៀងរាល់ឆ្នាំ។ អ៊ីចឹងអ្នកដែលរស់នៅក្បែរតំបន់ទឹកព្រែកទឹកហ្នឹង ប្រឈមនឹងអាចលិចលង់ នៅថ្ងៃអនាគត នៅពេលណាមួយ»
កសិករដែលជាអ្នកនេសាទផងដែរ និងមានកូន ៥នាក់ អះអាងថា អាកាសធាតុប្រែប្រួលខ្លាំង បើទោះជាលោកមិនដឹងច្បាស់ថា តើអ្វីទៅជាវិបត្តិបម្រែបម្រួលអាកាសធាតុក៏ដោយ។ លោកបន្ថែមថា ជំនន់ទឹកប្រៃកាន់តែធ្ងន់ធ្ងរនៅតំបន់របស់លោក។
លោកបញ្ជាក់ថា៖ «ខ្ញុំនៅទីនេះ ៣០ឆ្នាំជាង វាមិនដែលលិចដល់ថ្នាក់ហ្នឹង។ វាលិចដែរ វាលិចស្ទើរ តែឆ្នាំទៅ លិចមែនទែនហ្មង ២ឆ្នាំហ្នឹង។ ទឹកវាឡើង ទឹកធំមែនទែនហ្មង។ យើងរាល់ឆ្នាំទឹកធម្មតាល្មម ដល់ឆ្នាំទៅ [និង]ឆ្នាំទៅមួយ ដល់កហ្មង លិចក្បាលទំនប់ហូរប្រឡោះហ្នឹង ទឹកហូរក្បាលទំនប់មក[ចូលស្រែ]»។
បើតាមផែនការយុទ្ធសាស្រ្តបម្រែបម្រួលអាកាសធាតុរបស់រដ្ឋាភិបាលកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយកាលពីឆ្នាំ ២០១៣ ឲ្យដឹងថា កម្ពស់ទឹកសមុទ្រអាចឡើងដល់ ០,៥៦ម៉ែត្រ នៅត្រឹមឆ្នាំ ២០៩០ ក្នុងសេណារីយ៉ូបម្រែបម្រួលអាកាសធាតុកម្រិតខ្ពស់ ដែលអាចជន់លិចផ្ទៃដីប្រមាណ ២៥.០០០ហិកតា និងបង្កើនហានិភ័យជួបគ្រោះខ្យល់ព្យុះ និងប៉ះពាល់តំបន់សមុទ្រនិងវិស័យទេសចរណ៍។
របាយការណ៍បន្តថា កម្រិតទឹកសមុទ្រកើនឡើងនឹងបង្កការខូចខាតដោយសារគ្រោះទឹកជំនន់ និងខ្យល់ព្យុះនៅតាមតំបន់ឆ្នេរសមុទ្រ ដែលប៉ះពាល់ដល់តំបន់ប្រជុំជន និងធនធានធម្មជាតិ។
បាតុភូតធម្មជាតិ ឬសកម្មភាពមនុស្ស?
នៅក្នុងខេត្តកំពតជាប់ខេត្តព្រះសីហនុ ប្រជាកសិករក្នុងភូមិបឹងតាព្រៀប សង្កាត់ត្រើយកោះ ក្រុងកំពត ក៏ជួបវិបត្តិទឹកប្រៃជ្រៀតចូលស្រែរបស់ពួកគេដូចគ្នា។
អ្នកស្រី ឌឺ ប៉ឺន អាយុ ៤០ឆ្នាំ ឲ្យដឹងថា ទឹកប្រៃបានជ្រៀតចូលស្រែរបស់អ្នកស្រីប្រមាណកន្លះហិកតា កាលពីឆ្នាំមុន ហើយបំផ្លាញស្រូវដែលជិតប្រមូលផល។
អ្នកស្រីប្រាប់វីអូអេកាលពីពេលថ្មីៗថា៖ «ដីវាក្រហមងាប់អស់។ ដីវាចង្រៃ ជាតិប្រៃ។ ងាប់ស្រែអស់បី[ប្លង់]។ វានៅម្តុំគ្នា ហើយរបស់គេមួយគំនរដែរហ្នឹង បីបួនប្រាំ[ប្លង់] សុទ្ធតែធំៗ ហើយងាប់ទាំងអស់ រួចអត់បានហូបទេ។ ឥឡូវឆ្នាំហ្នឹង ក៏មានងាប់ដែរ តែងាប់មួយចំហៀង។ អាហ្នឹងដូចថាភ្លៀងមក យើងទប់វា ហើយដាក់ទឹកសាបឲ្យវានៅហ្នឹង កុំឲ្យវាចេញចូល»។
អ្នកស្រីបន្ថែមថា ប្រជាពលរដ្ឋមិនធ្វើស្រែទេនៅឆ្នាំនេះ ដោយសារខ្លាចទឹកប្រៃឡើងមកទៀត ហើយបំផ្លាញស្រែរបស់ពួកគេ។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្លាចបាក់ទឹកមកទៀត ខ្លាចទឹកប្រៃមកទៀត តែចូលមកអត់បានស៊ីទៀតហើយ។ ឥឡូវ វាកំពុងតែល្អ តែល្អបានតែមួយចំហៀង ព្រោះអាមួយចំហៀងទៀត វាអត់ដុះទេ ងាប់ វានៅជាតិប្រៃ»។
អ្នកស្រីមិនដឹងមូលហេតុនៃការហូរទឹកប្រៃចូលស្រែទេ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា នេះជាបាតុភូតធម្មជាតិលើកទី ២ នៃជីវិតរបស់អ្នកស្រីដែលរស់នៅក្នុងតំបន់នោះតាំងពីក្មេងមក។
ក្រៅពីអាកាសធាតុប្រែប្រួល អ្នកស្រីក៏ត្អូញត្អែរពីការអភិវឌ្ឍនៅលើតំបន់ក្បែរព្រែកដែលធ្វើឲ្យស្វាមីរបស់អ្នកស្រីដែលជាអ្នកនេសាទពិបាកធ្វើដំណើរតាមទូក។
អ្នកស្រីថ្លែងថា៖ «[អាកាសធាតុ]ប្រែខុសពីមុនអត់ដូចពីមុនទេ។ បើក្តៅក៏ក្តៅខ្លាំងជាងពីមុនដែរ ហើយបើភ្លៀងតិចជាងមុន ពីព្រោះឥឡូវវាមិនសូវមានដើមឈើដូចពីមុនហ្ហា ពីមុនដើមឈើធំៗហ្ហា [តែ] ឥឡូវគេអា[កាប់ដើមឈើ]ចោលអស់ហើយ ដូចព្រៃមួយជួរនាមាត់សមុទ្រហ្នឹងហ្ហា សុទ្ធតែព្រៃ តែឥឡូវអត់មានទេ។ [គេ]ចាក់ធ្វើកំផែងថ្ម កំផែងអី[តើ] សល់អីវា[គឺ]មិនដូចដើមឈើទេវា[កំផែងថ្ម] អត់មានបានទប់ដូចដើមឈើហ្ហា។ នាមាត់ព្រែកអី ឥឡូវគេយកអស់ហើយហ្នឹងដីសមុទ្រអីហ្នឹងយូរៗឆ្លងទូកចង់អត់[បាន]»។
លោក ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន ប្រាប់វីអូអេកាលពីពេលថ្មីៗថា ប្រទេសកម្ពុជាងាយរងគ្រោះពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ដោយសារកត្តាសេដ្ឋកិច្ច សមត្ថភាពឆ្លើយតប ហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធនិងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ នៅមានកម្រិតនៅឡើយ។
លោកបន្ថែមថា តំបន់ឆ្នេរក៏ទទួលរងពីផលប៉ះពាល់បម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរផងដែរ ក្នុងនោះមានការជ្រៀតចូលទឹកប្រៃ ការកើនឡើងនាវ៉ូទឹកសមុទ្រ ខ្យល់ព្យុះ ទឹកជំនន់ញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ការហូរច្រោះ និងការបាក់ដីជាដើម។
លោក ហាក់ ម៉ៅ កត់សម្គាល់ថា នាវ៉ូទឹកសមុទ្រនៅកម្ពុជា នឹងអាចកើនឡើងដល់មួយម៉ែត្រ ឬពីរម៉ែត្រនៅឆ្នាំ ២១០០ តាមការព្យាករ ហើយវានឹងអាចជន់លិចទីរួមខេត្តកោះកុង។
លោកថ្លែងថា៖ «យើងឃើញថាខេត្តព្រះសីហនុយើងគឺកំពុងតែទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុហ្នឹងធ្ងន់ធ្ងរជាងគេ ប៉ុន្តែរយៈពេលវែង ប្រសិនបើនីវ៉ូកម្ពស់ទឹកសមុទ្រកើនឡើង តាមការព្យាករ យើងឃើញថា ខេត្តកោះកុង ជាខេត្តដែលងាយរងលិចជាងគេ»។
នៅក្នុងខេត្តកោះកុងវិញ អ្នកស្រី ហង្ស សុភា អាយុ ៣៨ឆ្នាំ ជាកសិកររស់នៅក្នុងឃុំទួលគគីរ ស្រុកមណ្ឌលសីមា រៀបរាប់ថា ការធ្វើស្រែរបស់អ្នកស្រី ទទួលផលមិនទៀងទាត់ឡើយ ដោយសារតំបន់ដែលអ្នកស្រីធ្វើស្រែទាប ដូច្នេះវាងាយទឹកប្រៃហូរចូល។
អ្នកស្រីថ្លែងថា៖ «គេជីកប្រឡាយឲ្យ ប៉ុន្តែប្រឡាយហ្នឹង វាបាក់អ៊ីចឹងវាខូច អ៊ីចឹងទឹកប្រៃ វាជ្រៀតចូល ហើយណាមួយភ្លឺយើង ស្រែយើង វាអត់សូវមានភ្លឺខ្ពស់អ៊ីចឹង។ ដល់ពេលអ៊ីចឹង វាធ្វើឲ្យប៉ះពាល់ស្រូវ អ៊ីចឹងយើងធ្វើអត់សូវបានផលទេ»។
ដោយសារអ្នកស្រីមានទម្ងន់កូនក្នុងផ្ទៃ ៨ខែ អ្នកស្រីមិនបានធ្វើស្រែទេក្នុងឆ្នាំ ២០២១ នេះ ដែលតម្រូវឲ្យអ្នកស្រីត្រូវទិញអង្ករទុកជាស្បៀងជារៀងរាល់ខែ។ ប៉ុន្តែអ្នកស្រីអះអាងថា ឆ្នាំក្រោយ អ្នកស្រីនឹងបន្តធ្វើស្រែ ព្រោះវាផ្តល់ផលប្រយោជន៍ច្រើនដល់ជីវភាពរបស់អ្នកស្រី បើទោះអ្នកស្រីត្រូវបារម្ភអំពីបញ្ហាទឹកប្រៃជ្រៀតចូលស្រែក៏ដោយ។
អ្នកស្រីបញ្ជាក់ថា ការធ្វើស្រែនៅពេលខាងមុខទៀត គឺដើម្បីអាចរក្សាលុយសន្សំខ្លះទុកឲ្យកូនពីរនាក់របស់អ្នកស្រីដែលកូនស្រីកំពុងរៀនថ្នាក់ទី ១០ និងកូនប្រុសរៀនថ្នាក់ទី ៧។
អ្នកស្រីថ្លែងថា៖ «យើងត្រូវចិញ្ចឹមមាន់ចិញ្ចឹមទា ត្រូវមានចំណូលខ្លះ បើយើងចំណាយរហូតអត់កើតទេ។ អត់មានអីសល់ទេ យើងអត់មានអីផ្គត់ផ្គង់ទៅថ្ងៃមុខទៀតអ៊ីចឹង។ គឺបានមកតែមួយហូបៗអីអ៊ីចឹង។ ព្រោះអីយើងមានដីស្រែយើងស្រាប់យើងត្រូវតែធ្វើ។ កន្លះហិកតា ឬមួយហិកតាអី យើងត្រូវតែធ្វើ»។
ចំណែកអ្នកជិតខាងរបស់អ្នកស្រី ហង្ស សុភា គឺលោក ហូ សុផល ដែលជាកសិករម្នាក់ និងជាគ្រូបង្រៀនថ្នាក់ទី ១ និងទី ២ រៀបរាប់ថា ទឹកប្រៃមានកម្រិតខ្ពស់ជារៀងរាល់ឆ្នាំ ដែលវាអាចលិចទំនប់ដែលប្រជាពលរដ្ឋរៀបចំសម្រាប់ស្រែរបស់ពួកគេ។
កសិករអាយុ ៥៨ ឆ្នាំរូបនោះ បន្ថែមថា ប្រសិនបើប្រជាពលរដ្ឋមានលទ្ធភាព ពួកគេអាចទិញដីមកចាក់ឲ្យខ្ពស់ដើម្បីទប់ទឹកប្រៃឡើង ប៉ុន្តែនៅពេលអនាគត លោកបារម្ភថា អ្នករស់នៅក្បែរព្រែកសមុទ្រអាចនឹងលិចលង់ ដោយសារកម្ពស់ទឹកសមុទ្រឡើងខ្លាំង ដូចការព្យាកររបស់ពិភពលោក។
លោក ហូ សុផល ប្រាប់វីអូអេថា៖ «តាំងពីយូរលង់មកហើយ បួនដប់ម្ភៃឆ្នាំមុន គឺអត់មានដូចសព្វថ្ងៃនេះទេ។ សព្វថ្ងៃនេះ វា[កម្រិតទឹកប្រៃ]អាចកើនឡើងជារៀងរាល់ឆ្នាំ។ អ៊ីចឹងអ្នកដែលរស់នៅក្បែរតំបន់ទឹកព្រែកទឹកហ្នឹង ប្រឈមនឹងអាចលិចលង់ នៅថ្ងៃអនាគត នៅពេលណាមួយ»៕