អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យទំនើបមួយដែលមាន ២០០ គ្រែនៅទីក្រុងកាប៊ុល ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមណ្ឌលសុខភាពសំខាន់ៗចំនួន៣ ដែលត្រូវសាងសង់និងផ្តល់មូលនិធិទាំងស្រុងដោយរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ ដើម្បីរួមចំណែកដល់កិច្ចប្រឹងប្រែងស្ថាបនាប្រទេសអាហ្វហ្កានីស្ថានឡើងវិញ ក្រោយពីត្រូវបំផ្លិចបំផ្លាញដោយសង្រ្គាម។
មន្ទីរពេទ្យនេះត្រូវបានដាក់ឈ្មោះតាមស្ថាបនិកប្រទេសប៉ាគីស្ថានគឺឈ្មោះមន្ទីរពេទ្យ Muhammad Ali Jinnah។ ការសាងសង់មន្ទីរពេទ្យដែលមានគុណភាពល្អឥតខ្ចោះនេះបានចំណាយពេល ១២ ឆ្នាំនិងចំណាយថវិកាអស់ជាង ២៤ លានដុល្លារ។
មន្ត្រីនៅប្រទេសទាំងពីរបានលើកឡើងថា បញ្ហាសន្តិសុខនៅអាហ្វហ្គានីស្ថានដែលកាន់តែយ៉ាប់យ៉ឺន ភាពតានតឹងផ្នែកនយោបាយនិងការិយាធិបតេយ្យដែលគ្មានប្រសិទ្ធភាព បានធ្វើឲ្យការសាងសង់មន្ទីរពេទ្យទីពីរមានការយឺតយ៉ាវ។
លោក Mohammad Sarwar អនុប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ferozuddin Feroz រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូជាន់ខ្ពស់របស់ប៉ាគីស្ថាន ដែលដឹកនាំដោយលោក Ali Muhammad Khan រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមពិធីសម្ពោធនេះកាលពីថ្ងៃសៅ រ៍នៅពេលប្រទេសប៉ាគីស្ថានបានប្រគល់ជាផ្លូវការនូវមន្ទីរពេទ្យពហុជំនាញជំនាញនេះទៅឲ្យរដ្ឋាភិបាលក្រុងកាប៊ុល៕