រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានប្រាប់បណ្តាញផ្សាយព័ត៌មានរដ្ឋប៉ុន្មានថ្ងៃមុនពេលការកំណត់ដើម្បីឲ្យមានកិច្ចព្រមព្រៀងដ៏ធំទូលាយមួយថា កិច្ចព្រមព្រៀងនោះអាចកើតមានឡើងបាន ប្រសិនបើភាគីម្ខាងទៀតមានហេតុផលត្រឹមត្រូវ។
លោក Mohammad Javad Zarif បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រសិនបើភាគីផ្សេងទៀតចាត់វិធានការវិជ្ជមាន ហើយមិនទាមទារច្រើនហួស យើងនឹងឈោងដល់កិច្ចព្រមព្រៀងមួយដែលផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគីទាំងអស់។
លោកបានធ្វើអត្ថាធិប្បាយភ្លាមៗមុនពេលជំនួប ដែលបានគ្រោងធ្វើឡើងនៅក្នុងទីក្រុងវីយ៉ែនជាមួយលោករដ្ឋមន្រ្តីការបរទេសស.រ.អា John Kerry។
អ្នកការទូតកំពូលប្រទេសលោកខាងលិចរូបនោះបាននិយាយថា ការខ្វែងគំនិតគ្នាដ៏ខ្លាំងនៅតែមានលើបញ្ហាសំខាន់ៗ នៅពេលដែលអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ព្យាយាមចរចាកិច្ចព្រមព្រៀងមួយដោយបានដាក់ពេលកំណត់នៅថ្ងៃទី៣០ ខែមិថុនានេះ ដែលមន្រ្តីជាច្រើនរំពឹងថា នឹងកើតមានឡើង។
អ្នកការទូតរូបនោះបានបន្តថា បញ្ហាលំបាកៗជាច្រើនត្រូវតែដោះស្រាយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ រួមមានអធិការកិច្ចរបស់អ.ស.បនៅរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ តម្លាភាព ការដាក់ទណ្ឌកម្ម និងលទ្ធភាពយោធាទៅលើកម្មវិធីបរមាណូរបស់អ៊ីរ៉ង់។
អ្នកការទូតរូបនោះបានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅក្នុងទីក្រុងវីយ៉ែនថា ការចរចាក្នុងចំណោមក្រុមមន្រ្តីមកពីអ៊ីរ៉ង់ និងស.រ.អា អង់គ្លេស បារាំង អាល្លឺម៉ង់ ចិន និងរុស្ស៊ីកំពុងចូលក្នុងជុំផ្តាច់ព្រ័ត្រ។
លោករដ្ឋមន្រ្តីការបរទេស Kerryនិងលោក Zarif រំពឹងនឹងធ្វើការចរចាសម្ងាត់ ដែលនឹងត្រូវចូលរួមក្នុងប៉ុន្មានថ្ងៃខាងមុខទៀតដោយក្រុមមន្រ្តីមកពីប្រទេសនានាហៅកាត់ថា P5+1 ដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខស.រ.អា និងអាល្លឺម៉ង់៕