ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pence ទាមទារ​ឲ្យ​កូរ៉េ​ខាងជើង​បង្ហាញ​ផែនការ​ពិស្តារ​អំពី​ការបោះបង់ចោល​នុយក្លេអ៊ែរ​របស់​ខ្លួន


អនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ក្នុង​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ក្នុង​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨។

អនុប្រធានាធិបតី​អាមេរិកលោក Mike Pence កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​និយាយ​ថាសំណើ​រៀបចំ​ជំនួបកំពូល​លើកទីពីរ​រវាងប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un នឹង​អាច​ដំណើរ​ទៅ​បាន​លុះត្រា​តែ​មាន​ការ​បង្ហាញ​ជា​លក្ខណៈ​ពិសា្តរ​អំពី​ទីតាំង​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទាំងអស់​របស់​កូរ៉េ​ខាងជើង។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ NBC លោក Pence បាន​និយាយ​ថា ជំនួប​កំពូល​លើក​ទីពីរ​រវាង​លោក Trump​ និង​លោក Kim ដែល​ត្រូវ​បាន​បរិចេ្ឆទ​ជា​បណ្តោះអាសន្ន​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​ នឹង​អាច​កើតឡើង​បាន​លុះត្រា​តែ​ទីតាំងផលិត​នុយក្លេអ៊ែរ​ទាំងអស់​ត្រូវ​បាន​បិទ​និង​ដែល​អាច​ផ្ទៀងផ្ទាត់​បាន។

លោក​ Pence បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា «ខ្ញុំ​គិត​ថា​វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​នៅក្នុង​កិច្ចប្រជុំកំពូល​នៅ​លើក​ក្រោយ​នេះ​ ដែល​យើង​ត្រូវ​មាន​ផែនការ​ពិស្តារ​បង្ហាញ​ពី​អាវុធនុយក្លេអ៊ែរ​ទាំងអស់​ដែល​ធ្លាប់​ត្រូវ​បាន​ចោទ​សួរ​ បង្ហាញ​ពី​ទីតាំង​ផលិតនុយក្លេអ៊ែរ​ទាំងអស់ ​អនុញ្ញាត​ឲ្យ​មាន​ការត្រួតពិនិត្យ​នៅ​ទីតាំង​នានា​ និង​ផែនការ​លុបចោល​អាវុធ​នុយក្លេអ៊ែរ​ទាំងអស់»។

លោក Pence បាន​ថ្លែង​បន្ថែម​ថា​ឥឡូវ​នេះ​យើង​ត្រូវការ​លទ្ធផល​ទាំងនេះ។ ក៏ប៉ុន្តែ​លោក Pence បាន​និយាយ​ថា​សហរដ្ឋអាមេរិក​នឹង​មិន​ទាមទារ​ឲ្យ​ក្រុងព្យុងយ៉ាង​ប្រគល់​បញ្ជី​នេះ​នៅមុន​ជំនួប​កំពូល​នោះ​ទេ។ បញ្ជីនេះ​ត្រូវ​បាន​ចាត់ទុកថា​ជា​ការបោះជំហាន​ដំបូង​ដែល​កូរ៉េខាងជើង​អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំហរ​របស់​ខ្លួន​ក្នុង​ការបោះបង់ចោល​ឃ្លាំងស្តុក​នុយក្លេអ៊ែរ​របស់​ខ្លួន។

សេចក្តីថ្លែងការ​របស់​លោក Pence ប្រហែល​ជា​ការ​ទាមទារ​យ៉ាង​ជាក់លាក់​ជា​សាធារណៈ​មួយ​ដែល​រដ្ឋបាល​លោក Trump ធ្លាប់​បាន​ដាក់ឲ្យ​កូរ៉េខាងជើង​ចាប់តាំង​ពី​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក Trump​និង​លោក Kimក្នុង​ប្រទេសសិង្ហបុរី​កាល​ពី​ខែមិថុនា​មក៕

XS
SM
MD
LG