ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានចុះហត្ថលេខាលើសំណើរបស់ប៉ាឡេស្ទីន(Palestine)មួយដើម្បីចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីស្វះស្វែងរកចំណាត់ការថ្មីប្រឆាំងនឹងអ៊ីស្រាអែល(Israel)មួយថ្ងៃបន្ទាប់ពីការស្វះស្វែងរបស់ប៉ាឡេស្ទីនដើម្បីបង្កើតរដ្ឋបានទទួលបរាជ័យនៅក្នុងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
ពួកមន្រ្តីប៉ាឡេស្ទីន បានជួបគ្នាកាលពីថ្ងៃពុធម្សិលមិញដើម្បីពិភាក្សាពីសមាជិកភាពតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)ដែលជាវិធីមួយដើម្បីប្តឹងចោទប្រកាន់ប្រឆាំងនឹងអ៊ីស្រាអែលពីបទឧក្រិដ្ឋកម្មសង្គ្រាម។
ចំណាត់ការនេះត្រួសត្រាយផ្លូវសម្រាប់ឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) មានយុត្តាធិការលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងដែនដីប៉ាឡេស្ទីនហើយនឹងស៊ើបអង្កេតសកម្មភាពរបស់មេដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីនក្នុងអំឡុងពេលនៃជម្លោះបង្ហូរឈាមរវាងភាគីទាំង២។
កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិដែលមានសមាជិក១៥ប្រទេស បានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តដែលបានទាមទារឲ្យអ៊ីស្រាអែលដកចេញពីដែនដីប៉ាឡេស្ទីន។
សេចក្តីសម្រេចចិត្តនោះ ខកខានមិនបានទទួលសំឡេងឆ្នោត៩សំឡេងដើម្បីឲ្យបានទទួលការអនុម័ត ដោយសារសហរដ្ឋអាមេរិកនិងប្រទេសអូស្រ្តាលីបានបោះឆ្នោតប្រឆាំងនឹងវិធានការនេះ ប្រទេស៨បានបោះឆ្នោតគាំទ្រ ហើយប្រទេស៥ទៀតរួមមានអង់គ្លេសផង បានបោះឆ្នោតអនុប្បវាទ៕