នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីលោក Mahathir Mohamad បានអញ្ជើញទៅដល់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃដែលនៅទីនោះគណៈប្រតិភូជាន់ខ្ពស់របស់លោកត្រូវគេរំពឹងនឹងធ្វើកិច្ចព្រមព្រៀងវិនិយោគ ទុនផ្តាច់ព្រាត់ដែលមានតម្លៃជិត៩រយលានដុល្លារ។ នេះតាមការបញ្ជាក់របស់ពួកមន្រ្តី។
ក្រសួងការបរទេស បានប្រកាសថា មេដឹកនាំម៉ាឡេស៊ីរូបនេះ ក៏នឹងធ្វើជាភ្ញៀវនៅឯព្យុហយាត្រាទិវាកងទ័ពប៉ាគីស្ថាននៅថ្ងៃទី២៣ ខែមីនាដែរ។
ទីប្រឹក្សាផ្នែកពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan បានប្រាប់អ្នកយកព័ត៌មានថា មេដឹកនាំពាណិជ្ជកម្មដែលអមដំណើរលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាចំនួន៣នៅថ្ងៃសុក្រនេះ ដែលមានតម្លៃ៩រយលានដុល្លារនៅក្នុងផ្នែកបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍។
លោក Razak Dawoodទីប្រឹក្សានាយករដ្ឋមន្រ្តីប៉ាគីស្ថាន បាននិយាយថា កិច្ចព្រមព្រៀងជាមួយម៉ាឡេស៊ី ក៏នឹងផ្តល់ឲ្យប៉ាគីស្ថាននូវការបើកចំហរថ្មីឆ្ពោះទៅកាន់សមា ជិកភាពនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន។
លោកបាននិយាយទៀតថា ពាណិជ្ជករម៉ាឡេស៊ី ក៏បានប្រាប់ឲ្យដឹងដែរថា ពួកគេចង់វិនិយោគនៅក្នុងវិស័យផ្សេងៗទៀត រួមមានថាមពលនិងឧស្សាហកម្មវាយនភណ្ឌ ដើម្បីជួយប៉ាគីស្ថានធ្វើឲ្យប្រសើរឡើងនូវការនាំចេញរបស់ខ្លួន។
មន្រ្តីនិយាយទៀតថា ក្រុមហ៊ុនផលិតរថយន្តម៉ាកប្រូតុងរបស់ម៉ាឡេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីចុងឆ្នាំទៅ ជាមួយដៃគូប៉ាគីស្ថានដើម្បីបង្កើតរោងចក្រដំឡើងរថយន្តនៅក្នុងទីក្រុងការ៉ាជី ភាគខាងជើងប្រទេសដែលនឹងក្លាយជារោងចក្រលើកដំបូងនៅក្នុងតំបន់អាស៊ីខាងត្បូង៕