ភ្នំពេញ៖ មេដឹកនាំយុវជនមួយរូបនិយាយថា យុវជនគួរតែប្រើប្រាស់អ្នកនយោបាយជាឧបករណ៍ដើម្បីសម្រេចគោលដៅរបស់ខ្លួន ជាជាងបណ្តោយឲ្យអ្នកនយោបាយប្រើប្រាស់ពួកខ្លួនដើម្បីផ្តល់អំណាចដល់ពួកគេទៅវិញនោះ។ លោក សុខ ពិទូរ្យ នាយកប្រតិបត្តិនៃក្រុមប្រឹក្សាកម្ពុជា បានថ្លែងយ៉ាងដូច្នេះ នៅ ក្នុងកម្មវិធីសំឡេងយុវជននៃកម្មវិធីហេឡូ វីអូអេ របស់វិទ្យុសំឡេងសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទ ទី៨ ខែកក្កដានេះ។
«យុវជនមិនគួរជឿគណបក្សនយោបាយណាមួយផ្គាប់មុខនោះទេ។ ពួកគេត្រូវសំឡឹងមើលគណបក្សនយោបាយណាដែលផ្តល់ផលប្រយោជន៍ដល់ពួកគេហើយហ៊ានសន្យាធ្វើតាមអ្វីដែលពួកគេចង់បាន»។
លោក បន្ថែមថា ៖
«យើងមានជម្រើស។ បើគណបក្សនយោបាយណាមួយមិនបានផ្តល់ផលប្រយោជន៍ដល់យើងហើយមិនល្អនោះ យើងត្រូវប្តូរទៅរកគណបក្សមួយទៀត»។
ជាង១ភាគបី នៃប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតជាង៩លាននាក់ គឺជាយុវជនដែលមានអាយុពី១៨ទៅ៣០ឆ្នាំ។ គេរំពឹងថា ពួកគេនឹងចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ពួកគេសម្រាប់បង្កើតរដ្ឋាភិបាលអាណត្តិទី៥ នៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ។
មានគណបក្សនយោបាយចំនួន៨ កំពុងប្រកួតប្រជែងគ្នា និងកំពុងធ្វើយុទ្ធនាការឃោសនាទាក់ទាញសំឡេងឆ្នោតពីក្រុមអ្នកបោះឆ្នោតទាំងនេះ។
ប៉ុន្តែ អ្នកបោះឆ្នោតខ្លះ និយាយថា យុវជន ងាយក្លាយជាឧបករណ៍របស់អ្នកនយោបាយជាងធ្វើជាចៅហ្វាយពួកគេ។
កញ្ញា ស្រី លាប មកពីខេត្តព្រៃវែងគឺជាអ្នកទូរស័ព្ទចូលរួមក្នុងកម្មវិធីម្នាក់។
«ក្នុងប៉ុន្មានអាណត្តិកន្លងមកនេះ ខ្ញុំឃើញថាយុវជនហាក់ដូចជាចាញ់បោកអ្នកនយោបាយ។ ប៉ុន្តែខ្ញុំសង្ឃឹមថា ពួកគេនឹងមិនចាញ់បោកពួកគេទៀតទេ នៅក្នុងអាណត្តិក្រោយនេះ។ អ្នកទូរស័ព្ទចូលរួមម្នាក់ទៀតគឺកញ្ញា ស្រី ម៉ៅ មកពីខេត្តកណ្តាល»។
ប្រសិនបើយុវជនចង់ឲ្យអ្នកនយោបាយធ្វើតាមខ្លួន ពួកគេត្រូវតែមានជំហររឹងមាំហើយដាក់លក្ខ័ណ្ឌសម្រាប់គណបក្សនយោបាយមុនពេលពួកគេគាំទ្រគណបក្សទាំងនោះ។
លោក ពិទូរ្យ និយាយថា ការដាក់លក្ខណ្ឌសម្រាប់គណបក្សនយោបាយគឺជារឿងល្អប្រសើរមួយ ប៉ុន្តែ វាហាក់ដូចជាមិនមែនជារឿងងាយស្រួលប៉ុន្មានទេសម្រាប់យុវជននោះ។
តែទោះជាយ៉ាងនេះក្តី លោកនិយាយថា យុវជនអាចបន្តឃ្លាំមើលការអនុវត្តរបស់គណបក្សនយោបាយក្រោយការបោះឆ្នោត ថាតើពួកគេបានធ្វើតាមការសន្យារបស់ពួកគេបានកម្រិតណា។
ប្រសិនបើពួកគេមិនបានបំពេញតាមការសន្យារបស់ពួកគេទេ នោះយុវជនអាចពិចារណាឡើងវិញ នៅពេលបោះឆ្នោតលើកក្រោយទេទៀត៕