ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ស្នើ​ឲ្យ​ពិចារណា​ផ្អាក​ភ្ជុំ​បិណ្ឌ​ឬ​បន្ថយ​ចំនួន​មនុស្ស ក្រោយ​មាន​ករណី​ឆ្លង​នៅ​តាម​វត្ត​អារាម


រូបឯកសារ៖ លោក ហ៊ុន សែន ថ្លែង​បើក​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់មេគង្គ (GMS) លើកទី៧​ តាម​អនឡាញ​កាល​ពី​ ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២១ ពី​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ចិន ឡាវ វៀតណាម ថៃ និង​ប្រមុខ​​របប​សឹក​ភូមា។ (ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ ពិចារណា​ផ្អាក​បុណ្យ​ភ្ជុំ​បិណ្ឌ ឬ​កាត់​បន្ថយ​ចំនួន​មនុស្ស​ទៅ​វត្ត​អារាម ក្រោយ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​។ នេះ​បើ​តាម​សារ​ជា​សំឡេង​របស់​នាយក​រដ្ឋមន្រ្តី ដែល​ចេញ​ផ្សាយ​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍។

លោក ហ៊ុន សែន បាន​ចាត់​ទុក​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​តាម​វត្ត​អារាម ក្រោយ​ប្រជាពលរដ្ឋ​សម្រុក​ទៅ​វត្ត ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ដែល​ជា​ថ្ងៃ​បិណ្ឌ​មួយ ជា«កង្វល់​ធំ»មួយ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធាន​ការ។ នៅ​ពេល​ថ្លែង​នោះ លោក ហ៊ុន សែន មិន​ទាន់​បញ្ជា​ឲ្យផ្អាកបុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បញ្ជា​ឲ្យ​ក្រសួង​សុខា​ភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ​«ពិនិត្យ​ជា​បន្ទាន់» ហើយ​អាច​ពិចារណា​ផ្អាក​ពិធី​នេះ ឬ​កាត់​បន្ថយ​តាម​របៀប​ណា​មួយ ដើម្បី​ធានា​កុំ​ឲ្យ​មាន​ការ​ឆ្លង​ទ្រង់​ទ្រាយ​ធំ ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ចប់។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ប្រសិន​បើ​យើង​បន្ត​ អាច​ថា​លទ្ធផល​ដែល​យើង​ទទួល​បាន​ក្នុង​រយៈ​ពេល​កន្លង​ទៅ​នេះ គឺ​នឹង​មាន​ការ​រីក​រាល​ដាល​ធ្ងន់​ធ្ងរ​ហួសពី​ការ​គិត ដែ​ល​យើង​បាន​គិត​នៅ​មុន​ពេល​បុណ្យ»។

ភ្លាមៗ​ក្រោយការ​ពីការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​មន្ទីរធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ បាន​នាំមុខ​គេក្នុង​ការ​ចេញ​សេចក្តី​ប្រកាស​ជូនដំណឹង​ និងសំណូមពរ​ដល់ព្រះសង្ឃ​គង់នៅ​តាម​វត្តអារាមនានា​ ពលរដ្ឋ​ ពុទ្ធបរិស័ទក្នុង​រាជធានី ​អនុវត្ត​តាមវិធានការ​របស់​រាជរដ្ឋាភិបាល ​និង​ វិធានការ​ក្រសួងសុខាភិបាល​ចំពោះការ​ទប់ស្កាត់​ជំងឺកូវីដ១៩ ​និង​ សូមបន្ត​ផ្អាកការ​ជួបប្រជុំ​ផ្សេងៗ និង ​ការប្រមូល​ផ្តុំថ្វាយបង្គំ ​ជាបណ្តោះអាសន្ន​ចាប់ពីពេលនេះ​ រហូតមានការ​ជូន​ដំណឹង​ជាថ្មី។

គួរ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ​ក្រសួងធម្មការ​និង​សាសនា​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ ដោយ​អនុញ្ញាត​ឲ្យវត្ត​អារាម​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ ភ្ជុំ​បិណ្ឌ និង​កឋិន​ទាន ​ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​ការ​ប្រកាន់​ខ្ជាប់​តឹងរ៉ឹង​នូវវិធាន​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

ការ​សម្រេច​ឲ្យ​ប្រារព្ធ​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ទូទាំង​ប្រទេស​នេះ ស្រប​ពេល​ដែល​ព្រះ​សង្ឃ​តាម​វត្ត​អារាម​មួយ​ចំនួន បាន​ត្អូញ​ត្អែរ​អំពី​កង្វះ​ខាត​ចង្ហាន់ និង​បច្ច័យ ដោយ​សារ​មិន​មាន​ពុទ្ធ​បរិស័ទ​ច្រើន​នោះ​ទេ​មក​វត្ត​អារាម ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ​១៩៕

XS
SM
MD
LG