ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះ​រាំងស្ងួត​ខ្លាំង​ក្នុង​រយៈពេល​ ៤០ ឆ្នាំ​ គំរាម​កំហែង​ដល់​មនុស្ស​រាប់​លាន​នៅ​សូម៉ាលី​និង​អេត្យូពី


រូបឯកសារ៖ ស្ត្រី​ភៀស​ខ្លួន​ចេញ​ពី​​គ្រោះ​រាំង​ស្ងួតតម្រង់ជួរ​ដើម្បី​ទទួល​អាហារ​នៅ​ជំរំ​សម្រាប់​ជន​ភៀស​ខ្លួន​ក្នុង​សង្កាត់ Daynile ជាយ​ក្រុង Mogadishu ប្រទេស​សូម៉ាលី កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០១៩។ (AP)
រូបឯកសារ៖ ស្ត្រី​ភៀស​ខ្លួន​ចេញ​ពី​​គ្រោះ​រាំង​ស្ងួតតម្រង់ជួរ​ដើម្បី​ទទួល​អាហារ​នៅ​ជំរំ​សម្រាប់​ជន​ភៀស​ខ្លួន​ក្នុង​សង្កាត់ Daynile ជាយ​ក្រុង Mogadishu ប្រទេស​សូម៉ាលី កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០១៩។ (AP)

ប្រទេស​អេត្យូពី និង​សូម៉ាលី​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ២០ ក្នុង​បញ្ជី​ឃ្លាំ​មើល​បន្ទាន់​សម្រាប់​ឆ្នាំ ២០២២ ​របស់​គណៈកម្មាធិការ​ជួយ​សង្គ្រោះ​អន្តរជាតិ (IRC)។

លោក Richard Crothers នាយក​អង្គការ IRC ប្រចាំប្រទេស​សូម៉ាលី​ថ្លែង​ថា ស្ថានភាព​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​ពីរ​នេះ​មិន​ល្អ​នោះ​ទេ។

លោក Richard Crothers បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ឧបទ្វីប​អាហ្វ្រិក​ស្ថិត​នៅ​មាត់​ជ្រោះ​នៃ​វិបត្តិ​អស់​មួយ​រយៈពេល​ហើយ។ តំបន់​នេះ​មិន​មាន​ភ្លៀង​នៅ​ក្នុង​រដូវ​វស្សា​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា។ ស្ថានភាព​នៅ​ពេល​នេះ​គឺ​ថា យើង​កំពុង​មាន​អសន្តិសុខ​ស្បៀង​អាហារ​ធ្ងន់ធ្ងរ និង​ការ​ភៀស​ខ្លួន»។

អង្គការ IRC ឲ្យ​ដឹង​ថា កង្វះ​ទឹក​ភ្លៀង​ធ្វើ​ឱ្យ​មាន​ភាព​ក្តៅ​ស្ងួត​ខ្លាំង​នៅ​ក្នុង​រយៈពេល​ ៤០ ឆ្នាំ​នេះ​នៅ​តំបន់​នានា​ក្នុង​ប្រទេស​សូម៉ាលី និង​អេត្យូពី។

មនុស្ស​យ៉ាង​ហោច​ណាស់ ៣ លាន​នាក់​បាន​រង​ផលប៉ះពាល់​ពី​គ្រោះ​រាំងស្ងួត​នេះ ហើយ​មនុស្ស​ជាង ១៧០.០០០ នាក់​ បាន​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​ដើម្បី​ស្វែងរក​ទឹក វាល​ស្មៅ និង​ជំនួយ​មនុស្សធម៌។

លោក Noor Ahmed វ័យ​៤៧ ឆ្នាំ​បាន​ភៀស​ខ្លួន​ចេញ​ពី​ស្រុក​កំណើត​ជាមួយ​នឹង​គោក្របី ៦០ ក្បាល​របស់​លោក។ លោក​ថា លោក​បាន​ដឹក​គោក្របី​របស់​លោក​ពី​ទីក្រុង Bir-qod ទៅ​ទីក្រុង Harorays។

លោក Noor Ahmed ថ្លែង​ក្នុង​សម្តី​ថ្លែង​ថា៖ «នៅ​ក្នុង​ស្រុក Harorays រដ្ឋបាល​មូលដ្ឋាន និង​ពលរដ្ឋ​នៅ​ទីនោះ​បាន​ស្វាគមន៍​យើង។ ខ្ញុំ​បន្ត​នៅ​ទីនេះ»។

លោក​ថា លោក​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន។

លោក​បន្ថែម​ថា៖ «សត្វគោក្របី​លំបាក​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​តំបន់​នេះ ហើយ​យើង​ត្រូវ​ការ​ថ្នាំ​សង្កូវ​មួយ​ចំនួន។ យើង​ប្រើប្រាស់​ទឹក​ពី​អណ្តូង​ស្នប់ ប៉ុន្តែ​យើង​មិន​មាន​កន្លែង​ស្តុក​ទុក​គ្រប់គ្រាន់​នោះ​ទេ»។

លោក​ថា៖ «ប្រសិនបើ​យើង​មាន​កន្លែង​ស្តុក​ទុក​ទឹក នោះ​នឹង​ជួយ​យើង​បាន​ច្រើន»។

លោក Richard Crothers នាយក​អង្គការ IRC ថា ស្ត្រី និង​ក្មេងៗ​រង​ផលប៉ះពាល់​ខ្លាំង​ពី​គ្រោះ​រាំងស្ងួត។

លោក Crothers ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ជា​ពិសេស​ក្មេងៗ​ក្រោម​អាយុ ៥ ឆ្នាំ​ រង​ផលប៉ះពាល់​ខ្លាំង​បំផុត។ វា​កំពុង​បំផ្លាញ​ជីវភាព ដំណាំ ហើយ​គោក្របី​ដែល​ធ្លាប់​តែ​មាន​ច្រើន​ត្រូវ​ស្លាប់​បាត់​បណ្តើរៗ ដូច្នេះ​វា​ជា​ស្ថានភាព​ពិបាក​ខ្លាំង​ជាង​ធម្មតា។ ជា​ពិសេស​ស្ត្រី និង​ក្មេងៗ​រង​ផលប៉ះពាល់​ខ្លាំង​បំផុត»។

លោក Abdiaziz Bashir ជា​អ្នក​ជំនួញ​ម្នាក់​នៅទីក្រុង​កំពង់ផែ Kismayo ដែលទិញ និង​លក់​សត្វ​ចិញ្ចឹម។ លោក​បាត់បង់​សត្វ​ចំនួន ៩៩ ក្បាល​ ដោយសារ​តែ​គ្រោះ​រាំងស្ងួត។

លោក Abdiaziz Bashir បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ខ្ញុំ​មាន​សត្វ​ចិញ្ចឹម​ចំនួន ១១៨ ក្បាល។ ឥឡូវនេះ មាន​តែ ១៩ ក្បាល​ប៉ុណ្ណោះ​ នៅ​រស់។ ខ្ញុំ​បាត់​សត្វ​ផ្សេង​ទៀត​ដោយសារ​គ្រោះ​រាំងស្ងួត។ ខ្ញុំ​មិន​ទាន់​រួច​ខ្លួន​ពី​ការ​ខាតបង់​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា រឿង​ល្អ​តែ​មួយ​គត់​គឺ​ថា ខ្ញុំ​មិន​ចាំបាច់​ត្រូវ​ចំណាយ​ប្រាក់​លើ​ចំណី​ដើម្បី​ចិញ្ចឹម​សត្វ​ដែល​នៅ​សល់​នោះ​ទេ។ ពួកវា​មាន​ទឹក និង​ស្មៅ​ហើយ​ឥឡូវ​នេះ។​

ទីភ្នាក់ងារ​ផ្តល់​ជំនួយ​នៅ​អេត្យូពី និង​សូម៉ាលី​ ឲ្យ​ដឹង​ថា តម្លៃ​ស្បៀង​អាហារ​បាន​កើន​ឡើង ហើយ​មនុស្ស​មួយ​ចំនួន​មិន​អាច​មាន​ប្រាក់​ទិញ​ស្បៀង​អាហារ​ជា​មូលដ្ឋាន​ដើម្បី​ចិញ្ចឹម​គ្រួសារ​របស់​ពួកគេ​បាន​ទេ។

អង្គការ IRC ឲ្យ​ដឹង​ថា ខ្លួន​បាន​ចាប់ផ្តើម​ការ​ឆ្លើយតប​នឹង​វិបត្តិ​នេះ​នៅតំបន់​សូម៉ាលី​ក្នុង​ប្រទេស​អេត្យូពី ហើយ​ថា​ ខ្លួន​ត្រូវ​ការ​មូលនិធិ​បន្ថែម​ទៀត​ដើម្បី​ពង្រីក​ជំនួយ​មនុស្សធម៌​របស់​ខ្លួននៅ​ក្នុង​តំបន់​ផ្សេងៗ​ទៀត។

ទីភ្នាក់ងារ​នេះ​អំពាវនាវ​ឱ្យ​មាន​ការ​បរិច្ចាគ​មូលនិធិ​ដើម្បី​គាំទ្រ​ដល់​ជំនួយ​សាច់​ប្រាក់ ស្បៀង​អាហារ ទឹក និង​បរិក្ខារ​អនាម័យ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ប្រឈម​សុខាភិបាល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG