សហគមន៍អន្តរជាតិបានបន្តដាក់សម្ពាធបន្ថែមទៀត ដើម្បីឲ្យប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសបញ្ឈប់ការប្រយុទ្ធគ្នា លើទឹកដីនៃតំបន់ហ្គាហ្សា។
ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមនេះ បានអូសបន្លាយអស់រយៈពេលមួយសប្ដាហ៍ ហើយរហូតមកទល់ថ្ងៃចន្ទនេះ ភាគីទាំងសងខាងនៅតែបន្តការវាយប្រហារដាក់គ្នាដដែល។
អ្នកនាំពាក្យសេតវិមាន (White House) និយាយថា សហរដ្ឋអាមេរិកនឹងខិតខំប្រឹងប្រែងដើម្បីបន្ថយកម្តៅភាពតានតឹងក្នុងតំបន់ហ្គាហ្សា ដ៏ចម្រូងចម្រាស។ ខណៈពេលដែលសហភាពអឺរ៉ុបវិញ បានបង្ហាញជំហរ ចង់ធ្វើជាអ្នកសម្របសម្រួលដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។
ដោយឡែកសម្ព័ន្ធប្រទេសក្នុងតំបន់អារ៉ាប់វិញ ក៏បានធ្វើការអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធលើប្រទេសអ៊ីស្រាអែល ដើម្បីឲ្យប្រទេសមួយនេះ បញ្ឈប់ការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា។មន្ត្រីនៃសម្ព័ន្ធដដែលនិយាយថា អង្គការការពារច្បាប់ និងមនុស្សធម៌ គប្បីត្រូវការពារប្រជាពលរដ្ឋប៉ាឡេស្ទីន។
ក៏ប៉ុន្តែទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស ហាក់គ្មានការចាប់អារម្មណ៍និងការអំពាវនាវទាំងនោះទេ៕