ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុវជន​ច្រើន​ស្ម័គ្រ​ចិត្ត​សង្កេត​មើលដំណើរ​ការ​បោះឆ្នោត


យុវវ័យ​​គាំទ្រ​​គណ​បក្ស​​សង្គ្រោះជាតិ​​ចូល​រួម​យុទ្ធនាការ​​ឃោសនា​​​ដើម្បី​ឲ្យមាន​ការផ្លាស់ប្តូរ។​
ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាន់​តែ​ខិត​ចូល​មក​ គេ​សង្កេត​ឃើញ​ថា​ យុវជន​កម្ពុជាបាន​ចូលរួម​ក្នុង​កិច្ចការ​ឃោសនា ​និង​ការ​បោះឆ្នោតមាន​សន្ទុះ​កាន់តែ​ផុសផុល​ឡើង​ខុស​ពី​អាណត្តិ​មុន​ៗ។ ការណ៍​នេះ​មន្ត្រី​ជំនាញ​អះអាង​ថា ​ជា​ចំណុច​របត់​នយោបាយ​ដ៏​វិជ្ជមាន​មួយ​ក្នុង​សង្គម​កម្ពុជា។​

ស្រប​ពេល​ដែល​យុវជនជា​ច្រើន​បាន​ចូល​រួម​ក្នុង​ចលនា​ឃោសនា​នយោបាយ​ មាន​យុវជន​ច្រើន​ពាន់នាក់​ផ្សេង​ទៀត​កំពុង​បម្រើ​ការ​ជា​យុវជន​ស្មគ្រ័​ចិត្ត​ក្នុង​អង្គការ​នានា​ដើម្បី​ចូលរួម​សង្កេត​ការណ៍​បោះឆ្នោត ​និង​ណែ​នាំ​ពលរដ្ឋ​មូលដ្ឋាន​ឱ្យ​ទៅ​បោះឆ្នោត​ជាដើម។​

កញ្ញា​ឡេង ចាន់ណាវី​ អាយុ​២៦​ឆ្នាំ​ជានិស្សិត​សាកល​វិទ្យាល័យ​ម្នាក់​ កំពុង​ស្ម័គ្រ​ចិត្ត​ធ្វើអ្នកសង្កេត​ការណ៍​ឱ្យ​អង្គការ​ខុមហ្វែល​នៅ​មណ្ឌល​បោះឆ្នោត​មួយ​ប្រចាំ​ខេត្ត​កណ្តាល។​ កញ្ញាថ្លែង​ពី​មូល​ហេតុ​នៃ​ការ​ស្ម័គ្រ​ចិត្ត​របស់​កញ្ញា។

កញ្ញា​និយាយ​ថា៖​ «មក​ពី​ចង់​ប្រឡូកក្នុង​ការ​ងារ​ហ្នឹង។​ ខ្ញុំ​ចង់​ឱ្យ​ការ​បោះឆ្នោត​ហ្នឹង​ដំណើរ​ការ​ទៅ​ល្អ ​ចង់​ឃើញ​ថា ​តើ​វា​មាន​ភាព​មិន​ប្រក្រតី​អ្វី​ខ្លះ​ ចង់​ឱ្យ​ការ​បោះឆ្នោត​ហ្នឹង​ជា​លទ្ធផល​មួយ​សុក្រឹត្យ ​មិន​មែន​ជា​ការ​កេង​បន្លំ​ បោក​បញ្ឆោត​គ្នា​ដើម្បី​បាន​លទ្ធផល»។​

ខុមហ្វ្រែល​មាន​យុវជន​ចំនួន៧​ពាន់​នាក់ ​ឬស្មើនឹង​៧០​ភាគ​រយ​នៃ​ពលរដ្ឋ​ប្រមាណ​១០.០០០​នាក់​ដែល​ធ្វើ​ជាអ្នក​សង្កេត​ការណ៍​ស្ម័គ្រចិត្តនៅ​តាម​មណ្ឌល​បោះ​ឆ្នោត​នានា។​

រី​ឯ​យុវជន​ម្នាក់​ទៀត​គឺ​លោក​អ៊ុក ប៉ៅ ​អាយុ​២៣​ឆ្នាំ ​ជា​អ្នក​ស្ម័គ្រចិត្តចុះ​ទៅ​អប់រំ​និង​ជំរុញ​ឱ្យ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ទៅ​បោះឆ្នោត​ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ​(YCC)។​

លោក​និយាយ​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា​ យុវជន​ជា​កម្លាំង​ចលករ​មួយ​ដើម្បី​ធ្វើ​ឱ្យ​សង្គម​ជាតិ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស។​ ដូច្នេះ​ទើប​ក្រុម​ពួក​ខ្ញុំ​សហការ​គ្នា​ចុះ​ទៅ​ជំរុញ​ប្រជា​ពលរដ្ឋឱ្យ​ទៅ​បោះឆ្នោត ។ ​ហើយ​ការជ្រើសរើស​ថ្នាក់​ដឹកនាំ​ខុស​ វា​នាំ​ឱ្យ​មាន​ផល​វិបាក​អ្វី​ដល់​សង្គម​របស់​យើង។​ ប៉ុន្តែតាំង​ពី​ក្រុម​ពួក​ខ្ញុំ​ចុះ​ទៅ​អប់រំ​ពួកគាត់​ ខ្ញុំ​ឃើញ​ថា ​ពួក​គាត់​មាន​ការ​ចាប់​អារម្មណ៍​និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​បោះឆ្នោត​នេះ​ច្រើន»។​

បណ្តាញ​យុវជន​ស្ម័គ្រ​ចិត្ត​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ក៏​បាន​ប្រើប្រាស់​យុវជន​ស្ម័គ្រ​ចិត្ត​ចំនួន​៧២០នាក់​ដែរសម្រាប់​គម្រោង​ជំរុញ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ​ក្នុង​ខេត្ត​គោល​ដៅ​ចំនួន​៩។ ​នេះ​បើ​តាម​លោក​សុខ វុធី​មន្ត្រី​ទំនាក់​ទំនងរបស់​អង្គការ​នេះ។​

លោក​ជាង សុខា​ នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ (YRDP) ​ដែល​ធ្វើ​ការ​ស្និទ្ធ​នឹង​យុវជន​ បាន​សង្កេត​ឃើញ​ថា​ យុវជន​បានចូល​រួមក្នុង​ចលនា​បោះឆ្នោតផុសផុល ​ច្រើន​ជាង​អាណត្តិ​មុនៗ​ ដែល​លោក​គិត​ថា ​នេះ​ជា​ផ្នែក​មួយ​ដើម្បីលើក​កម្ពស់ការ​បោះឆ្នោត​មួយ​ដោយ​សេរី​និង​យុត្តិ​ធម៌​នៅ​កម្ពុជា។​

លោក​និយាយ​ថា៖ «យុវជន​ដែល​គាត់​ទទួល​បាន​ចំណេះ​ដឹង​ពី​ការ​បោះឆ្នោត​ហ្នឹង ​គាត់​បាន​យក​ទៅ​ផ្សព្វផ្សាយ​ដល់​មិត្ត​ភ័ក្ត ឬ​ក៏​គ្រួសារ​របស់​គាត់​ទៀត។ កន្លែងហ្នឹង​ ខ្ញុំ​គិត​ថា ក៏​ជា​តួនាទី​សំខាន់​ដែរ។​ ​បើ​យើង​សង្កេត​មើល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ យើង​ឃើញ​ថា ​យុវជន​ច្រើន​មែន​ទែន​ សឹង​តែ​គ្រប់​គណបក្ស​នយោបាយ ​មាន​យុវជន​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ដែល​ខុស​ពី​ការ​បោះឆ្នោត​មុនៗ»។​

ប៉ុន្តែ​លោក​ជាង​ សុខា​ថ្លែង​ថា​ ការ​ចូលរួម​របស់​យុវជន​នៅ​តែ​មាន​កម្រិតនៅ​ឡើយ ​ជា​ពិសេស​អ្នក​ដែល​រស់​នៅ​តាម​ទី​ជនបទ​ ដោយ​សារ​កង្វះ​ព័ត៌មាន​ ធនធាន ​និង​ការ​អប់រំ។​
លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខមហ្វ្រែល)​ក៏​យល់​ដូចគ្នា​ដែរ​ថា​ ការ​ចូលរួម​ក្នុង​សកម្មភាព​បោះឆ្នោត​របស់​យុវជននៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។​

លោក​និយាយ​ថា៖​ «យុវជន​គួរ​តែ​បាន​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ដឹង​ព័ត៌មាន​មុន​ឪពុកម្តាយ​គាត់។​ ប៉ុន្តែ​ជាក់ស្តែង ​តាម​ការ​ស្រាវជ្រាវ​របស់​យើង​ យុវជន​ភាគ​ច្រើន​ទទួល​បាន​ព័ត៌មាន​ពី​ឪពុកម្តាយ​វិញ​ទេ។​ លើក​លែង​តែ​ដូចជា​ខុមហ្វ្រែល​យើង​ទៅ​ទាក់​ទង​គាត់​ពិសេស ​ទើប​គាត់​ចូលរួម​ច្រើន។​ ប៉ុន្តែ​ប្រសិន​បើ​គ្មាន​ទំនាក់​ទំនង​ពិសេស ​ទៅ​ទាក់ទង​ទេ​ គាត់​ចាប់​អារម្មណ៍​រឿង​នយោបាយ​តិច​ណាស់​ជា​ពិសេស​យុវជន​នៅ​តាម​ជនបទ»។​

បើ​តាម​ការ​ស្រាវជ្រាវ​របស់អង្គការ​ខុមហ្វ្រែល​នៅ​ឆ្នាំ​២០១២​ឲ្យ​ដឹង​ថា​ យុវជន​ភាគ​ច្រើន​ពុំ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​បោះឆ្នោត​ទេ​ ​ហើយ​ពួកគេ​ជា​ច្រើន​មិន​បាន​ទៅ​ចុះ​ឈ្មោះ​និង​ពិនិត្យ​ឈ្មោះបោះឆ្នោត​ ឬ​មិនចែក​រំលែក​ព័ត៌មាន​អំពី​ការ​បោះឆ្នោត​នោះ​ទេ។​

របាយការណ៍​នេះ​បន្ថែម​ថា​ អ្នក​បោះឆ្នោត​វ័យ​ជំទង់ ​អាយុ​ចន្លោះ​ពី​១៨​ទៅ​៣០​ឆ្នាំ ​ដែល​បាន​ទៅ​បោះឆ្នោត​មាន​ចំនួន​ត្រឹម​តែ​៤៩​ភាគ​រយ​ប៉ុណ្ណោះ​នៃ​ចំនួន​យុវជន​សរុប​ដែល​មាន​ឈ្មោះ​បោះឆ្នោត​ជាង​៣,៥​លាន​នាក់ ​ដែល​ចំនួន​នេះ​គឺ​ទាប​ខ្លាំង​ជាង​អត្រា​អ្នក​បោះឆ្នោត​ដែល​មាន​អាយុ​លើស​ពី​៣០​ឆ្នាំ។​

តាម​ការ​កត់​សម្គាល់​របស់​លោក​គល់ បញ្ញា​ឲ្យ​ដឹង​ថា​ បញ្ហា​នេះ​ដោយ​សារ ​ប្រព័ន្ធ​អប់រំ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុកបាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រធាន​បទ​ទាំង​នេះ​តិចតួច​ប៉ុណ្ណោះ។​ មួយ​វិញ​ទៀត ​កត្តា​កង្វះ​ព័ត៌មាន​និង​ធនធាន​ក៏​ជា​កំហិតសម្រាប់​ការ​ចូលរួម​របស់​ក្រុម​យុវជន​វ័យ​ក្មេង​ដែរ។​

ទោះ​បី​ជា​យ៉ាងណា ​យុវជន​ភាគ​ច្រើន​ ដែល​វីអូអេ​ខេមរភាសា​បាន​ជួប​សម្ភាសន៍​ បាន​ថ្លែង​ថា ​ពួកគេមិន​បាន​ចូល​រួម​សកម្មភាព​លើក​ទឹក​ចិត្ត​អ្នក​បោះឆ្នោត ឬ​មិនជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការបោះឆ្នោត ​ឬ​មិនមាន​ទំនោរ​រក​ការ​ជួយ​ផ្នែក​សង្កេត​ការណ៍​បោះឆ្នោត​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​មួយ​ចំនួន​អះអាង​ថា​ ពួកគេ​បាន​ចូលរួម​ការ​ដង្ហែ​ក្បួន​ឃោសនា​របស់​គណបក្សនិង​សន្យា​ថា​ ពួកគេ​នឹង​ទៅ​បោះឆ្នោត។​

លោក​គឹម សេង​ យុវជន​អាយុ​២៥​ឆ្នាំ​ ​មក​ពី​ខេត្ត​កណ្តាល​កំពុង​សំចតម៉ូតូ​ ឈរលក់​នំ​នៅ​ក្បែរ​របង​សាលា​មួយ​កន្លែង​នៅ​ភ្នំពេញ។​

លោក​និយាយ​ថា៖ «ខ្ញុំ​អត់​បានទេ ​ដោយ​សារ​ខ្ញុំ​រវល់​រក​ស៊ី។​ ប៉ុន្តែ​ខ្ញុំ​បាន​សង្កេត​មើល​គណបក្ស​ណា​ល្អៗ​ ហើយ​ខ្ញុំ​នឹង​ទៅ​បោះឆ្នោត​រើស​គណបក្ស​មួយ​ដែល​សមរម្យ​នៅ​ថ្ងៃ​ខាងមុខ»។​ ​

ការ​បោះ​ឆ្នោត​សភា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា​ខាង​មុខ​នេះ ​ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​៨​ចូលរួម​ប្រកួត​ប្រជែង។​

មាន​យុវជន​ជាង១,៥​លាន​នាក់​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​សរុប​ចំនួន​ជាង​៩,៦​លាន​នាក់​ ជា​អ្នក​បោះ​ឆ្នោត​ដំបូង។ ​នេះ​បើ​យោង​តាម​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត។​

ប៉ុន្តែ​លោកជាង​ សុខា​រំពឹង​ថា​ យុវជន​ទាំង​នោះ​ ដែលមាន​ចំនួន​ដ៏​ច្រើន​ នឹង​មិន​ទៅ​បោះ​ឆ្នោត​ទេ ​ដោយ​សារ​កំណើន​ពលករ​ចំណាក​ស្រុក​ដែល​មាន​ចំនួនប្រហែល​៦​សែន​នាក់​និង​ដែលភាគ​ច្រើន​ជា​យុវជន។ ​រីឯ​យុវជន​យ៉ាង​តិច​១​លាន​នាក់​ផ្សេង​ទៀត​កំពុងធ្វើ​ការ​ជា​កម្មករ​នៅ​ទីប្រជុំ​ជន​ក្នុង​ប្រទេស។​ ពួក​គេ​ទាំង​នោះ​ភាគច្រើនទំនង​នឹង​មិន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដើម្បី​បោះឆ្នោត​នោះ​ទេ ​ដោយ​សារ​កង្វះ​ចំណាប់​អារម្មណ៍ ខ្វះ​មធ្យោបាយធ្វើ​ដំណើរ​ ខ្វះធនធាន ​និង​ខ្វះ​ព័ត៌មាន​អំពី​ការ​បោះឆ្នោត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG