ក្រុមប្រទេសមហាអំណាចពិភពលោកបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងអ៊ីរ៉ងហើយ ដែលកិច្ចព្រមព្រៀងនេះនឹងកម្រិតកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងការដោះដូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច ក៏ដូចជាបញ្ចប់ការចរចាដ៏លំបាកក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ។
លោកប្រធានាធិបតីស.រ.អាបារ៉ាក់ អូបាម៉ាបានថ្លែងថា៖ «កិច្ចព្រមព្រៀងនេះបង្ហាញថា កិច្ចការទូតរបស់អាមេរិកាំងអាចនាំឲ្យមានការផ្លាស់ប្តូរពិតប្រាកដ និងប្រកបដោយអត្ថន័យ»។
លោកអូបាម៉ាបានបន្តថា៖«កិច្ចព្រមព្រៀងដ៏សំខាន់ច្បាស់លាស់ និងមានរយៈពេលវែងជាមួយនឹងអ៊ីរ៉ង់ នឹងរារាំងអ៊ីរ៉ង់មិនឲ្យមានអាវុធនុយក្លេអ៊ែរ»។
លោកអូបាម៉ាបានថ្លែងដូច្នេះភ្លាមៗបន្ទាប់ពីការប្រកាសលទ្ធផលនៃកិច្ចព្រមព្រៀង ក្នុងទីក្រុងវីយេនរបស់រដ្ឋមន្ត្រីការបរទេសអឺរ៉ុប Federica Mogherini និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Javad Zarif បន្ទាប់ពីមានការចរចាអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីពិភាក្សាបញ្ហាលម្អិត ដែលតម្រូវឲ្យមានការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងតម្រូវឲ្យមានការត្រួតពិនិត្យដោយទីភ្នាក់ងារនុយក្លេអ៊ែរអ.ស.ប៕