ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពិភាក្សា​អំពី​ទំនាក់ទំនង​យោគយល់​គ្នា​ និង​អំពី​ដំណើរការសន្តិភាព​នៅ​អាហ្វហ្គានីស្ថាន​


រូប​ឯកសារ៖ លោក Lindsey Graham ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោក Lindsey Graham ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។

សមាជិកព្រឹទ្ធ​សភា​សហរដ្ឋអាមេរិក​លោក Lindsey Graham បាន​ជួបជាមួយ​ក្រុម​មន្រ្តី​នានា​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃចន្ទ​ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី​ទូលំទូលាយ​មួយ​ ដោយ​ផ្តោត​ជាពិសេស​ទៅ​លើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​កិច្ចប្រឹងប្រែង​កសាង​សន្តិភាព​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះ​បើ​យោង​តាម​មន្រ្តី។

ការិយាល័យ​លោក​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ប៉ាគីស្ថាន​បាន​ប្រកាស​ថា ​នៅក្នុង​ជំនួប​រវាង​លោក Graham និង​លោក Imran Khan នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន​ លោក Graham​ បាន​ថ្លែង​ថា​ ប្រធានាធិបតី​អាមេរិក​លោក Donald Trump កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​ការ​បន្ត​ជួយ​គាំទ្រ​របស់​ប៉ាគីស្ថាន​ចំពោះ​ដំណើរការ​សន្តិភាព​នៅក្នុង​ប្រទេសអាហ្វហ្គានីស្ថាន។

ក្រុមន្រ្តី​ក៏​បាន​ដកស្រង់​សម្តី​របស់​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​រូប​នេះ ​ដែល​បាន​សរសើរ​ប្រទេស​ប៉ាគីស្ថាន ​ដែល​បាន​សង់​របង​ព្រំដែន​ដើម្បី​ពង្រឹង​សន្តិសុខ​នៅ​តាម​ព្រំដែន​ជាមួយ​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន។

ស្របពេល​ដែល​ប៉ាគីស្ថាន​កំពុង​ផ្តោត​ខ្លាំង​លើ​សារៈសំខាន់​នៃ​សន្តិភាព​និង​ស្ថិរភាពក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ លោក Khan បាន​បញ្ជាក់​ឡើងវិញ​ថា ​ប៉ាគីស្ថាន​នឹង​បន្ត​ដើរតួនាទី​ជា​អ្នក​សម្របសម្រួល​នៅក្នុង​ដំណើរការ​សន្តិភាព​និង​ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក Graham ក៏​ធ្លាប់​បាន​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ខែកុម្ភៈ ដែល​ទស្សនកិច្ច​នោះ​គឺ​ជា​ការត្រួសត្រាយ​ផ្លូវ​ដល់​កិច្ចប្រជុំ​រវាង​លោក Khan និង​លោក Trump នៅ​សេតវិមាន​កាល​ពី​ខែកក្កដា​កន្លង​ទៅ៕

XS
SM
MD
LG