ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​បង្ហាញ​គោល​នយោបាយ​នៃ​គណបក្ស​​របស់​ខ្លួន


យុវជន​ចួលរួម​ក្នុង​កិច្ចពិភាក្សា​ដេញដោល​គ្នា​របស់​យុវជន​តំណាង​គណបក្ស​នយោបាយ រៀបចំ​ដោយ IRI។​
យុវជន​ចួលរួម​ក្នុង​កិច្ចពិភាក្សា​ដេញដោល​គ្នា​របស់​យុវជន​តំណាង​គណបក្ស​នយោបាយ រៀបចំ​ដោយ IRI។​
កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​សួរ​ដេញដោល​មតិ​ក្នុង​ចំណោម​តំណាង​យុវជន​មក​ពី​គណបក្ស​នយោបាយ​ដែលកំពុង​ប្រកួត​ប្រជែង​នៅក្នុង​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​ទី​៥​ខាង​មុខ​នេះ។​

តំណាង​មកពី​គណ​បក្សកាន់​អំណាច​បាន​ទទួល​ការ​គាំទ្រ​ពី​ទស្សនិក​ជន​យ៉ាង​ច្រើន​ ប៉ុន្តែ​ទស្សនិក​ជន​ខ្លះ​បាន​លើក​ឡើង​ថា​ គណបក្ស​នេះ​បាន​រៀបចំ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ស្រែក​ហ៊ោ​កញ្ជៀវ ​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​បេក្ខជន​របស់​ខ្លួន។​

យុវជន​តំណាង​គណបក្ស​នយោបាយ​ចំនួន​៦​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​៨​ ដែល​កំពុងប្រកួតប្រជែង​នៅក្នុង​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​ទី៥​នេះ​ បាន​ចូលរួម​សួរដេញដោល​គ្នា​និង​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​ការ​អប់រំ​និង​ការ​ងារ ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដេញ​ដោល​មតិ​មួយ​ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរ​ជាតិ ​IRI​ នៅក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២០ ​ខែ​កក្កដា​កន្លង​ទៅ​នេះ។

គណបក្ស​ទាំង​៦​ដែល​តំណាង​ដោយ​យុវជន​រៀងៗ​ខ្លួន​ រួម​មាន​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​គណបក្ស​សញ្ជាតិ​កម្ពុជា ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ គណបក្ស​ខ្មែរ​ឈប់ក្រ ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ។​

កញ្ញា​ជេស៊ីកា ឃីហ្គេន​គឺជា​នាយិកាស្តីទី​នៃ​វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ។​

កញ្ញានិយាយថា៖​ «ការ​ដេញ​ដោល​មតិ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​និង​ប្រទេស​ដែល​មាន​ប្រជា​ធិបតេយ្យ​ក្មេងខ្ចី ​ព្រោះ​វាជួយ​ឲ្យ​ប្រជា​ពលរដ្ឋ ​បាន​ដឹង​ច្បាស់​អំពី​បញ្ហា​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ»។​

ការ​សួរ​ដេញដោល​និង​ឆ្លើយ​សំណួរ​របស់​បេក្ខជន​នីមួយៗ​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិក​ជន​ផ្សេងៗ​គ្នា។​
យុវជន​បង្ហាញ​គោល​នយោបាយ​នៃ​គណបក្ស​​របស់​ខ្លួន
សូម​រង់ចាំ

No media source currently available

0:00 0:06:15 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

កញ្ញា​គឹម ឌីណា ​គឺ​ជា​និស្សិត​បញ្ចប់ការ​សិក្សា​ហើយ​អះអាង​ថា​ គ្មាន​ការងារ​ធ្វើ​អស់​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ។​

កញ្ញានិយាយថា៖​ «ខ្ញុំ​ពេញ​ចិត្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​សារ​គោល​នយោបាយ​ទាំង​៧​ចំណុច​របស់​គាត់​វា​បាន​ទៅ​ដល់​ដៃ​ប្រជា​ពលរដ្ឋ ​ទាំង​យុវជន​ ទាំង​ចាស់​ជរា​គឺ​គាត់​បាន​ផ្តោត​ត្រូវ​បាន​ល្អ»។​

ប៉ុន្តែ​លោក​ឈាង ម៉ារីយ៉ា ​និស្សិត​មក​ពី​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​ យល់​ខុស​ពី​នេះ។​

លោក​និយាយថា៖ ​«ខ្ញុំ​ពេញ​ចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​គេ ​ព្រោះ​ថា ​ការ​បកស្រាយ​របស់​គាត់​បាន​ល្អ ​ហើយ​សមស្រប​នឹង​ពេល​បច្ចុប្បន្ន»។​

នៅអំឡុង​ពេល​ដេញដោល​គ្នា​និង​ឆ្លើយ​សំណួរ​ គេ​សង្កេត​ឃើញ​មាន​ការ​ហ៊ោ​កញ្ជៀវ​ពី​ទស្សនិក​ជន ​នៅរាល់​ពេល​ដែល​យុវជន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ឡើង​បក​ស្រាយ។​ ការ​ហ៊ោ​កញ្ជៀវ​អឹងកង​ខ្លាំង​ក្លាជាង​គេ​ទៅ​លើបេក្ខជន​តំណាង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​បានធ្វើ​ឲ្យ​ទស្សនិក​ជន​ខ្លះ​គិត​ថា ​វា​ជា​ការ​រៀបចំទុក​ជាមុន​របស់​គណបក្ស​មួយ​នេះ។​

កញ្ញា​គឹម ឌីណា​និយាយ​ថា៖​ «ជាក់​ស្តែង​ខ្ញុំ​មាន​មិត្តភក្តិ​មួយ​ចំនួន​នៅ​តាម​សាកល​វិទ្យាល័យ​ផ្សេងៗ។​ គាត់​មក​ចូលរួម​គឺ​ខាង​សាលា​គេ​ចាត់​ឲ្យ​មក។​ គ្រូ​មួយៗ​ដែល​នាំ​មក​ គេ​សុទ្ធ​តែ​ប្រាប់​ថា ​ពេល​ដែល​គណបក្ស​ប្រជាជន​ហ្នឹង​និយាយ​គឺ​ត្រូវ​តែ​គាំទ្រ ​ទះដៃ​ ហាម​គាំទ្រ​គណបក្ស​ផ្សេង»។​

ប៉ុន្តែ​ការ​អះអាង​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​អ្នក​ចូលរួម​ខ្លះ។​

លោកណុប នរិន្ទ​គឺ​ជានាយក​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​ និង​ជា​ជំនួយការ​របស់​លោក​ឧប​នាយករដ្ឋមន្ត្រី​ស ខេង​របស់​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​និយាយថា៖ ​«និស្សិត​ទាំង​នោះ ​គាត់​ចង់​ដឹង​ថា​ តើ​ការ​ដេញ​ដោល​គ្នា​នេះ របស់​យុវជន​ថ្នាក់ជាតិ​របស់​គណបក្ស​នីមួយៗ​ គាត់​មាន​គោល​នយោបាយ​បែប​ណា​សម្រាប់​អនាគត​របស់​យុវជន។ ​អញ្ចឹង​បាន​ជា​គាត់​ស្ម័គ្រ​ចិត្ត​មក​ដោយ​ខ្លួន​គាត់ ​អត់​មាន​អ្នក​ណា​បង្ខិត​បង្ខំ​គាត់​ទេ។​ ហើយ​ការ​គាំទ្រ​ជា​សិទ្ធិ​សេរីភាព​របស់​មនុស្ស​ម្នាក់ៗ»។​

យ៉ាង​ណាក៏ដោយ ​ក្រុម​អ្នក​រៀបចំ​កម្មវិធី​ចាត់​ទុក​ថា​ នេះ​គឺ​ព្រឹត្តិ​ការណ៍​ដែល​អាច​ផ្តល់​ព័ត៌មាន​ដល់​ពលរដ្ឋ​ឲ្យ​ទទួល​បាន​ទស្សនៈ​ផ្សេងៗ​គ្នា​ពី​មនុស្សផ្សេង​គ្នា​ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ប្រកប​ដោយ​ការ​យល់​ដឹង​នៅ​ថ្ងៃ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា​ខាង​មុខ​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG