ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកទោសគុកខ្មែរក្រហម​សម្តែង​ការខកចិត្ត​ចំពោះ​ករណី​របស់​លោក​ចេញ​ពី​សំណុំ​រឿង​០០២​ វគ្គទី​២


ជន​រង​គ្រោះ​សម័យ​ខ្មែរ​ក្រហម​តវ៉ា​នៅ​ខាង​ក្រៅ​អង្គ​ជំនុំ​ជម្រះ​នៅ​ក្នុង​តុលាការ​កម្ពុជា​ឬ​សាលាក្តី​ខ្មែរក្រហម ដើម្បី​ទាមទារ​សំណង​ផ្ទាល់​ខ្លួន​ កាល​ពី​ថ្ងៃ​​សុក្រ​ទ​១០ ខែ​តុលា ឆ្នាំ​២០១៤។

ជនរង​គ្រោះ​នៅរស់​ជីវិត​ពីគុក​ខ្មែរក្រហម​ម្នាក់​គឺ​លោក​ស៊ុំ ឫទ្ធី ​សម្តែង​ការ​មិន​ សប្បាយ​ចិត្ត​នឹង​ការ​ដក​ចេញ​ទីតាំង​ឧក្រិដ្ឋកម្ម​នៅ​ខេត្ត​សៀមរាប​ចេញ​ពី​សំណុំ​ រឿង​០០២​ វគ្គទី​២ ដោយ​ថ្លែង​ទាំង​ខឹង​សម្បា​ថា​ ការ​ធ្វើដូច្នោះ​គឺជា​រឿង​បន្ថែម​ការ​ ឈឺ​ចាប់​ដល់រូប​លោក។​ ​

ជន​រងគ្រោះ​ដែលជា​អ្នកទោស​ខ្មែរក្រហម​រួច​ពី​ការ​សម្លាប់​គឺ​លោក​ស៊ុំ ឫទ្ធី​បាន​ សម្តែង​ក្តី​អស់​សង្ឃឹម​ថា​ សាលាក្តី​នេះ​នឹង​មិន​អាច​រក​យុត្តិធម៌​ជូន​លោក​ទេ នៅ​ ពេល​ទីតាំង​ដែល​មាន​មនុស្ស​រាប់ពាន់​នាក់​ត្រូវ​សម្លាប់​ និង​ធ្វើ​ទារុណ​កម្ម​ក្នុង​គុក​ មួយ​ក្នុង​ខេត្ត​សៀមរាប មិនត្រូវ​គេ​ដាក់​បញ្ចូល​ក្នុង​ចំណោម​ទីតាំង​ឧក្រិដ្ឋកម្ម​សម្រាប់​កាត់​ក្តី​ក្នុង​សំណុំ​រឿង​០០២​ វគ្គទី​២។​ ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​អះអាង​ថា​ ការធ្វើ​ដូច្នេះ​ជា​រឿង​កាន់តែ​ធ្វើឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដល់​ជន​រងគ្រោះ​ ដូចជា​រូបលោក​ថែម​ទៀត ​មិនមែន​ជា​ការផ្សះ​ផ្សារផ្លូវ​ចិត្ត​ទេ។​

លោក​ស៊ុំ ឫទ្ធី ​អាយុ​៦១​ឆ្នាំ​ បានអះអាង​ទាំង​អួល​ដើម​ក​ម្តង​ម្កាល​ថា​ តើ​យុត្តិធម៌​ ដែល​លោក​សង្ឃឹម​ទុកជាង​៣០​ឆ្នាំនោះ​នឹង​កើត​មាន​ដូច​ម្តេច​ បើ​ករណី​លោក​ត្រូវ​ គេ​ផាត់​ចោល​ទៅ​ហើយ​នោះ។​

«សួរ​ថា​ ខ្ញុំ​ឈឺចាប់​ប៉ុណ្ណា​ ដែល​ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក​របៀប​កាប់​សម្លាប់​ប្រជា​ពលរដ្ឋ​ ស្លូត​ត្រង់​នៅ​ក្នុង​គុក​ហ្នឹង​ គិត​មើល។​ ខ្ញុំ​សោកស្តាយ​ណាស់​ បើមិន​បាន​ធ្វើ​ភូមិ​ ភាគ​ឧត្តរ​ហ្នឹង​ ខ្ញុំបិទ​ភ្នែក​មិន​ជិត​ទេ»។​

លោក​ស៊ុំ ឫទ្ធី ​ដែល​ត្រូវក្រុម​ខ្មែរ​ក្រហម​ចាប់​ដាក់​គុកក្នុង​បទ​ចោទ​ប្រកាន់​ថា​ ជា​ សេអ៊ីអា​របស់​ស.រ.អា.​ បាន​បញ្ជាក់​ថា​ លោក​មាន​ភស្តុតាង​ រណ្តៅសាក​សព​រាប់​ពាន់​ ​និង​ឯកសារ​គ្រប់​គ្រាន់​ដើម្បី​តតាំង​ជាមួយ​នឹង​ជន​ដៃដល់ ​និង​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ពីរ​នាក់​ដែល​កំពុងជាប់​ចោទ​គឺ​នួន ​ជា និង​ខៀវ សំផន ​ដែល​ជា​ជនជាប់​ចោទ​ក្នុង​សំណុំ​រឿង​០០២​ វគ្គទី២។​

«ការណ៍​ពិត​ត្រូវគាស់​កន្លែង​ណា​មួយ​ដើម្បី​យក​មក​ដាក់​បន្ទុក​ជន​ជាប់​ចោទ​ពីរ​នាក់​នោះទៀត។​ ឧទារហរណ៍​ដូច​កន្លែង​ខ្ញុំ ​មិន​ត្រូវ​បោះបង់​ចោល​ទេ​ ព្រោះ​ខ្ញុំ​នៅ​មាន​កន្លែង​ដែល​ខ្ញុំ​យក​ខ្មោច​ទៅ​កប់​គឺ​នៅ​ទាំងអស់ ​អត់​ទាន់​គាស់​ផង ​រួចសួរ​ថា​ យុត្តិធម៌​សម្រាប់​ខ្ញុំ​មាន​ទេ​ បើ​សាលាក្តី​ខ្មែរ​ក្រហម​បោះ​បង់​ចោល​កន្លែង​ហ្នឹង»។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ ដែល​កំពុង​ស្ថិត​នៅក្នុង​ការ​ពន្យារ​ពេល​កាត់​ទោស​២​ខែ​ដល់​ខែ​មករា​ឆ្នាំ​ក្រោយ​ដោយ​សារ​ពហិការ​របស់​ភាគី​ជនជាប់​ចោទ​ខៀវ សំផន​ មិនចូល​សវនាការ​នោះ​ បាន​កំណត់​បទចោទ​ឧក្រិដ្ឋ​កម្ម​ធំៗ​មួយ​ចំនួន​ប្រឆាំង​នឹង​នួន ជា​ បង​ធំទី​២ ​និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​ទាក់ទង​នឹង​អំពើ​ឧក្រិដ្ឋ​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ហើយ​នឹង​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ចំពោះ​ជនជាតិចាម ​និង​វៀតណាម​ ការ​រៀបការ​ដោយ​បង្ខំ​ និង​បទ​រំលោភ​សេពសន្ថវៈ ​(ទូទាំង​ប្រទេស)​ ការ​បោស​សម្អាត​ផ្ទៃក្នុង​ ការកាប់​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ ​ស-២១ ​មន្ទីរ​សន្តិសុខ​ក្រាំង​តាចាន់​ មន្ទីរ​សន្តិសុខ​អូរ​កន្សែង ​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល​ ​ការដ្ឋាន​ទំនប់​១មករា​ ការដ្ឋាន​សាងសង់​ព្រលាន​ហោះ​ខេត្ត​កំពង់​ឆ្នាំង ​ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម​ សហករណ៍​ត្រាំកក់​ ការ​ប្រព្រឹត្ត​ចំពោះ​ពុទ្ធ​សាសនិក​ជន​នៅ​សហករណ៍​ត្រាំកក់ ​ការ​ប្រព្រឹត្ត​ជាក់លាក់​លើ​អ្នក​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ជា​ដើម។​ នេះ​បើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​សាលាក្តី​ កាល​ពី​ខែ​មេសា។​

លោក​ឡាត់ គី ​អ្នក​សម្រប​សម្រួល​សាលាក្តី​ខ្មែរក្រហម​មក​ពី​អង្គការ​សិទ្ធិ​មនុស្ស​ អាហុក​ បានអះអាង​ថា​ មាន​ការ​ពិភាក្សា​គ្នា​ដែរ​អំពីការ​ដាក់​បញ្ចូល​ទីតាំង​ឧក្រិដ្ឋ​ កម្ម​ដែល​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​ព្យាយាម​ដាក់​ពាក្យ​ប្តឹង​នោះ​ តែ​តុលាការ​ បាន​កាត់​បន្ថយ​ ហើយ​គ្មាន​ការ​ពន្យល់​ឲ្យ​បាន​លម្អិតដល់​ជន​រងគ្រោះ​ទេ។​

«វា​ពិត​ជាមាន​ការ​ធ្វើ​ឲ្យមាន​ការ​ខកចិត្ត​ធ្ងន់ធ្ងរ​ដែរ ​ហើយ​ជា​ពិសេស​បាន​ធ្វើឲ្យ​ គាត់​ហ្នឹង​ហាក់​ដូច​ជាមាន​វិបត្តិ​ផ្លូវចិត្ត​ឡើង​វិញ​ ដោយសារ​តែអ្វី​ដែល​ពួក​គាត់​ ឈឺ​ចាប់ រងគ្រោះ​ធ្ងន់ធ្ងរ​មិនត្រូវ​បាន​ទទួល​យក​មក​ជា​អទិភាពលើ​ការងារ​របស់​ សាលាក្តី ​ដែល​វា​ហាក់បី​ដូច​ជា​ប្រាសចាក​ពី​គោលដៅ​ដែល​គាត់​ខំ​តស៊ូ​តាំងពី​ដំបូង ដូច​ជា​ករណី​លោក​ស៊ុំ ឫទ្ធី​ជាដើម»។​

លោក​បាន​អះអាង​បន្ថែម​ថា​ លោក​ស៊ុំ ឫទ្ធី​ជា​អ្នក​តស៊ូ​ដ៏ខ្លាំង​ក្លា​ក្នុង​ចំណោម​ជន​ រងគ្រោះ​ដាក់​ពាក្យ​ប្តឹង​ជាដើម​បណ្តឹង​រដ្ឋប្បវេណី៖​

«ប៉ុន្តែ​អ្នក​ដែល​តស៊ូ​នៅក្នុង​ការ​ស្វះស្វែង​រក​ភស្តុតាង​ដើម្បី​បញ្ជាក់​អំពី​ភាព​រង​ គ្រោះ​របស់​គាត់ ​ហើយ​យើង​ឃើញ​ថា​ លោក​ស៊ុំ ឫទ្ធី​គាត់​បាន​ចំណាយ​ទាំង​ កម្លាំង​កាយ ​ទាំង​កម្លាំង​ចិត្ត​ នៅក្នុង​ការ​ស្វះស្វែង​ទាំង​គូររូប​ ទាំងស្វែង​រក​ភស្តុតាង​ជា​រូបថត​ជាច្រើន​ ច្រើន​មែនទែន ​ដែល​គាត់​ព្យាយាម​នៅ​ក្នុង​ការ​បង្ហាញ​នៅ​អ្វី​ដែល​យើង​រងគ្រោះ​នៅ​ទី​នោះ»។

ទោះជា​យ៉ាណា​ក៏ដោយ​ លោក​សហ​មេធាវី​ជាតិ​នាំមុខ​គឺ​លោក​ពេជ្រ អង្គ​បាន​ អះអាង​ថា​ លោក​បាន​ជួប​ជាមួយ​លោក​ស៊ុំ ឫទ្ធី​ពីរ​ដង​ដែរ​ដើម្បី​ជម្រាប​គាត់​អំពី​ បញ្ហា​នៃ​ការ​សម្រេច​របស់​តុលាការ​ ដែល​ព្រួយ​បារម្ភ​អំពី​ហានិភ័យ​ច្រើន​ ដោយ​ សារ​ជន​ជាប់ចោទ​និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​មាន​អាយុ​ច្រើន​ ដែល​អាច​ធ្វើ​ឲ្យ​គ្មាន​សាលក្រម។​ លោក​និយាយ​ថា​ ទីតាំង​ឧក្រិដ្ឋ​កម្ម​ផ្សេងៗ​ទៀត​មាន​លក្ខណៈ​អាទិភាព​ច្រើន​ជាង​នៅ​គុក​នៅ​ប៉ែក​ឧត្តរ។

«ករណី​ទី១​ ដែល​ខ្ញុំ​និយាយ​គឺ​ថា​ បទ​ល្មើស​ធំៗ​ផ្សេងៗ​គ្នា ​មាន​ន័យថា ​វា​មាន​ លក្ខណៈ​ជាបទ​ល្មើស​ប្រឆាំង​មនុស្ស​ជាតិ​ បទល្មើស​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ហើយ​នឹង​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ នេះ​ជាអ្វី​ដែល​ចៅក្រម​រើស​យក​ជា​លក្ខណៈ​តំណាង​នៅ​ក្នុង​បទ​ល្មើសៗ​ធំ​ហ្នឹង​ ហើយ​នៅ​ក្នុង​ទីតាំង​នីមួយៗ​គឺ​ចៅក្រមទៅ​ពិនិត្យ​មើល​ថា ​តើ​មាន​សកម្មភាព​ល្មើស​ផ្សេងៗ​គ្នា​ឬ​ទេ»។​

ទោះជា​យ៉ាងណា​ លោក​ស៊ុំ ឫទ្ធី​បាន​អំពាវនាវ​ដល់​អ.ស.ប.ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ ដល់​សំណុំ​រឿង​របស់​លោក ​ហើយ​និយាយថា​ តុលាការ​ខ្មែរក្រហម​នេះ​អន់​ជាង​តុលាការ​កម្ពុជា​កាត់​ទោស​សម័យ​១៩៧៩​ទៅ​ទៀត ​ប្រសិន​បើតុលាការ​នេះ​មិន​ អាច​នាំ​យកបទ​ឧក្រិដ្ឋ​កម្ម​នៅខេត្ត​សៀមរាប​មក​កាត់​ទោស​រក​យុត្តិធម៌​បាន។​

«ខ្ញុំ​សុំផ្តាំ​ទៅផង​ ធ្វើ​ម៉េច​ឲ្យ​អ.ស.ប.ធ្វើ​កន្លែង​ភូមិភាគ​ឧត្តរ​ហ្នឹង​ឲ្យ​ចេញ​មើល។​ សូម​ជម្រាប​ទៅ​លោក​បាន់ គីម៊ូន​ផង​ ឲ្យ​ពាក្យសម្តី​ខ្ញុំ​ហ្នឹង​ ឲ្យឮ​ទៅ​ដល់​ប្រធាន​អ.ស.ប.​ផង»។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​ លោក​ខំទុក​ចិត្ត​តុលាការ​អន្តរជាតិ​យ៉ាង​ ខ្លាំង​ថា​ អាច​រក​យុត្តិធម៌​ជូន​លោក​បាន។​ ប្រតិកម្ម​របស់​លោក​ស៊ុំ ឫទ្ធី​នេះ​កើត​ ឡើង​ ក្រោយ​ពេល​ដែល​លោក​ខកខាន​មិន​បាន​ចូលរួម​ក្នុង​សវនាការ​បី​លើក​គឺ​ សំណុំ​រឿង​០០១​ ​សំណុំ​រឿង​០០២​ វគ្គ​ទី១​ និង​សំណុំ​រឿង​០០២ ​វគ្គទី​២ ​ដែល​សហ​ព្រះរាជ​អាជ្ញា​ប្រកាស​ថ្មីនេះ​ថា​ ជា​សំណុំ​រឿង​បញ្ចប់​នៃ​វគ្គទី​២​ទៀត​នោះ។​

លោក​ភីធ័រ ម៉ាក់ខ្វៃយ៍អ័រ​ (Peter Maguire) ​សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង ​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ខ្មែរក្រហម​ «Facing Death​ in Cambodia» ​ឬ​ហៅ​ថា ​«ប្រឈម​មុខ​នឹង​ការ​ស្លាប់​នៅ​កម្ពុជា» បានអះអាង​ថា​ សាលាក្តី​ខ្មែរក្រហម​បាន​សន្យា​ច្រើន​ ជ្រុល​ហួស​ពេក ​ដែល​នេះ​ជាបរាជ័យ​របស់​ខ្លួន។

«វា​ជា​រឿង​ខកចិត្ត​ក្នុង​សំណុំ​រឿង​ទាំងនេះ​ ដូច​ជា​មាន​ឧទារហរណ៍​ពី​ករណី​ កាត់​ទោស​លោក​Slobodan ​Milosevic​ ដែល​ចំណាយ​លុយ​រាប់​រយលាន​ដុល្លារ​ ហើយ​ តុលារការ​មិន​ទាំង​បាន​បញ្ចប់​ការកាត់​ទោស​ក្នុង​អំឡុង​ពេល​ជន​ជាប់ចោទ​នៅ​ មាន​ជីវិត​ផង។ ​តុលាការ​នោះ​កើត​ឡើង​ក្រោយ​សង្គ្រាម​ត្រជាក់ ​ហើយ​តុលាការ​ ទាំង​នោះ​មិន​បាន​ធ្វើ​កិច្ចការ​ល្អ​ត្រឹមត្រូវ​ទេ»។​

លោក​ថ្លែង​ថា​ សំណុំ​រឿង​ Slobodan ​Milosevic ​អតីត​ប្រធានាធិបតី​យូហ្គូស្លាវី​ ដែល​បាន​ស្លាប់​ក្នុង​គុក​កាល​ពីឆ្នាំ​២០០៦​ មុន​សាលក្រម​ដាក់​ទោស ​ហើយ​ថា សាលាក្តី​ខ្មែរក្រហម​នេះ​ជា​មេរៀន​នៃ​សាលាក្តី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ទៅ​មុខ​ទៀត​ដែល​ត្រូវ​កំណត់​និង​ចងចាំ​ឲ្យ​ច្បាស់​ពី​ទំហ៊ុំ​នៃ​ការ​កាត់​ទោស។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.បាន​កាត់​ទោស​សំណុំ​រឿង​០០១ ​និង​០០២​ វគ្គទី​១​រួច​ហើយ​ ហើយកំពុង​បន្ត​កាត់ទោស​សំណុំ​រឿង​០០២​ ​វគ្គ​ទី២​ទៀត ​ដែលទាក់​ទងនឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជាង​១​លាន៧​សែន​នាក់​ក្នុង​ឆ្នាំ​១៩៧០​ ក្រោយ​រយៈពេល​ជាង​បី​ទសវត្សរ៍​នៃ​បទ​ឧក្រិដ្ឋកម្ម​កើត​ ឡើង៕

XS
SM
MD
LG