ស្ត្រីក្មេងៗមួយក្រុមបានហ្វឹកហាត់លេងបាល់ទាត់នៅក្រោមកម្ដៅថ្ងៃនៃរសៀលថ្ងៃមួយនៅតំបន់ក្រីក្រមួយកន្លែងក្នុងទីក្រុង Karachi ប្រទេសប៉ាគីស្ថាន។ ទិដ្ឋភាពបែបនេះធ្វើឲ្យគេពិបាកស្រមៃបានថាតើបញ្ហាអ្វីខ្លះដែលស្ត្រីក្មេងៗទាំងនេះបានប្រឈម មុននឹងឈានមកដល់ដំណាក់កាលនេះ។
នាង Mahnoor Muhammad ដែលជាប្រធានក្រុមបាល់ទាត់ស្ត្រីវ័យក្មេងទាំងនេះ និយាយថា៖ «ខ្ញុំមកពីតំបន់ Lyari ក្នុងទីក្រុង Karachi។ នៅក្នុងតំបន់នេះ ក្មេងស្រីមិនត្រូវគេអនុញ្ញាតឲ្យលេងបាល់ទាត់ទេ។ ខ្ញុំត្រូវតែតស៊ូជម្នះលើរឿងនេះឲ្យបាន។ គ្រួសាររបស់ខ្ញុំបានប្រាប់ខ្ញុំថា ស្រីៗគេមិនលេងបាល់ទាត់ទេ។ ខ្ញុំបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបញ្ចុះបញ្ចូលគ្រួសាររបស់ខ្ញុំ។ ឥឡូវនេះ ក្រោយពីខ្ញុំបានក្លាយជាប្រធានក្រុមបាល់ទាត់នេះមក ក្រុមគ្រួសារខ្ញុំបានចាប់ផ្ដើមប្ដូរការគិតរបស់ពួកគេបន្តិចម្ដងៗ»។
ស្ត្រីវ័យក្មេងទាំងនេះមកពីក្លឹបបាល់ទាត់ Jafa Academy នៅក្នុងតំបន់ក្រីក្រ Lyari នៃទីក្រុង Karachi។
ក្លឹបនេះគឺជាក្លឹបបាល់ទាត់ឯកជនមួយក្នុងចំណោមក្លឹបស្រដៀងនេះជាច្រើនទៀតសម្រាប់ស្ត្រីនៅទូទាំងប្រទេសប៉ាគីស្ថាន។ ទោះបីជាក្លឹបនេះចុះឈ្មោះក្នុងសហព័ន្ធបាល់ទាត់ជាតិក៏ដោយ ក៏ក្លឹបនេះមិនបានទទួលថវិកាឧបត្ថម្ភអ្វីទាំងអស់។
គ្រូបង្វឹកគឺជាអ្នកស្ម័គ្រចិត្ត។ ចំណែកឯសម្ភារៈកីឡាគឺឧបត្ថម្ភដោយអ្នកមានធូរធារមួយចំនួន។
បន្ថែមទៅនឹងការប្រឆាំងគ្រប់ទម្រង់នៅក្នុងសង្គម ភាគច្រើននៃក្មេងស្រីទាំងនេះប្រឈមនឹងស្ថានភាពក្រីក្រនៅក្នុងគ្រួសាររបស់ពួកគេ។ អ្នកខ្លះត្រូវបង្ខំខ្លួនចុះចាញ់ស្ថានការណ៍នេះ ទោះបីជាមានចំណង់ចំណូលចិត្ត និងទេពកោសល្យក៏ដោយ។
នាង Maikaan Baloch ដែលជាកីឡាករបាល់ទាត់មួយរូប និយាយថា៖ «កីឡាការនីដ៏ឆ្នើមម្នាក់នៃក្រុមរបស់យើង ដែលធ្លាប់លេងជាខ្សែកណ្ដាល និងជាអនុប្រធានក្រុម មិនចូលរួមជាមួយពួកយើងទៀតទេ ដោយសារតែក្រុមគ្រួសាររបស់គាត់មិនគាំទ្រឲ្យគាត់លេងបាល់ទាត់។ ម្ដាយរបស់គាត់ងងឹតភ្នែក ហើយបងប្អូនប្រុសរបស់គាត់បង្អាក់ទឹកចិត្តគាត់ និងចង់ឲ្យគាត់នៅផ្ទះ។ កីឡាការនីឆ្នើមរបស់ក្រុមយើងម្នាក់ទៀត ដែលធ្លាប់លេងជាខ្សែប្រយុទ្ធ ឥឡូវនេះត្រូវធ្វើការរកលុយផ្គត់ផ្គង់ជីវភាពគ្រួសារ បន្ទាប់ពីឪពុករបស់គាត់បានស្លាប់»។
អ្នកដែលអាចជម្នះឧបសគ្គទាំងនេះបាន និងធ្វើតាមចំណូលចិត្តរបស់ខ្លួន បានត្អូញត្អែរថា ពួកគេទទួលបានការគាំទ្រផ្លូវការតិចតួចប៉ុណ្ណោះ។ ទោះបីជាប្រទេសប៉ាគីស្ថានមានក្រុមជម្រើសជាតិបាល់ទាត់ស្ត្រីក៏ដោយ ក៏ក្រុមបាល់ទាត់ស្ត្រីនេះនៅខ្វះខាតធនធាន និងការគាំទ្រជាទូទៅ។
ក្មេងស្រីទាំងនេះនិយាយថា ទោះបីជាពួកគេបានបញ្ចុះបញ្ចូលក្រុមគ្រួសារពួកគេឲ្យអនុញ្ញាតឲ្យពួកគេលេងបាល់ទាត់ក៏ដោយ ក៏ពួកគេនៅមិនទាន់ច្បាស់អំពីអនាគតរបស់ខ្លួននៅក្នុងវិស័យកីឡាបាល់ទាត់នេះដែរ៕
ប្រែសម្រួលដោយ ភី សុភាដា