ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលារៀន​នៅ​ភ្នំពេញ​ចាប់ផ្តើម​បើក​ឡើង​វិញ ប៉ុន្តែ​សិស្សានុសិស្ស​បន្ត​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩


សិស្ស​ម្នាក់​ដើ​រចេញ​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ជាថ្ងៃ​បើក​សាលារៀន​លើក​ដំបូង។ (មាស មល្លិកា/វីអូអេ)

សាលា​រៀន​នៅ​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​១២ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ឡើង​វិញ នា​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​បិទ​ទ្វារ​រាប់​ខែ​មក​ហើយ។ ប៉ុន្តែ​សិស្សានុសិស្ស គ្រូ​បង្រៀន និង​អាណា​ព្យាបាល​មួយ​ចំនួន នៅ​តែព្រួយបារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​បំប្លែង​ថ្មី បើ​ទោះ​ពួកគេ​ចាក់​វ៉ាក់សាំង​រួច​រាល់​ហើយ​ក៏​ដោយ។

យុវតី អូន ស្រី​ណុច អាយុ​១៧​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១១​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី បាន​បង្ហាញ​អារម្មណ៍​ភ័យ​លាយឡំ​នឹង​ក្តី​រំភើប​ផង​ដែរ​សម្រាប់​ថ្ងៃ​ដំបូង​នៃ​ការ​ចូល​រៀន​ឡើង​វិញ បន្ទាប់​ពី​អាក់​ខាន​ជា​ច្រើន​ខែ​មក​ហើយ ពោល​គឺ​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២១។

កញ្ញា​ប្រាប់​វីអូអេ​មុន​ចូល​ថ្នាក់​រៀន​ថា៖ «ចាស៎! មាន​ភ័យ​ខ្លះៗ​ដែរ​បង។ ដោយ​សារ​មក​ពី​ជំងឺ​អត់​ទាន់​ស្ងាត់​ទេ ប៉ុន្តែ​ក្រសួង​ប្រកាស​ថា​នឹង​បើក​សាលា​ឲ្យ​សិស្សានុសិស្ស​ចូល​រៀន​វិញ»។

យុវតី​ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ចំនួន​២​ដូស​រួច​ហើយ បាន​ឲ្យ​ដឹង​ទៀត​ថា​ឪពុក​ម្តាយ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិ​ភាព​របស់​កញ្ញា នៅ​គ្រា​ត្រឡប់​ចូល​រៀន​ក្នុង​ថ្នាក់​ដោយ​ផ្ទាល់ ព្រោះ​ខ្លាចឆ្លង​ជំងឺ​កូវីដ​១៩ ស្រប​ពេល​ដែល​មាន​ការ​លេច​ចេញ​វីរុស​បំប្លែង​ថ្មី​ជា​បន្ត​បន្ទាប់​។ ប៉ុន្តែ​កញ្ញា​នៅ​តែ​មក​សាលា​រៀន ដោយ​អនុវត្ត​តាម​វិធានការ​សុខាភិបាល។

កញ្ញា​បន្ថែម​ថា៖ «គាត់(ឪពុក​ម្តាយ)ឲ្យ​ឧស្សាហ៍​បាញ់​អាល់​កុល ហើយកុំនៅ​ជិត​អ្នក​ដែល​យើង​អត់​ស្គាល់​ចឹង​ហា៎ នៅ​ឲ្យ​ឆ្ងាយៗ​ពី​គេ​តិច​ទៅ។ ហើយ​យើង​ត្រូវ​ការ​ពារ​ខ្លួន​យើង​ដែរ​ ចឹង​ហា៎»។

សាលា​រៀន​នៅ​កម្ពុជា​ត្រូវ​បាន​បិទ​មួយ​រយៈ ហើយ​បើក​ឡើង​វិញ អាស្រ័យ​លើ​ស្ថាន​ភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​។ ប៉ុន្តែ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១​មក កម្ពុជា​បាន​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​មាន​ការ​បិទ​សាលា​រៀន​ទាំង​រដ្ឋ និង​ឯក​ជន​នៅ​ទូទាំង​ប្រទេស ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ប្រមាណ​៣​លាន​២​សែន​នាក់។

សិស្សានុសិស្ស​ពាក់ម៉ាស់​ដើរចេញ​ពីថ្នាក់រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅថ្ងៃ​ដំបូងនៃ ការបើក​សាលារៀន​ឡើងវិញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (មាស មល្លិកា/វីអូអេ)
សិស្សានុសិស្ស​ពាក់ម៉ាស់​ដើរចេញ​ពីថ្នាក់រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅថ្ងៃ​ដំបូងនៃ ការបើក​សាលារៀន​ឡើងវិញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (មាស មល្លិកា/វីអូអេ)

យុវជន អេង សុភា អាយុ​១៤​ឆ្នាំ ដែល​រៀន​ថ្នាក់​ទី​៨ នៅ​សាលា​អនុវិទ្យា​ល័យ​ឥន្ទ្រ​ទេវី ក៏​បាន​សម្រេច​ចិត្ត​មក​ថ្នាក់​រៀន​ដែរ​នៅ​ថ្ងៃ​ពុធ​នេះ។

សុភា​ប្រាប់​វីអូអេ​នៅ​ខាង​មុខ​ខ្លោង​ទ្វារ​សាលា​ដែរ​ថា៖ «មាន​អារម្មណ៍​ថា​ភ័យ​អរ​ៗ ព្រោះអី​ពេល​កូវី​ដ​នឹង​រៀន​អត់​ដូច​នៅ​សាលា​ចឹង​ទៅ​ ពេល​ប្រឡង​លំបាក​ដែរ។ ហើយ​ត្រូវ​កូវីដ​ចឹង​ទៀត​ត្រូវ​មាន​បញ្ហា​ចឹង​ហា៎»។

ទោះ​ជា​យ៉ាង​ណា យុវជន សុភា ដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​រួច​ហើយ អះអាង​ថា​ខ្លួន​មិន​សូវ​មាន​ការ​ព្រួយ​បារម្ភ​ប៉ុន្មាន​ទេ ព្រោះ​យល់​ថា​អាជ្ញាធរ​បាន​រៀប​ចំ​ការ​សម្អាត និង​ការ​រក្សា​គម្លាត​នៅ​ក្នុង​ថ្នាក់​រៀន។ សុភា​បាន​បញ្ជាក់​ថា​ខ្លួន​មាន​ក្តី​រីក​រាយ​ក្នុង​ការ​មក​រៀន​នៅ​ក្នុង​ថ្នាក់​រៀន​ផ្ទាល់ នា​ពេល​នេះ ជា​ជាង​ការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺ​ណិត ដែល​មិន​សូវ​មាន​គុណភាព។

សុភា​និយាយ​ថា៖ «រៀន​នៅ​សាលា​បង ព្រោះ​អី​រៀន​នៅ​សាលា​យើង​ចង់​សួរ​គ្រូ​អី​ក៏​បាន​ដែរ​។ តែ​បើ​រៀន​តាម​ហ្សូម Zoom ឬ ហ្គូហ្គលមីតGoogle Meet សំណួរ​តែ​ពីរ​ឡើង​ពិបាក​ស្តាប់​គ្នា​ហើយ​បង​។ ហើយ​ត្រូវ​អ៊ីនធឺណិត ឬWifi​ធ្វើ​បាប​ទៀត​ទៅ​ហើយ​បង»។

ចំណែក​យុវជន មាស រឹទ្ធី ជា​សិស្ស​រៀនថ្នាក់​ទី​១២នៅ​សាលា​វិទ្យាល័យ​សន្ធរម៉ុក បាន​ប្រាប់​វីអូអេ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ថា​ខ្លួន​ក៏​មាន​ការ​ព្រួយបារម្ភ​ដែរ​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ នៅ​ពេលមក​រៀន​នៅ​ក្នុង​ថ្នាក់។ យុវជន​អាយុ​១៨​ឆ្នាំ​រូប​នោះ​បញ្ជាក់​ថា​ខ្លួន​មិន​ទាន់​បាន​ធ្វើ​តេស្ត​រហ័ស ដើម្បី​ស្វែង​រក​ជំងឺ​កូវីដ​១៩ មុន​ពេល​ចូល​រៀន​នៅ​ថ្ងៃ​ពុធ​នេះ​ទេ។ ប៉ុន្តែ​យុវជន​រូប​នោះ​ត្រូវ​បាន​គ្រូ​ប្រាប់​ឲ្យ​ទៅ​ផ្ទះ​វិញ ដោយ​សារ​ក្នុង​ថ្នាក់​មាន​សិស្ស​ច្រើន ខណៈ​សិស្ស​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អំពី​ម៉ោង​សិក្សា​ត្រឹម​ត្រូវ។

លោក​និយាយ​ថា៖ «បាន​ចូល(​ចូលរៀន​) មុន​នឹង​បន្តិច​ ហើយ​ថ្នាក់​ខ្ញុំ​សិស្ស​ច្រើន​ពេកទៅគ្រូ​ឲ្យ​ចេញ​មក​ពាក់​កណ្តាល​ខ្លះ​វិញ​បង ឲ្យចេញ​មក​ពាក់​កណ្តាល​វិញ​សិន​»។

កាល​ពី​ដើម​ខែ​មិថុនា អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន រួម​មាន​អង្គការ​លីកាដូ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​កុមារ​ដែល​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ឬ​រៀន​នៅ​សាលា​រៀន​ដែល​មាន​ធន​ធាន​តិច​តួច និង​កុមារ​ដែល​រ​ស់​នៅតាម​ជនបទ​ ត្រូវ​បាន​មើល​រំលង​ ដោយ​ពួកគេ​មិន​មាន​មធ្យោបាយ​សម​ស្រប​ និង​គ្រប់​គ្រាន់ ​ដើម្បី​ទទួល​បាន​ការ​អប់រំ​នោះ​ទេ។ បើ​តាម​សេចក្តី​ថ្លែង​ការណ៍ ក្រសួង​អប់រំ​ក្នុង​កិច្ច​សហ​ការ​ជាមួយ​ក្រុម​ការ​ងារ​ក្នុង​វិស័យ​អប់រំ និង​អង្គការ​ដទៃ​ទៀត បាន​ចេញ​ផ្សាយ​ការ​វាយ​តម្លៃ​មួយ កាល​ពី​ខែ​មីនា​ ឆ្នាំ២០២១ ដោយ​បង្ហាញ​ថា​សិស្សា​នុ​សិស្ស​យ៉ាង​តិច​១៦%​បាន​ប្រឈម​នឹង​ការ​បោះ​បង់​ការ​សិក្សា ហើយ​៦%​ធ្វើ​ការ​ពេញ​ម៉ោង ក្រោយ​ពី​ការ​បិទ​សាលា​រៀន។

អ្នកស្រី ទុន សុខេម៉ា អាយុ​៥០​ឆ្នាំ ជា​គ្រូ​ផ្នែក​ជីវវិទ្យា​នៅ​វិទ្យាល័យ​ជា ស៊ីម សន្ធរ​ម៉ុក បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ​ថា​ការ​សិក្សា​ផ្ទាល់​នៅ​ថ្នាក់​រៀន​ពិត​ជា​សំខាន់​សម្រាប់​ការ​បង្ហាត់​បង្រៀន​សិស្ស​ប្រកប​ដោយ​គុណ​ភាព​ និង​មាន​ប្រសិទ្ធ​ភាព។

អ្នកស្រី​បញ្ជាក់​ថា​៖ «សំខាន់​ណាស់ៗ ព្រោះ​បាន​គេ​ គេ​បើក(បើក​សាលា​) ​ចឹង​អ្នក​គ្រូ​អរ អ្នក​គ្រូ​អរ​ជាង ព្រោះអី​យើង​បាន​គ្រប់​គ្រង​ បាន​ណែនាំ​សិស្ស​យើង​បាន​មើល​សិស្ស​ណា​រៀន​មិន​រៀន​អី​ចឹង​ហា៎»។

នៅ​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ដំណើរ​ការ​សាលា​រៀន​ឡើង​វិញ​នេះ សិស្ស​តម្រូវ​ឲ្យ​បង្ហាញ​កាត​ចាក់​វ៉ាក់​សាំង មុន​ពេល​អនុញ្ញាត​ឲ្យ​ចូល​ក្នុងសាលា​រៀន។ សិស្ស​ត្រូវបាញ់​ទឹក​អាល់កុល​សម្អាត វាស់​កម្តៅ និង​រក្សា​គម្លាត​ជា​ដើម៕

XS
SM
MD
LG