ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​សម្រេច​ឲ្យ​ក្មេង​អាយុ​៦​ឆ្នាំ​ទៅ​១២​ឆ្នាំ​អាច​ចាក់​វ៉ាក់សាំង​បាន ចាប់​ផ្តើម​ពី​សប្តាហ៍​នេះ


រូបឯកសារ៖ ប្រជាជន​នាំ​គ្នា​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​វត្ត​គោក​អំពិល​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ ប្រជាជន​នាំ​គ្នា​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​វត្ត​គោក​អំពិល​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០២១។ (ទុំ ម្លិះ/វីអូអេ)

យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ដល់​ក្មេង​អាយុ​ពី​៦​ឆ្នាំ​ទៅ​១២​ឆ្នាំ ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​សុក្រ ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១។ នេះ​ជា​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្នុង​សារ​ជា​សំឡេង​មួយ​ដែល​បង្ហោះ​លើ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​ពុធ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​រដ្ឋាភិបាល​នឹង​ប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​(Sinovac)​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​Sinovac Biotech Ltdសម្រាប់​ចាក់​ក្មេង​នៅ​ទូទាំង​ប្រទេស អាយុ​ចន្លោះ​ពី​៦​ឆ្នាំ​ដល់​១២​ឆ្នាំ ដែល​មាន​ការ​ប៉ាន់​ប្រមាណ​ជាង​១​លាន​៨​សែន​នាក់។ លោក​បន្ថែម​ថា​ កម្ពុជា​មាន​វ៉ាក់​សាំង​គ្រប់​គ្រាន់ ហើយ​ការ​ចាក់​វ៉ាក់សាំង​ដល់​ពួកគេ ដើម្បី​ឲ្យ​ក្មេង​ដែល​ស្ថិត​ក្នុង​វ័យ​សិក្សា​ថ្នាក់​បឋមសិក្សា អាច​ចូល​រៀន​បាន។

លោក ហ៊ុន សែន ថ្លែង​ថា៖ «យើង​បានសម្រេច​ចិត្ត​ថា​នឹង​ចាក់​វ៉ាក់សាំង​ឲ្យ​ក្មេង​អាយុ​ពី​៦​ឆ្នាំ​ទៅ​១២​ឆ្នាំ។ ប្រសិន​បើ​យើង​មិន​ចាក់ជូន​កុមារ​ពី​អាយុ​៦​ឆ្នាំ​ទៅ​១២​ឆ្នាំ​ទេ យើង​មិន​អាច​ឈាន​ទៅ​បើក​សាលា​បឋម​សិក្សា​បាន​ទេ»។

បើ​តាម​លោក ហ៊ុន សែន វ៉ាក់សាំង​ត្រូវ​បានសិក្សា​នៅ​តាម​ប្រទេស​នានា ហើយ​គេ​ក៏​បាន​ប្រើ​ប្រាស់​សម្រាប់​ក្មេង​ក្រោម​អាយុ​១២​ឆ្នាំ​រួច​មក​ហើយ។

លោក​បន្ថែម​ថា៖ «ម្ខាង​គឺ​វ៉ាក់សាំង​អនុញ្ញាត​ឲ្យ​ចាក់ ឯ​ម្ខាង​ទៀត​ យើង​មាន​វ៉ាក់សាំង​ក្នុង​ដៃ​រួច​ជា​ស្រេច»។

នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​នេះ សាលា​រៀន​ថ្នាក់​អនុ​វិទ្យា​ល័យ និង​វិទ្យាល័យ​នៅ​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ត្រូវ​បាន​បើក​ដំណើរ​ការ ដោយ​កម្រិត​ចំនួន​សិស្ស​១៥​នាក់​នៅ​ក្នុង​ថ្នាក់​រៀន។

លោក យង់ គិម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាន​ថ្លែង​ថា​ការ​ស្វែង​រក​វ៉ាក់សាំង​ចាក់​ដល់​ក្មេង​ជា​រឿង​មួយ​ប្រសើរ ដែល​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ ប៉ុន្តែ​លោក​ចោទ​ជា​សំណួរ​អំពី​វ៉ាក់​សាំង​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខាភិបាល​ពិភព​លោក​(WHO)​សម្រាប់​ចាក់​ឲ្យ​ក្មេង ដើម្បី​ជៀស​វាង​ការ​ប្រថុយ​ប្រថាន។

លោក​ប្រាប់​វីអូអេ​ថា​៖ «ក្មេង​នៅ​ក្នុង​អាយុ​ហ្នឹង គឺ​ជា​ប្រឈម​ខ្លាំង​នៅ​ក្នុង​ការឆ្លង​កូវីដ​១៩​ខ្ពស់​ទេ ហើយ​ក៏​វា​មិន​សូវ​មាន​ដែរ ភាគ​រយ​តិច​ណាស់ អញ្ចឹង​បើ​សិន​ជា​យើង​រង់​ចាំ​រហូត​ដល់​ការ​សិក្សា​បាន​ចប់​សព្វ​គ្រប់ វា​ជា​ការ​ប្រសើរ កុំ​ឲ្យ​ថា​ក្រុមហ៊ុន​ចាត់​ទុកកម្ពុជា​ជា​កន្លែង​ដែល​សាក​ល្បង[វ៉ាក់សាំង]បាទ»។

វីអូ​អេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​តំណាង​អង្គការ​សុខភាព​ពិភព​លោក(WHO) អ្នកស្រី Li Ailan តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ពុធ​នេះ​បាន​នៅ​ឡើយ​ទេ។

អ្នកស្រី ​Foroogh Foyouzat ​នាយិកា​អង្គការ​យូនីសេហ្វ​(Unicef)​ប្រចាំកម្ពុជា ប្រាប់​វីអូអេ​តាមសារ​អ៊ីម៉េល​នៅថ្ងៃពុធ​ថា វា​អាស្រ័យ​លើការ​សម្រេច​របស់​រដ្ឋាភិបាល​ថាតើ​ក្រុម​មនុស្ស​ប្រភេទណា​ត្រូវចាក់​វ៉ាក់សាំង ​ហើយ​ចាក់នៅពេល​ណា​ទៅតាម​បរិបទ​ខាង​ក្នុងស្រុក​ និងការ​សិក្សា​បែប​វិទ្យាសាស្រ្ត​អំពីជំងឺ។ អ្នកស្រី​បន្ថែមថា​រហូត​មក​ដល់​ពេលនេះ ​មានតែ​វ៉ាក់សាំង​ប្រភេទPfizer/BioNTech ​ដែល​ត្រូវបាន​អនុញ្ញាត​ដោយ​អង្គការ​សុខភាព​ពិភពលោកសម្រាប់​ចាក់​ឲ្យក្មេង​អាយុចន្លោះ​១២ទៅ​១៧ឆ្នាំ​ ហើយ​មិនទាន់​មាន​វ៉ាក់សាំង​ណាមួយ​ដែលត្រូវ​បាន​អនុញ្ញាតសម្រាប់​ក្មេង​ក្រោម​អាយុ១២​ឆ្នាំ​នៅឡើយ​ទេ។

អ្នកស្រី​បញ្ជាក់ថា៖ «ប្រទេស​ដែល​ពិចារណា​ការចាក់​វ៉ាក់សាំង​សម្រាប់​ក្រុម​មនុស្ស​វ័យក្មេង ​ចាំបាច់​ត្រូវគិត​ពីសុវត្ថិភាព​ និង​ប្រសិទ្ធភាព​នៃវ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​សម្រាប់​ក្មេង ​ដោយមើល​ទៅលើ​ហានិភ័យ​ស្រួច​ស្រាល់ និង​អត្ថប្រយោជន៍» ។

អ្នកស្រី Foroogh Foyouzat ​បន្ថែមថា​ចាប់តាំង​ពីការ​ចាប់ផ្តើម​នៃការ​រាតត្បាត​ជំងឺជា​សាកល ​ភ័ស្តុតាងបង្ហាញថា ​ជំងឺ​កូវីដ១៩​នេះ ​មិនបង្ក​ហានិភ័យ​ខ្ពស់ដល់​ក្មេង​នោះទេ។

គួរ​បញ្ជាក់​ថា ​ប្រទេស​មួយ​ចំនួន​បាន​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់​សាំង​ស៊ីណូវ៉ាក់​ដល់​ក្មេង ដូច​ជា​ប្រទេស​ឈីលី​ជាដើម ហើយ​ក្រុម​ហ៊ុនSinovac Biotech Ltd ក៏​បាន​ប្រកាស​ថា​វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធ​ភា​ព​សម្រាប់​ក្មេង​ដែល​មាន​អាយុ​៣​ឆ្នាំ​ឡើង។

​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​កញ្ញា កម្ពុជា​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ យ៉ាង​តិច​មួយ​ដូស​ដល់ពលរដ្ឋ​បាន​ជាង​១១,៥​លាន​នាក់ ក្នុង​នោះ​កុមារ​អាយុ​ចន្លោះ​១២​ទៅ​១៨​ឆ្នាំ បាន​ជាង​១,៧​លាន​នាក់។ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខាភិបាល៕

XS
SM
MD
LG