ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​មន្រ្តី​សហរដ្ឋអាមេរិក វាយតម្លៃ​​អំពី​ចក្ខុវិស័យ​​​សម្រាប់​សន្តិភាព​នៅ​មជ្ឈិមបូព៌ា

  • André Nesnera

អតីត​ទីប្រឹក្សា​សន្តិសុខជាតិ​សហរដ្ឋអាមេរិក លោក ប្រេនត៍ ស្កូក្រូហ្វ (Brent Scowcroft) ដែល​បម្រើការ​នៅក្រោម​លោក​ប្រធានាធិបតី ជឺរ័លដ៍ ហ្វដ (Gerald Ford) និង​លោក​ប្រធានាធិបតី ហ្សក ហ័របឺត វ័កឃឺ ប៊ូស (George Herbert Walker Bush)
ការចរចារ​សម្រាប់​សន្តិភាព​យូរអង្វែង​រវាង អ៊ីស្រាអែល (Israel) និង ប៉ាលេស្ទីន (Palestine) ត្រូវបាន​ជាប់គាំង​អស់​រយៈពេល ជាង​ពីរឆ្នាំ​មកហើយ។ នៅក្នុង​របាយការណ៍​មក​ពី​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) អ្នកឆ្លើយឆ្លង​ព័ត៌មាន​ជាន់ខ្ពស់​របស់​វីអូអេ អង់ដ្រេ ដេនេសនឺរ៉ា (André de Nesnera) បាន​និយាយ​ជាមួយ​អតីត​មន្រ្តី​ជាន់ខ្ពស់ចំនួន​បីររូប​របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក​ អំពី​លទ្ធភាព​ក្នុង​ការ​ស្តារឡើង​វិញ​នូវដំណើរការសន្តិភាព។
បញ្ហា​ចម្បង​ៗ​ត្រូវ​បាន​ដឹង​ជាទូទៅ។ បញ្ហា​ទាំងនោះ​រួមមាន​ការ​គូសបញ្ជាក់​ពីភូមិសាស្រ្ត​របស់រដ្ឋប៉ាលេស្ទីន​ថ្មី​មួយ ឋានៈ​របស់​ទីក្រុងជឺរុសាឡឹម (Jerusalem) ការ​វិល​ត្រឡប់របស់​ជនភៀស​ខ្លួនប៉ាលេស្ទីន ការតាំងទីលំនៅ​របស់​ជនជាតិ​អ៊ីស្រាអែល​នៅក្នុង​តំបន់​ដែលខ្លួន​កាន់កាប់ និង​ការរៀបចំ​ផ្នែក​សន្តិសុខ។
ការចរចារ​សន្តិភាព​ត្រូវបាន​ជាប់គាំង នៅក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១០ នៅពេល​ដែល អ៊ីស្រាអែល បាន​បន្តការសាងសង់​លំនៅ​ស្ថាន​ បន្ទាប់​ពី​កិច្ច​សន្យា​ផ្អាក​ជាបណ្តោះអាសន្ន​មួយ​បាន​ផុតកំណត់។ ក្រុមមន្រ្តី​ប៉ាលីស្ទីន និយាយ​ថា ពួកគេ​នឹង​មិនបន្ត​ការចរចា​ឡើយ រហូតដល់​ការសាងសង់​លំនៅស្ថាន​ត្រូវបាន​បញ្ឈប់។ អ៊ីស្រាអែល បដិសេធ​មិនព្រមបញ្ឈប់​ការ​សាងសង់​លំនៅស្ថាន ហើយ​បាន​អំពាវនាវឱ្យមាន​ការចាប់ផ្តើម​ការចរចារ​ឡើងវិញ ដោយ​គ្មាន​ការដាក់​លក្ខខណ្ឌ​ជាមុន។
ក្រុម​អ្នកជំនាញ​និយាយ​ថា ឧបសគ្គ​នៃ​ការជាប់គាំង​មួយ​ចំពោះ​ដំណើរការ​ចរចារ​សន្តិភាពនេះ​ គឺជា​ភាព​បែកបាក់​នៅក្នុង​ជួរថ្នាក់ដឹកនាំ​របស់ប៉ាលេស្ទីន រវាង​តំបន់​វែសបែងក៍ (West Bank) និង​តំបន់ ហ្គាហ្សា​ស្ទ្រីព (Gaza Strip)។ តំបន់ វែសបែងក៍ ត្រូវ​បាន​គ្រប់គ្រង​ដោយ​អជ្ញាធរប៉ាលេស្ទីន របស់​លោក ម៉ាហ៍ម៉ូដ អាបាស់ (Mahmoud Abbas) ខណៈដែល​តំបន់ហ្គាហ្សាស្រ្ទីប ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​បណ្តាញ​ក្រុម​សកម្ម​ប្រយុទ្ធហាម៉ាស (Hamas) ដែល​ត្រូវបាន​ប្រទេស អ៊ីស្រាអែល និងក្រសួង​ការបរទេសសហរដ្ឋអាមេរិក ចាត់ទុក​ថា​ក្រុម​ភេរវករ។
អតីត​ទីប្រឹក្សា​សន្តិសុខជាតិ​សហរដ្ឋអាមេរិក លោក ប្រេនត៍ ស្កូក្រូហ្វ (Brent Scowcroft) ដែល​បម្រើការ​នៅក្រោម​លោក​ប្រធានាធិបតី ជឺរ័លដ៍ ហ្វដ (Gerald Ford) និង​លោក​ប្រធានាធិបតី ហ្សក ហ័របឺត វ័កឃឺ ប៊ូស (George Herbert Walker Bush) និយាយ​ថា ប៉ាលេស្ទីន ត្រូវតែ​បង្ហាញ​រណសិរ្ស​រួបរួម​មួយ។
«ប្រសិនបើ​ក្រុម ហាម៉ាស មិនអាចត្រូវបាន​បញ្ចុះបញ្ចូល ប្រសិនបើ​អ្នក​នឹង​ចូលជាមួយ​ក្រុម ហ្វាតាហ៍ ហើយ​ពិតជាស្វែងរក​ដំណើរការ​ចរចារ​សន្តិភាព នៅពេលនោះ ដំណោះស្រាយ​រដ្ឋពីរ ប្រហែល​ជា​នឹង​ត្រូវបាន​បោះបង់ចោល ហើយ​នោះ​គឺជា​គ្រោះមហន្តរាយ​មួយ​សម្រាប់​គ្រប់គ្នា។ ទស្សនៈដែលយល់​ឃើញថា​ដំណោះស្រាយ​រដ្ឋពីរនឹង​នៅទីនោះ​ជារៀង​រហូត ប្រហែលជា​កំហុស​មួយ»។
កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន ក្រុម ហាម៉ាស និង អ៊ីស្រាអែល បាន​ប្រយុទ្ធគ្នា​នៅក្នុង​ជម្លោះ​រយៈពេល​មួយ​សប្តាហ៍​។ ក្រុម​សកម្មប្រយុទ្ធ​នេះ​បាន​បាញ់​គ្រាប់​រ៉ុកកែត​រាប់រយ​គ្រាប់មកលើ អ៊ីស្រាអែល។ អ៊ីស្រាអែល បានឆ្លើយតប​វិញ​ដោយ​ការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​តំបន់ ហ្គាហ្សា។ ​នៅទីបញ្ចប់ ការប្រយុទ្ធគ្នា​នេះបាន​បញ្ឈប់ បន្ទាប់ពី​ប្រទេស អេហ្សីប (Egypt) បាន​សម្រុះ​សម្រួល​សម្រាប់បទ​ឈប់​បាញ់​។
លោក ចន បុលតុន (John Bolton) ដែលជា​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅអង្គការ​សហប្រជាជាតិ នៅក្រោម​លោក​ប្រធានាធិបតី ហ្សក ដាប់បែលយូ ប៊ូស (George W. Bush) និយាយ​ថា ជម្លោះនេះ​បានផ្តល់ផលប្រយោជន៍​ដល់​ក្រុម ហាម៉ាស និង​ប្រទេស អ៊ីរ៉ង់ (Iran)។
«តាមពិត ក្រុម ហាម៉ាស លេច​ចេញ​មកពី​បទឈប់បាញ់គ្នា នៅក្នុង​តួនាទី​យ៉ាង​ខ្លាំងក្លា​ជាងមុន។ ពួកគេផ្គើនទៅ​នឹង​អ៊ីស្រាអែល ហើយ​បាន​រស់នៅ​ដើម្បី​ប្រាប់អំពី​រឿងនេះ។ ហើយ​ប្រទេស អ៊ីរ៉ង់ ក៏លេច​ឡើង​នៅក្នុង​តួនាទីមួយ​ខ្លាំងផងដែរ។ ពួកគេ​បានបង្ហាញ​នូវ​អ្វី​ដែល​មនុស្ស​ជាច្រើន​បាន​រំពឹង​ឬភ័យខ្លាច​ជាយូរមកហើយ ដែល​ថា​ពួកគេ​អាច​ប្រគល់មីស៊ីល​ទៅឱ្យ​ក្រុម ហាម៉ាស នៅក្នុង​តំបន់ ហ្គាហ្សាស្រ្ទីប និង​ថា​គ្រាប់មីស៊ីល​ទាំងនោះ អាច​បាញ់ទៅដល់​ចំណុច​ប្រមូល​ផ្តុំ​របស់​ប្រជាពលរដ្ឋរបស់​ប្រទេស អ៊ីស្រាអែល ដូចជា​ទីក្រុង ជឺរុសាឡឹម និងទីក្រុង តែលអាវីវ (Tel Aviv)»។
((END ACT))
កាលពីខែ​វិច្ឆិកា​ឆ្នាំមុន សម្រាប់​ពួក​ហ្វាតាហ៍ មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ បានផ្តល់​ឱ្យ​លោក​ប្រធានាធិបតី អាបាស់ នូវ​ភាព​ជោគជ័យផ្នែក​ការ​ទូត​ជាអន្តរជាតិ​ដ៏កម្រ​មួយ ដោយ​បាន​ទទួលស្គាល់ ប៉ាលេស្ទីន ថាជា​រដ្ឋ​សង្កេតការ​មិនមែន​សមាជិក​មួយ គឺ​ក្នុង​ឋានៈដូចគ្នា​ទៅនឹង​ក្រុង វ៉ាទីកង់ (Vatican)ដែរ។
ជាថ្មីម្តងទៀត លោក ចន បុលតុន និយាយថាៈ
«វាជា​អនុវត្តប្រកបដោយ​ភាព​រវើរវាយ​មួយទៀត របស់​មហាសន្និ​បាត​អង្គការ​សហប្រជាជាតិ។ មិនមាន​រដ្ឋប៉ាលេស្ទីននោះទេ ដូច្នេះ ការដែល​មានសម្លេង​ភាគច្រើន​នៅក្នុង​មហាសន្តិបាត ដែល​និយាយ​ថា​មានការ​បង្កើត​រដ្ឋ​ ឬគ្មាន​បង្កើត​ឱ្យមាន​រដ្ឋមួយ​នេះ​បានទេ។ ប៉ុន្តែ ទោះបីជា​មាន​ភាព​ដាច់ឆ្ងាយ​ពីការពិត​យ៉ាងណា​ក៏ដោយ ក៏​សេចក្តី​សម្រេចចិត្ត​នេះ​នឹង​មាន ឬ​អាចមាន​ឥទ្ធិពល​នយោបាយ​ដ៏សំខាន់ ដោយសារថា​រដ្ឋាភិបាល ប៉ាលេស្ទីន អាច​យក​ឋានៈនេះ​ក្នុង​នាម​ជា​រដ្ឋ​មួយ​នៅក្នុង​ច្បាប់​អន្តរជាតិ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ទៅកាន់​សន្ធិសញ្ញា​ផ្សេងៗ​ជាច្រើន ហើយ​ព្យាយាម​និង​ប្រើប្រាស់​ឋានៈនេះ សម្រាប់ផល​ប្រយោជន៏នយោបាយផងដែរ។ ខ្ញុំគិតថា វានឹង​មានផលវិបាក»។
ក្រុមអ្នកជំនាញ​មាន​ការខ្វែង​គំនិតគ្នាអំពី​ថាតើ​ភាព​ជោគ​ជ័យខាងការទូត​របស់​ក្រុម ហ្វាតាហ៍ និងតួនាទីយ៉ាងលេចធ្លោ​ជាងមុនរបស់​ក្រុម ហាម៉ាស នឹង​មាន​ឥទ្ធិពល​អ្វី​ទៅលើ​ដំណើរការ​ចរចារ​សន្តិភាព​ដែល​ជាប់គាំងឬយ៉ាងណា។ ពួកគេ​និយាយ​ថា រឿងមួយ​មាន​ភាព​ច្បាស់លាស់​នោះគឺថា​ សហរដ្ឋអាមេរិក​ត្រូវតែ​ដើរតួនាទី​យ៉ាង​សកម្មជាង​មុនក្នុង​ការពន្លឿន​ដំណើរការ​នេះ។
ប៉ុន្តែ លោក វីលៀម កូហេន (William Cohen) អតីត​រដ្ឋមន្រ្តី​ការពារ​ជាតិសហរដ្ឋ​អាមេរិក នៅក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី គ្លីនតុន (Clinton) និយាយ​ថា សហរដ្ឋ​អាមេរិក​មាន​បញ្ហា​មួយ។
«និយាយ​តាមត្រង់​ទៅ សហរដ្ឋអាមេរិកគ្មានទស្សនៈ​ក្នុង​ការធ្វើ​ជា​អាជ្ញា​កណ្តាល​ប្រកបដោយ​យុត្តិធម៌​នោះទេ ពីព្រោះតែ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹងមាំរបស់សហរដ្ឋអាមេរិក​ចំពោះ​អ៊ីស្រាអែល។ ហើយ​ខ្ញុំ​យល់ឃើញ​ថា ប្រជាពលរដ្ឋ​ប៉ាលេស្ទីន​ជាច្រើន ចាត់​ទុក​រឿងនេះ​ថាគ្មាន​យុត្តិធម៌ ក្នុងនាម​ជា​«អជ្ញាកណ្តាល​ដ៏ស្មោះត្រង់»​នោះទេ»។
ទោះជាយ៉ាងនេះក្តី លោក កូហេន និយាយ​ថា សហរដ្ឋអាមេរិក​គឺជា​ប្រទេស​តែ​មួយគត់ ដែល​អាច​ធ្វើជា«អជ្ញាកណ្តាល​ដ៏ស្មោះត្រង់​មួយ»​បាន។
«យើង​គឺជា​ប្រទេស​តែ​មួយ ដែល​អាច​ធ្វើរឿងនេះ​បាន ពីព្រោះ​ជាការពិតណាស់ ផុស​ចេញ​ពី​ទស្សន​របស់អ៊ីស្រាអែល ពួកគេ​មាន​ការទុកចិត្ត​យ៉ាងធំធេង​ចំពោះ​សហរដ្ឋអាមេរិក ដែលបានបង្ហាញ​ថា​ត្រឹមត្រូវ។ ហើយ​ខ្ញុំ​គិតថា យើង​ត្រូវតែ​បន្តទាក់​ទង​នឹង​ជន​ជាតិ​ប៉ាលេស្ទីន ដើម្បី​បញ្ជាក់​ថា យើង​នឹង​ប្តេជ្ញា​ចិត្តជួយ​សម្រេច​ឱ្យបាន​ដំណោះ​ស្រាយ​រដ្ឋពីរ។ ហើយ​ប្រសិនបើ​យើង​លែង​មាន​បំណង​ចង់​អនុវត្ត​តួនាទីនេះ​តទៅទៀត នោះជាការច្បាស់លាស់ណាស់ ដែល​យើងនឹង​លែង​មាន​លទ្ធភាពក្នុង​ការ​ជួយនាំមក​នូវ​ការចរចារ​ប្រកប​ដោយជោគជ័យ​បានទៀតហើយ»។
អ្នកជំនាញ​មួយចំនួន​ជឿជាក់ថា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) នឹង​មាន​ឱកាសដ៏ពិសេស​មួយ នៅក្នុងអណត្តិ​ទីពីរ​នៅក្នុង​មុខ​តំណែង​របស់​លោក ដើម្បី​ធ្វើ​រស់​ឡើង​វិញនូវ​ដំណើរការ​សន្តិភាពនៅក្នុង​តំបន់​មជ្ឈិមបូព៌ា។ ប៉ុន្តែ ក្រុម​អ្នក​វិភាគ​និយាយ​ថា សកម្មភាព​ទាំង​ឡាយនៅក្នុងតំបន់​នេះ នឹង​ត្រូវតែ​រង់ចាំ​រហូតដល់​ក្រោយពី​ការ​បោះឆ្នោតសភា​របស់ អ៊ីស្រាអែល នៅថ្ងៃទី​២២ ខែមករា៕
ប្រែសម្រួលដោយ ឌី ខាំបូលី
XS
SM
MD
LG