ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩នៅ​កម្ពុជា កើន​ឡើង​ដល់​ជាង​២​ពាន់​នាក់ ក្នុង​រយៈ​ពេល​៦​ខែ


រូបឯកសារ៖ រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​អ្នក​ជំងឺ​កូវីដ១៩​ឆ្ពោះទៅ​មជ្ឈមណ្ឌល The Premier Center ដែល​ពី​មុន​ជា​អគារ​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ តែ​ឥឡូវ​ប្រែក្លាយ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​អ្នក​ជំងឺ​កូវីដ១៩​ឆ្ពោះទៅ​មជ្ឈមណ្ឌល The Premier Center ដែល​ពី​មុន​ជា​អគារ​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ តែ​ឥឡូវ​ប្រែក្លាយ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់​ជាង​២​ពាន់​នាក់ ​ក្នុង​រយៈ​ពេល​៦​ខែ​នៃ​ការ​ផ្ទុះ​ឆ្លង​សហគមន៍​ធ្ងន់​ធ្ងរ។ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខា​ភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ចំនួន​អ្នក​ស្លាប់​ថ្មី​ដែល​ត្រូវ​បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មាន​ចំនួន​២០​នាក់ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​នៅ​ទូទាំង​ប្រទេស កើន​ឡើង​ដល់​២.០០៧​នាក់។ កាល​ពី​ថ្ងៃ​ពុធ ក្រសួង​សុខាភិបាល​បាន​រាយ​ការណ៍​ករណី​ស្លាប់​ថ្មី​តែ​៦​នាក់​ប៉ុណ្ណោះ។

បើ​គិត​ក្នុង​រយៈ​ពេល​មួយ​ខែ មនុស្ស​ប្រមាណ​៣៣៥​នាក់​ស្លាប់ ហើយ​ក្នុង​មួយ​ថ្ងៃ​វិញ ជា​មធ្យម​មាន​មនុស្ស​ប្រមាណ​១១​នាក់​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩។

កម្ពុជា​បាន​រាយការណ៍​ករណី​ស្លាប់​ដំបូង​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២១ ក្នុង​ពេល​ដែល​ប្រទេស​ប្រឈម​ការ​ឆ្លង​ខ្ពស់​នៃ​ព្រឹត្តិ​ការណ៍​២០​កុម្ភៈ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​សរុប​បាន​កើន​ឡើង​ដល់​ជាង​៩៧.០០០​នាក់ ដែល​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៥៨៩​នាក់។

កន្លង​ទៅ​ ក្រសួង​សុខា​ភិបាល​ធ្លាប់​បាន​ប្រកាស​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ដោយ​បញ្ជាក់​ថា​ដោយ​សារ​ពួក​គេ​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់​ធ្ងរ​បន្ថែម​ពី​លើ​ជំងឺ​កូវីដ​១៩ ទើប​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សួត​របស់​ពួកគេ​ធ្ងន់​ធ្ងរ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​រយៈ​ពេល​ខ្លី។

គួរ​បញ្ជាក់​ថា​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រាត​ត្បាត​វីរុស​បំប្លែង​ថ្មី​ដែល​តា(Delta) ហើយ​ករណី​ឆ្លង​នេះ​បាន​កើន​ឡើង​ដល់​៣.៣២៣​នាក់ បើ​គិត​រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា។ រាជ​ធានី​ភ្នំពេញ​មាន​ករណី​ឆ្លង​វីរុស​ដែលតា​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១.១១៣​នាក់។ នេះ​បើ​ផ្អែក​តាម​ក្រសួង​សុខាភិបាល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG