ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

MRC ​គ្រោង​ធ្វើ​វេទិកា​ពិគ្រោះ​យោបល់​សាធារណៈ


សកម្មជន​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​ស្រែក​ពាក្យ​ស្លោក​ក្នុង​អំឡុង​បាតុកម្ម​មួយ​​ប្រឆាំង​នឹង​​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​​ដនសាហុង (Don Sahong) របស់​ឡាវ ដោយ​ប្រើប្រាស់​ទូក​ទេសចរណ៍​មួយ​​​​នៅ​​ទន្លេសាប​ក្នុង​​រាជធានធី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤។
សកម្មជន​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​ស្រែក​ពាក្យ​ស្លោក​ក្នុង​អំឡុង​បាតុកម្ម​មួយ​​ប្រឆាំង​នឹង​​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​​ដនសាហុង (Don Sahong) របស់​ឡាវ ដោយ​ប្រើប្រាស់​ទូក​ទេសចរណ៍​មួយ​​​​នៅ​​ទន្លេសាប​ក្នុង​​រាជធានធី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤។

គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ឡាវ​នឹង​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ថ្នាក់​តំបន់​មួយ​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ​នេះ នៅ​ក្នុង​ទីក្រុង​ប៉ាក់សេ​នៃ​ខេត្ត​ចម៉្បាសាក់​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ។

កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​នេះ នឹងផ្តល់ឱកាស​ដល់សង្គមស៊ីវិល អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ភាគីពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ឬ​សម្តែង​ការ​ព្រួយ​បារម្ភ​នានា​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី ដន សាហុង របស់​ប្រទេស​ឡាវ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ទន្លេមេគង្គ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន។

កិច្ច​ពិគ្រោះ​យោបល់​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ពិគ្រោះ​យោបល់​ជា​មុន​ លើ​គម្រោង​សាងសង់ទំនប់​វារីអគ្គិសនី​នៅ​លើ​ទន្លេ​មេគង្គ។

កិច្ច​ព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ តម្រូវ​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំង​បួន​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ រួម​មាន​កម្ពុជា វៀតណាម​ ថៃ​ និង​ឡាវ ​ត្រូវ​ជូន​ដំណឹង​ដល់​សមាជិក​ផ្សេង​ទៀតនិង​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមុនអំពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នានា​ដែល​ខ្លួន​ស្នើ​ឡើង នៅលើ​ទន្លេ​មេគង្គ។

លោក ហាន់ ហ្គាត់មែន (Hans Guttman) នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា កិច្ច​ពិគ្រោះ​យោបល់​ជា​មុន​នេះ គឺ​ជា​វេទិកា​សម្រាប់​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ក្នុង​ការ​សម្តែង​ក្តី​កង្វល់​របស់​ខ្លួន​ ជុំវិញ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង ក្នុង​ប្រទេស​ឡាវ​នោះ។

«កិច្ច​ពិគ្រោះ​យោបល់​ជាមុន​នេះ មិន​មែន​ជា​ដំណើរ​ការ​ស្វែងរក​ការ​អនុម័ត​យល់​ព្រម​ទៅ​លើ​គម្រោង​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នោះទេ។ តែ​ផ្ទុយ​ទៅ​វិញ វា​ជា​វេទិកា​មួយ​សម្រាប់​ឲ្យ​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម ដែល​ត្រូវ​បាន​ជូន​ដំណឹង​ហើយ​នោះ លើក​ឡើង​នូវ​ក្តី​កង្វល់​នានា​អំពី​ផលប៉ះពាល់​ជា​ដំ​កំភួន​ដែល​គម្រោង​សាងសង់​ទំនប់​នេះ​អាច​មាន​ទៅ​លើ​ដែនដី​របស់​ពួកគេ»។

លោក ហាន់ ហ្គាត់មែន (Hans Guttman) បាន​បន្ត​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​ថា៖

«ដំណើរការ​នេះ​ ក៏​ជា​ឱកាស​មួយ​ដើម្បី​ឲ្យប្រទេស​ឡាវ​ដែល​ស្នើ​គម្រោង​នេះ​ឡើង សម្រាប់​ការ​អភិវឌ្ឍ យល់​កាន់​តែ​ប្រសើ​នូវ​ក្តី​កង្វល់​នានា​និង​ពិចារណា​វិធានការ​ផ្សេងៗ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្តី​កង្វល់​ទាំង​នោះ»។

ប្រទេស​ឡាវ​ គ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង នៅ​លើ​ច្រក​ផ្លូវទឹក​ដ៏​សំខាន់​ជាងគេ​មួយ​នៃ​ទន្លេ​មេគង្គ ស្ថិត​នៅលើ​តំបន់​កោះ ស៊ី​ផាន​ដន (Siphandone) ​ឬ​កោះ​បួន​ពាន់ ចម្ងាយ​មិន​ដល់​ពីរ​គីឡូម៉ែត្រនៅ​ខ្សែ​ទឹក​ខាង​លើ​ពី​ព្រំដែន​ខ្មែរ ឡាវ។

ក្រុម​អភិរក្ស​បរិស្ថាន លើក​ឡើង​ថា ប្រសិន​បើ​ត្រូវ​បាន​សាងសង់​មែន ​ទំនប់​វារី​អគ្គិសនី ដែល​មាន​កម្ពស់ ៣២ ម៉ែត្រ និង​អាច​ផ្តល់​ថាមពល​ កម្លាំង​២៦០ មេហ្គាវ៉ាត់​នោះ នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ផ្លាស់ទី​ចុះ​ឡើង​របស់​ត្រី​ជា​ច្រើន​ប្រភេទ ​រវាង​ប្រទេស​កម្ពុជា ឡាវ និង​ថៃ ជាពិសេស​ត្រី​ផ្សោត​ទន្លេ​មេគង្គ​ (Irrawaddy Dolphin) ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ទំនប់។

ទំនប់​នោះ ក៏​នឹង​គំរាមកំហែង​ដល់​តម្លៃ​នៃ​ជីវ​ចម្រុះ​ដែល​មាន​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​កោះ​បួន​ពាន់​នោះ​ ដែល​ជា​តំបន់ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​កាន់តែ​ច្រើន​ឡើង​របស់​ប្រទេស​ឡាវ។

បន្ថែម​ពី​នេះ​ទៀត ប្រជាសហគមន៍នៅ​ខ្សែទឹក​ខាង​លើ​ក្នុង​ប្រទេស​ថៃ និង​នៅ​ខ្សែ​ទឹក​ខាងក្រោម​ក្នុង​ប្រទេស​កម្ពុជា ក៏​អាច​ប្រឈម​នឹងការ​បាត់​បង់​ផល​នេសាទ​ដែល​ពួកគេ​ពឹង​អាស្រ័យ​លើ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ខ្លួន​ដែរ ប្រសិន​បើ​ទំនប់​ ដន សាហុង ត្រូវ​បាន​សាង់សង់​មែន​នោះ។

អ្នក​ស្រី លុយ រស្មី នាយិការ​ប្រតិបត្តិ​នៃ​សមាគម​ថែ​រក្សា​បរិស្ថាន​និង​វប្បធម៌​ដែល​មាន​មូលដ្ឋាន​មួយ​នៅ​ខេត្ត​ស្ទឹង​ ត្រែង​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា កិច្ច​ពិគ្រោះ​យោបល់​ដែលគ្រោង​នឹង​រៀប​ចំ​ឡើង​ដោយគណៈកម្មការ​ទន្លេមេគង្គ​ក្នុង​ប្រទេស​ឡាវ​នោះ គួរ​តែ​បញ្ចូល​សំឡេង​ប្រជាសហគមន៍​ដែល​ប្រឈម​នឹង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​ទំនប់ ដន​សាហុង​នោះ។

«យើង​សង្ឃឹម​ថា សុំ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ហ្នឹង ធ្វើ​យ៉ាង​ណា​បញ្ចូល​ក្តី​ព្រួយ​បារម្ភ​របស់​សហគមន៍​ទៅ​ក្នុង​ការ​ធ្វើ​ការ​សម្រេចចិត្ត​របស់​ពួកគេ​ ទាក់​ទង​នឹងទំនប់​វារី​អគ្គិសនី​ហ្នឹង»។​

រដ្ឋាភិបាល​ឡាវ កាល​ពី​ឆ្នាំ​មុន​បាន​អនុម័ត​លើ​ការ​សិក្សាហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន Mega First ​Corporation Berhad ​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ក្រុមហ៊ុនអភិវឌ្ឍន៍​គម្រោងសាងសង់​ទំនប់វារី​អគ្គិសនី​ដន សាហុង​នោះ។

ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​លើក​ឡើង​ថា ការ​សិក្សា​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​របស់​ក្រុមហ៊ុន​នោះ មិន​បាន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​តាម​បទដ្ឋាន​អន្តរជាតិ ជា​ពិសេស​ព័ត៌មាន​ទាក់ទង​នឹង​ផល​ប៉ះពាល់​ឆ្លងដែន​ដែល​អាច​កើត​មាន​ឡើង ពី​ការ​សាងសង់​ទំនប់​នោះ​ទេ។​

លោក តែ ណាវុធ អគ្គលេខាធិការ​នៃ​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​អំពី​គម្រោងទំនប់​ដន​សាហុង​នោះ ភាគី​ពាក់ព័ន្ធ​នានា​ពី​ប្រទេស​កម្ពុជា​ អាច​នឹង​ស្នើ​សុំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​គម្រោងនោះ​ដោយ​សារ​តែ​កង្វះ​ព័ត៌មាន​អំពី​ផល​ប៉ះពាល់​ឆ្លងដែន​នេះ។

«មាន​ការ​ស្នើរ​ឲ្យ​ពន្យារ​ពេល​អី​អញ្ចឹង​ឲ្យ​មាន​ការ​សិក្សា​ថែម​ទៀត​ជា​រួម គឺ​ថា​ សិក្សា​ឲ្យ​បាន​ម៉ត់​ចត់ ព្រោះ​ខ្វះ​ព័ត៌មាន ខ្វះ​ឯកសារ​អី​អញ្ចឹង និង​ពន្យារ​ពេល​ក្នុង​មួយ​គម្រោង​ហ្នឹង ដើម្បី​ប្រមូល​ព័ត៌មាន​សិន»។

គួរ​បញ្ជាក់​ថា ក្រៅ​ពី​កិច្ច​ពិគ្រោះ​យោបល់​ជាសាធារណៈ​អំពី​គម្រោង​ទំនប់វារី​អគ្គិសនី ​ដន សាហុង​នោះ គណៈកម្មការ​ទន្លេ​មេគង្គ ​ក៏​គ្រោង​នឹង​រៀបចំ​ដំណើរ​ទស្សកិច្ច​មួយ​សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​ ទៅកាន់​ទីតាំង​ដែល​គេ​គ្រោង​សាងសង់​ទំនប់​នោះ​ផ្ទាល់​ផងដែរ​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ គឺ​មួយ​ថ្ងៃ​មុន​កិច្ច​ពិគ្រោះ​យោបល់​ចាប់​ផ្តើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG