ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋា​ភិបាល​កម្ពុជា​សម្រេច​ផ្អាក​​ភ្ជុំបិណ្ឌ​​ បន្ទាប់​ពី​រកឃើញ​​ឆ្លង​កូវីដ១៩នៅ​តាម​​វត្ត​អារាម​មួយ​ចំនួន


ព្រះសង្ឃ​គង់នៅមុខ​វត្តព្រែកប្រា​ក្នុង​រាជធានី​ភ្នំពេញ​​ចាំទទួលចង្ហាន់​ដែល​ពុទ្ធបរិស័ទ្ធ​យកមកប្រគេន​ដោយគោរព​តាមវិធាន​សុខាភិបាលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (លាស់ លីបលីប/VOA)
ព្រះសង្ឃ​គង់នៅមុខ​វត្តព្រែកប្រា​ក្នុង​រាជធានី​ភ្នំពេញ​​ចាំទទួលចង្ហាន់​ដែល​ពុទ្ធបរិស័ទ្ធ​យកមកប្រគេន​ដោយគោរព​តាមវិធាន​សុខាភិបាលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (លាស់ លីបលីប/VOA)

រដ្ឋា​ភិបាល​កម្ពុជាបាន​សម្រេច​ផ្អាក​ពិធី​បុណ្យ​ភ្ជុំបិណ្ឌឆ្នាំ​នេះ​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឆ្លងដាល​ឆ្លង​ជំងឺ​កូវីដ​១៩ ​នៅ​តាម​បណ្តា​វត្ត​អារាម​មួយ​ចំនួន ក្នុង​ពេល​កាន់​បិណ្ឌ​ថ្ងៃ​ដំបូង។ ​ព្រះ​សង្ឃមួយ​ចំនួនបាន​សម្តែងភាពពេញ​ចិត្ត​នឹងចំណាត់​ការ​មួយ​នេះ ក៏​ប៉ុន្តែ​បាន​ត្អូញ​ត្អែរ​អំពី​កង្វះ​ខាត​ចង្ហាន់ ​និង​បច្ច័យ ដោយ​សារ​មិន​មាន​ពុទ្ធ​បរិស័ទ​ច្រើន​នោះ​ទេ​មក​វត្ត​អារាម ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ​។

​ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​ បន្ទាប់​វត្ត​មុនី​សុវណ្ណ​ ហៅ​វត្ត​ចំពុះ​ក្អែក​ ក្នុង​រាជ​ធានី​ភ្នំពេញ​ បាន​រកឃើញ​ករណី​វិជ្ជមាន​កូវីដ​១៩ ទៅ​លើ​ព្រះសង្ឃនិង​ពុទ្ធ​បរិស័ទ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​សារ​ជា​សំឡេង​មួយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ចាត់​ទុក​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​តាម​វត្ត​អារាម​ជា​«កង្វល់​ធំ»​មួយ ​ក្រោយ​ប្រជាពល​រដ្ឋ​បាន​សម្រុក​ទៅ​វត្ត​ កាលពីថ្ងៃទី​២២ ខែ​កញ្ញា ​ដែល​ជា​ថ្ងៃ​បិណ្ឌ​ទី​មួយ​។ លោក​ក៏​បានបញ្ជា​ឲ្យ​ក្រសួង​សុខា​ភិបាល ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​«ពិនិត្យ​ជា​បន្ទាន់» ហើយ​អាច​ពិចារណា​ផ្អាក​ពិធី​នេះ ឬ​កាត់​បន្ថយ​តាម​របៀប​ណា​មួយ ​ដើម្បី​ធានា​កុំ​ឲ្យ​មាន​ការ​ឆ្លង​ទ្រង់​ទ្រាយ​ធំ ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ចប់។

លោក ហ៊ុន សែន បាន​ថ្លែងកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា៖ «ប្រសិន​បើ​យើង​បន្ត​ អាច​ថា​លទ្ធផល​ដែល​យើង​ទទួល​បាន​ក្នុង​រយៈ​ពេល​កន្លង​ទៅ​នេះ គឺ​នឹង​មាន​ការ​រីក​រាល​ដាល​ធ្ងន់​ធ្ងរ​ហួសពី​ការ​គិត ដែ​ល​យើង​បាន​គិត​នៅ​មុន​ពេល​បុណ្យ»។

បន្ទាប់​ពី​មាន​ការ​ព្រួយ​បារម្ភ​នៃ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​១៩នេះ ​ជាពិសេស​វីរុស​បំប្លែង​ខ្លួនថ្មី​ដែលតា(Delta) ក្រសួង​ធម្មការ​ និ​ងសាសនា និងរដ្ឋា​ភិបាល​កម្ពុជា ​បាន​ចេញ​សេចក្តី​សម្រេច​ស្តី​ពី​«ការផ្អាក​រៀប​ចំ​ពិធីបុណ្យ​កាន់បិណ្ឌ​ និ​ងភ្ជុំ​បិណ្ឌ​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩» ចាប់​ពី​បិណ្ឌ៤ ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៥ ​ខែកញ្ញា រហូត​ដល់ថ្ងៃ​ភ្ជុំ​បិណ្ឌធំ ​ដែល​គ្រោ​ងនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ ខែតុលា ​ឆ្នាំ​២០២១។

សេច​ក្តី​សម្រេច​របស់​រដ្ឋា​ភិបាលចុះ​ថ្ងៃ​ទី២៣ ខែ​កញ្ញា ​ឲ្យដឹង​ថាក្នុ​ង​រយៈ​ពេល​២​ថ្ងៃ​នៃ​ការ​រៀប​ចំ​ពិធីបុណ្យ​កាន់​បិណ្ឌ​កន្លង​ទៅ ​រដ្ឋា​ភិបាល​បាន​ពិនិត្យ​ឃើញ​ថា​មាន​ការ​ជួប​ជុំ​ និង​ប្រមូល​ផ្តុំ​មនុស្ស​ជា​ច្រើន​នៅ​តាម​វត្ត​អារាម ​ដើម្បី​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ​ ដែលមិន​អាច​ធានា​បាន​នូវ​ការ​អនុវត្ត​ត្រឹម​ត្រូវ​ តាម​វិធាន​ការ​សុវត្ថិ​ភាព​ផ្នែក​សុខា​ភិបាល​ក្នុង​ការ​បង្ការ​ និ​ងទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដែល​អាច​ប្រឈមនឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាល​ដាល​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​ ជា​ពិសេស​មេរោគ​បំប្លែង​ថ្មី​ដែលតា​(Delta)ដែល​មាន​កម្រិត​នៃ​ការ​ឆ្លង​រាល​ដាល​ឆាប់​រហ័ស​។

​សេចក្តី​សម្រេចបាន​ឲ្យ​ដឹង​ទៀត​ថា គណៈ​អភិបាល​រាជ​ធានី ​ខេត្ត ត្រូវ​ធ្វើ​ការ​សម្រប​សម្រួល​ និ​ង​ធានា​ដល់​ការ​នាំ​យកចង្ហាន់​ និ​ងទេយ្យ​វត្ថុ​មួយ​ចំបាច់​មួយ​ចំនួន​ ប្រគេន​ដល់ព្រះ​សង្ឃ​នៅ​តាម​បណ្តាវត្ត​នានា​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​ដែន​ដី​របស់​ខ្លួន​។

ការ​ផ្អាក​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌនេះ ​នាំ​ឲ្យព្រះ​សង្ឈ​មួយ​ចំនួន​ត្អូញ​ត្អែរ​អំពី​កង្វះ​ខាត​ចង្ហាន់ ​និង​បច្ច័យ​ បើ​ទោះ​បង្ហាញ​ការ​ពេញចិត្ត​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល។

​ព្រះអង្គ​ រឹម ណាំ​ឈាវ ​គង់​នៅ​វត្ត​មហា​មន្រ្តី​ក្នុង​រាជ​ធានី​ភ្នំពេញ មាន​សង្ឃ​ដីកា​ប្រាប់​វីអូអេថា ​ចំណាត់​ការ​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ផ្អាក​ការ​ជួប​ជុំ​តាម​វត្ត​អារាម​ គឺជា​រឿងល្អ ដើម្បី​កុំ​ឲ្យ​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩កាន់​តែ​ខ្លាំង​ ដែល​អាចធ្វើ​ឲ្យ​មាន​ផលលំបាក​ដល់​សង្ឃ​មួយ​ចំនួន ​ដែល​គង់​នៅ​ក្នុង​វត្ត។ ព្រះអង្គបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​ព្រះ​សង្ឃ​គ្រប់​អង្គ​ និ​ង​អ្នក​ដែលស្នាក់​នៅ​ក្នុង​វត្ត​ ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ចុះ​មក​ពិនិត្យ​សំណាក ដើម្បី​ធានា​ថា​វត្តអារាម​មិន​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​។

ព្រះ​អង្គ​បាន​បន្ថែម​ថា​ ទាក់​ទង​ចង្ហាន់​គឺ​ពុទ្ធ​បរិស័ទ​អាច​យក​មក​ប្រគេន​បាន​ ប៉ុន្តែ​ត្រូវ​រក្សា​គម្លាត​ និង​អនុវត្ត​តាម​វិធាន​សុខា​ភិបាល និង​ការ​ណែនាំ​របស់​អាជ្ញាធរ។

ពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​មុខវត្ត​ចំពុះក្អែក​ក្នុងរាជធានីភ្នំពេញ​ដែល​ត្រូវ​បាន​រកឃើញ​ថា​មាន​វិជ្ជមាន​កូវីដ១៩​នៅ​ក្នុងវត្ត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (លាស់ លីបលីប/VOA)
ពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​មុខវត្ត​ចំពុះក្អែក​ក្នុងរាជធានីភ្នំពេញ​ដែល​ត្រូវ​បាន​រកឃើញ​ថា​មាន​វិជ្ជមាន​កូវីដ១៩​នៅ​ក្នុងវត្ត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (លាស់ លីបលីប/VOA)

ព្រះអង្គ​មាន​សង្ឃ​ដី​កា​ថា​៖ ​«វិធាន​ការ​នេះ​ អាត្មា​គិត​ថាល្អ​សម្រាប់​ចំណាត់​ការ​បែប​នេះ​ ពីព្រោះ​ដើម្បី​អាច​ការពារ​បាន​នូវ​សុវត្ថិភាព​ទាំង​គ្រហស្ថ ទាំង​ព្រះសង្ឃ​ គឺ​យើង​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​បែប​នេះ​ហើយ​។ ប៉ុន្តែ​បើ​សិន​ករណីនេះ​យូរ​ទៅ​មុខទៀត​ ព្រះសង្ឃ ​ដូចអ្វី​ដែល​អាត្មា​បាន​ជម្រាប​កាល​ពីព្រឹក​មិញ​អញ្ចឹង​ ព្រះ​សង្ឃ​ក៏អាច​ជួប​នឹង​បញ្ហា​ផ្សេងៗមួយ​ចំនួន​ទៀត​ផង​ដែរ។ ឧទាហរណ៍ដូច​ជា​ការអត់បច្ច័យនៅ​ក្នុងការ​បង់ថ្លៃ​សិក្សា​រៀន​សូត្រ ​ហើយ​តាម​បណ្តា​កុដិ​មួយ​ចំនួន​ទៀត ​អត្តខាត់នៅក្នុង​ចង្ហាន់ ​អាច​និយាយ​បាន​ថា​ មាន​ការ​ថយ​ចុះ​ម្តង​បន្តិច​ៗ​ដែរ​ មិន​សម្បូរ​ចង្ហាន់​ដូច​លើកមុន​ ដូច​សព្វមួយ​ដង​ដែរ​»។

​ព្រះអង្គបន្ថែមថា៖ ​«សម្រាប់​ព្រឹក​នេះ​មិនទទួល​[ទេយ្យ​ទាន]​ទេ ដោយ​សារ​តែព្រះ​សង្ឃ ទូទាំង​វត្ត​រួម​ទាំង​អាចារ្យ គណៈកម្មាធិកា ​កូន​សិស្ស​លោក ​ដែល​ស្នាក់នៅ​ក្នុង​វត្ត​នេះ​ គឺ​រួមគ្នា​ទៅ​ទទួល​យក​សំណាក​ពីក្រុម​គ្រូពេទ្យ ​ដែល​គាត់​ចុះ​មក​យក​សំណាក​នៅក្នុង​វត្ត។ ប៉ុន្តែ​មិនមែន​ដាច់​អហង្ការ​ ដាច់​ណាត់​ថាមិន​ទទួល​ទេយ្យ​ទាន​ដែល​សម្រាប់​ញាតិ​ញោមដែល​គាត់​យក​មកនោះទេ​ គឺ​យើង​ទទួល​ ដោយ​ទទួល​ត្រឹម​ខ្លោង​ទ្វារ​[វត្ត]ដូច​សព្វ​មួយ​ដង​ដែល​យើង​បាន​ធ្វើ​អញ្ចឹង​»។

ចំណែក​ព្រះអង្គ​ យ៉ាន សារុន ​គង់​នៅ​វត្ត​ថាន់ ​ក្នុង​រាជ​ធានី​ភ្នំពេញ មានសង្ឃ​ដីកាថា​វិធាន​ការ​បិទ​ខ្ទប់​បាន​មុន​បែប​នេះ ក៏​ល្អដែរ ​ប៉ុន្តែ​វា​ក៏​មានផល​វិបាកផងដែរ ​ដោយ​សារ​តែព្រះ​សង្ឃមួយ​ចំនួន​រស់​អាស្រ័យ​លើ​ការ​បិណ្ឌបាតពីញាតិ​ញោម​ពុទ្ធបរិស័ទ។ ហើយ​ព្រឹក​មិញ​ វត្ត​របស់​ព្រះអង្គ ក៏​មាន​ក្រុម​គ្រូ​ពេទ្យចុះ​យក​សំណាក​ទៅ​ពិ​និត្យ​ដូចគ្នា​នឹង​វត្ត​មហា​មន្ត្រីផង​ដែរ។ ព្រះអង្គ​បន្ថែម​ថា​ទាក់ទង​ការ​រៀប​ចំទទួល​ចង្ហាន់​និ​ងទេយ្យ​ទានបែប​ណា​ទៀត​នោះ​ គឺ​នឹងធ្វើ​ទៅ​តាម​ការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល ​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​ការ​សម្រេច​របស់​គណៈ​សង្ឃ​បន្ត​ទៀត​។ ​

ព្រះអង្គ​មាន​សង្ឃ​ដី​កា​ថា៖ «ដោយ​សារ​លោក​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ញាតិ​ញោម​ដើរ​បិណ្ឌ​បាត​បាន​បន្តិច​បន្តួច ​គ្រាន់​តែ​បង់ថ្លៃទឹក ថ្លៃ​ភ្លើង​អញ្ចឹង​ទៅ។ ប៉ុន្តែ​ដល់​ពេល​បិទ​អញ្ចឹង​ទៅ ព្រះសង្ឃ​ដាច់​ទាំង​បច្ច័យ​៤​ផង​ ដាច់ទាំង​ចង្ហាន់...​លោក​តែង​តែ​ត្អូញ​ថាខ្វះ​ចង្ហាន់​ ហើយ​ទឹក​ ហើយ​ភ្លើង​ចេះ​តែឡើង​ទៀត។ ជា​ពិសេស​ភ្លើង​ ហើយ​ទឹក​តែម្តង​ មួយ​ខែ​ៗ មិន​ក្រោម​២០ទៅ​៣០​ម៉ឺន​រៀល​ទេ។ អញ្ចឹង​ព្រះសង្ឃ​អត់​អញ្ចឹង​ គឺពិបាក​រស់នៅ​ដែរ វា​មាន​បញ្ហាអញ្ចឹង​ដែរ​»។

ប្រជាពលរដ្​ឋលក់ដូរគ្រឿង​ប្រើប្រាស់​សម្រាប់​ព្រះសង្ឃ [ទេយ្យទាន] នៅ​ខាងមុខ​វត្តថាន់​រាជធានី​ភ្នំពេញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (លាស់ លីបលីប/VOA)
ប្រជាពលរដ្​ឋលក់ដូរគ្រឿង​ប្រើប្រាស់​សម្រាប់​ព្រះសង្ឃ [ទេយ្យទាន] នៅ​ខាងមុខ​វត្តថាន់​រាជធានី​ភ្នំពេញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (លាស់ លីបលីប/VOA)

​ព្រះ​ចៅ​អធិការ​វត្ត​នាគ​វ័ន ព្រះបវរមុនី ​ងិន ឃីម ​មាន​សង្ឃ​ដីកា​ថា​កាល​ពី​បិណ្ឌ​ទី​មួយ​ មាន​តែ​អាចារ្យ​វត្ត​ម្នាក់ប៉ុណ្ណោះ ​ដែល​បាន​ពិនិត្យ​ឃើញ​ថា​មាន​ឆ្លង​វីរុស​កូវីដ​១៩​ ប៉ុន្តែ​ស្ថាន​ភាព​ក្នុង​វត្ត ពេល​នេះ​ មាន​ភាព​ប្រក្រតី​ជា​ធម្មតា។ ​ព្រះអង្គ​ក៏​សម្តែង​ការ​ព្រួយ​បារម្ភថា​អាច​នឹង​ប្រឈមបញ្ហា​ខ្វះ​ចង្ហាន់​នា​ពេល​ខាង​មុខ​ផងដែរ ​ប៉ុន្តែព្រះអង្គ​បាន​បញ្ជាក់ថា ទោះបី​ជា​មិន​មាន​ការ​អនុញ្ញាត​ឲ្យ​ពុទ្ធ​បរិស័ទ​ចូល​ក្នុង​បរិ​វេណ​វត្ត ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តែ​អាច​ប្រគេន​ចង្ហាន់​នៅ​ខាង​មុខ​បរិវេណ​វត្ត​បាន​។

ព្រះអង្គ​មាន​សង្ឃ​ដីកា​ថា​៖​ «ដំបូង​ៗ​ហ្នឹង​ វា​ចេះ​តែ​មាន​[​ចង្ហាន់​មក​ពី]​លិច​កើត ​នាយ​អាយ​ពី​ដើម​មក​ខ្លះ ​គ្រាន់​តែ​ពេល​តទៅ​មុខ​ទៀត​ ដូច​យ៉ាប់​ដែរ​» ។

លោក ម៉េត​ មាស​ភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានីភ្នំពេញ​បាន​ប្រាប់​វីអូអេថា​លោក​មិន​ទាន់​មាន​អ្វី​បញ្ជាក់​បន្ថែម​ពី​លើ​សេចក្តី​សម្រេច​របស់​រដ្ឋា​ភិបាល​ពី​ការ​ផ្អាក​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌនេះ​នៅ​ឡើយ​ទេ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មកា​រ និង​សាសនា ​លោក សេង​ សុមុនី​ ​មាន​ប្រសាសន៍​ថា​ទោះ​បី​ជា​មាន​ការ​ផ្អាក​មិន​ឲ្យ​មានការ​ជួបជុំ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ ប៉ុន្តែ​បណ្តា​វត្ត​អារាម​ទាំង​អស់ រួម​ទាំងវត្ត​ដែល​មានករណី​ឆ្លងវីរុស​កូវី​ដ១៩ក្តី បរិស័ទ​ដែលជា​អ្នកតំណាងកាន់​វេន​តាម​ថ្ងៃ​បិណ្ឌនីមួយ​ៗ អាច​ប្រគេនចង្ហាន់​ទៅ​ដល់​ព្រះ​សង្ឃ​ តាម​រយៈតំណាង​វត្ត ឬ​អាជ្ញាធរ​មូល​ដ្ឋាន​ប្រចាំវត្ត​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​វិធាន​ការ​សុខា​ភិបាល​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ ។

លោកថ្លែង​ថា​៖ «អ្នក​នៅ​ក្នុង​វត្ត​នៅ​ក្នុង​វត្ត​ទៅ ឧបមារ​ព្រះ​សង្ឃ​ ឬ​អាចារ្យ​ប្រចាំ​នៅ​ក្នុង​វត្តហ្នឹង​ឲ្យ​នៅ​ក្នុង​វត្ត​ទៅ ហើយ​រៀប​ចំ​កុំ​ឲ្យ​គៀកគ្នា​ ឲ្យ​គម្លាត​សុវត្តិភាព​ ពាក់​ម៉ាស់​ ពាក់​អី​ត្រឹម​ត្រូវ​។ ហើយ​ពុទ្ធ​បរិស័ទ​ដែល​មក​ពី​ឆ្ងាយ​ ជិត​នឹង​កាន់​វេន(បិណ្ឌ) ​កាន់​អី​ក៏​ដោយ ​យើង​ថា​ចាត់​តែ​តំណាង​ម្នាក់ ពីរ​នាក់ ​ប្រគេន​ចង្ហាន់​ ហើយ​ទៅ​ដាក់​នឹង​តុ​ចឹងហើយ​ អាចារ្យ​លោក​មក​ទទួល​ ហើយ​ចាត់​ចែង​ទៅ​ព្រះសង្ឃ​ក្នុង​វត្តអាច​ឆាន់​បាន​ហើយ​ អត់​អី​ទេ» ។ ​

គួរ​បញ្ជាក់​ថា​ក្រសួង​សុខា​ភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​កាល​ពី​ថ្ងៃទី​២៣ ខែ​កញ្ញា​ មាន​ករណី​ឆ្លងជំងឺកូវីដ១៩ថ្មី​ ​រហូត​ដល់​៨២២​នាក់​ ដែល​កើន​ឡើង​ច្រើន ​បើធៀប​នឹង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ៕

XS
SM
MD
LG