អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence និយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងមិនបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ដោយបានជំរុញឲ្យប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍បន្តយុទ្ធនាការដាក់គំនាបជាអតិបរមាប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងរហូតទាល់តែកូរ៉េខាងជើងឈានទៅដល់គោលដៅមួយដែលមិនមានអាវុធនុយក្លេអ៊ែរទាំងស្រុង។
លោក Pence និយាយកាលពីថ្ងៃសុក្របន្ទាប់ពីជំនួបទ្វេភាគីរបស់លោកជាមួយនាយករដ្ឋមន្រ្តីសិង្ហបិរីលោក Lee Hsien Loong ថា៖ «យើងត្រូវតែបន្តរក្សាយុទ្ធនាការដាក់គំនាបហើយនិងអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទាំងអស់រហូតទាល់តែយើងបានសម្រេចនៅទីបញ្ចប់ ដោយធ្វើឲ្យកូរ៉េខាងជើងមិនមានអាវុធនុយក្លេអ៊ែរទាំងស្រុងដោយមានការត្រួតពិនិត្យមើល»។
សុន្ទរកថារបស់លោកអនុប្រធានាធិបតី Pence បានកើតមានឡើងនៅពេលដែលមានសេចក្តីរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានពិនិត្យមើលការសាកល្បងអាវុធកលយុទ្ធដែលទើបអភិវឌ្ឍថ្មីនៅព្រឹកថ្ងៃសុក្រ ជាការលើកមកនិយាយនៃការផលិតអាវុធថ្មីនៅក្នុងកម្មវិធីអាវុធរបស់កូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានខែនេះ។
លោក គីម ជុងអ៊ុន បាននិយាយថា៖ «លទ្ធផលនៅថ្ងៃនេះជាការបង្ហាញឲ្យឃើញនូវគោលនយោបាយរបស់គណបក្សដែលត្រូវបានផ្តោតលើវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាការពារប្រទេស ជាការបង្ហាញមួយទៀតដល់តំបន់ទាំងមូលពីសមត្ថភាពការពារប្រទេសដែលមានការរីកចម្រើនដ៏ឆាប់រហ័សរបស់យើង ហើយនិងការផ្លាស់ប្តូរនៅក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងទ័ពយើង»។
សហរដ្ឋអាមេរិកបានដាក់គំនាបលើកូរ៉េខាងជើងឲ្យផ្តល់បញ្ជីលម្អិតពីអាវុធនុយក្លេអ៊ែររបស់ខ្លួនចាប់តាំងពីកិច្ចព្រមព្រៀងធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរពីដំបូងដែលត្រូវបានធ្វើឡើងនៅខែមិថុនា នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជួបគ្នាក្នុងជំនួបកំពូលលើកទី១នៅក្នុងប្រទេសសិង្ហបុរីមក៕