ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Pence និង​លោក Xi បង្ហាញ​ទស្សនៈ​ផ្សេង​គ្នា​អំពី​ពិភពលោក


អនុប្រធានាធិបតីសហរដ្ឋ​អាមេរិក Mike Pence បក់ដៃ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលAPEC CEO ឆ្នាំ ២០១៨នៅ​ប្រទេស​ប៉ាពួញូហ្គីណេ។
អនុប្រធានាធិបតីសហរដ្ឋ​អាមេរិក Mike Pence បក់ដៃ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលAPEC CEO ឆ្នាំ ២០១៨នៅ​ប្រទេស​ប៉ាពួញូហ្គីណេ។

លោកអនុប្រធានាធិបតី​ស.រ.អា. Mike Pence និង​លោកប្រធានាធិបតី​ចិន​ ស៊ី ជិនពីង បាន​ផ្តល់​ទស្សនៈ​ខាង​សេដ្ឋកិច្ចប្រជែង​គ្នា​នៅ​ពេល​អស់​លោក​និយាយ​ទៅកាន់​ពួក​មេដឹកនាំ​ក្នុងតំបន់​នៅ​ឯសន្និសីទ​កំពូលនៃ​ពួក​មេដឹកនាំ​អង្គការ

កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​ភូមិភាគប៉ាស៊ីហ្វិក ហៅ​កាត់​ថា​ APEC នៅ​ក្នុងក្រុង​ Port Moresby រដ្ឋធានី​នៃ​ប្រទេស​ប៉ាពួញូហ្គីណេ។

លោក​ Pence បានព្រមានសមាជិក​នៃ​អង្គការ APEC អំពី​ការ​ទទួល​យក​ប្រាក់បំណុល​បរទេស​ដែល «អាច​ធ្វើឱ្យ​ខូច​ប្រយោជន៍ដល់​អធិបតេយ្យភាព​របស់​អស់​លោកអ្នក» ហើយ​លោកបានសុំ​ដល់សមាជិកនៃ​អង្គការ APEC ឱ្យ​«ការពារ​ផល​ប្រយោជន៍​របស់អស់​លោកអ្នក​និង​ថែរក្សា​ឯករាជ្យ​ភាពរបស់​អស់​លោក​អ្នក។​ហើយ​ដូចប្រទេស​អាមេរិក​ដែរ ចូរ​អស់​លោកអ្នក​ទុក​ប្រទេស​របស់​ផង​ខ្លួន​មុនអ្វីៗទាំងអស់»។

លោក Pence បានមាន​ប្រសាសន៍​ទៀតថា «ការប្តេជ្ញា​របស់​ស.រ.អា.ដល់​តំបន់ ឥណ្ឌូប៉ាស៊ីហ្វិក​មិន​ដែលខ្លាំង​ក្លា​ដូច​នៅ​ពេលនេះទេ»។

លោកប្រធានាធិបតី​ចិន Xi Jinping ក៏​បាននិយាយ​នៅ​ក្នុង​សន្និសីទកំពូល​នេះ​ដែរ​អំពី​ការ​ផ្តើមគំនិត​សំខាន់​បំផុត​របស់លោក​ស្តី​ពីគម្រោង​ផ្លូវ​ក្រវាត់ពាណិជ្ជកម្ម​របស់​ចិនដែលភាសាអង់គ្លេស​ហៅ​ថា Belt and Road initiative​ ដែល​បានត្រូវ​រចនាឡើង​ដើម្បី​ទ្រទ្រង់​បណ្តាញផ្លូវគោក​និងផ្លូវ​សមុទ្រ​ភ្ជាប់ជាមួយ​អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល​ មជ្ឈឹមបូព៌ា អឺរ៉ុប​និង​អាហ្រ្វិក។​ លោក ស៊ី បាន​និយាយ​ថា​គ្មានរបៀប​វារៈ​ភូមិសាស្ត្រនយោបាយ​នៅ​ពី​ក្រោយគម្រោង​ផ្លូវ​ក្រវាត់ពាណិជ្ជកម្មនេះទេ។

លោកប្រធានាធបតី​ចិន ស៊ី បានថ្លែងថា «គម្រោងការនេះមិន​ផាត់ចោល​នរណា​ម្នាក់ទេ។ វា​មិនមែន​ជា​ក្លិប​ផ្តាច់មុខមួយ​ត្រូវ​បិទទ្វារ​ដល់​អ្នក​ដែលមិនមែន​ជា​សមាជិកទេ ហើយ​វា​ក៏មិនមែន​ជាអន្ទាក់​ដូច​ដែល​អ្នកខ្លះ​បានហៅវា​នោះ​ឡើយ»។

លោក​ Pence ក៏​បានជួប​ជាមួយ​លោកនាយករដ្ឋមន្ត្រី Scott Morrison នៃ​ប្រទេស​អូស្ត្រាលី​ដែរ។ លោកអនុប្រធានាធិបតី​ស.រ.អា.រូបនេះក៏​បានស្វាគមន៍ដល់​សេចក្តី​ប្រកាសកាលពី​ពេលថ្មីៗនេះដោយ​លោក Morrison អំពី​ការផ្តល់​ជំនួយអូស្ត្រាលី​ថ្មី​ច្រើន​ក្រាស់ក្រែល​ដល់ប្រទេស​ជាតិជាកោះក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

មេដឹកនាំ​ទាំង​ពីរនាក់នេះ​ក៏​បានប្រកាសដែរ​ថា​ប្រទេស​ទាំង​ពីរ​របស់​អស់​លោក​នឹង​កសាងមូលដ្ឋាន​កងទ័ពជើងទឹកមួយ​នៅលើកោះ Manus នៃ​ប្រទេស​ប៉ាពួញូហ្គីណេ។

នៅ​ថ្ងៃ​សៅរ៍នេះដែរ​ រដ្ឋាភិបាល​ស.រ.អា.​អូស្ត្រាលី​និង​ជប៉ុន​ក៏​បានចេញផ្សាយសេចក្តី​ថ្លែងការណ៍មួយអំពី​ភាពដៃគូត្រីភាគី​របស់​ពួក​គេសម្រាប់វិនិយោគ​ខាង​ហេដ្ឋារចនាសម្ព័ន្ធនៅ​ក្នុង​តំបន់ឥណ្ឌូណេស៊ី។ រដ្ឋាភិបាល​នៃ​ប្រទេសទាំង​បី​នេះបាន​និយាយ​ថាពួក​គេឧបត្ថម្ភ​ឱ្យមាន​តំបន់មួយដែល​មានភាព​សេរីបើកចំហ មានភាព​រូមបញ្ចូល មាន​ភាព​សម្បូរ​រុង​រឿង​និង​មានសន្តិសុខ​ថែម​ទៀតផង៕

XS
SM
MD
LG