សហរដ្ឋអាមេរិក និងក្រុមតាលីបានព្រមព្រៀងគ្នាបង្កើតក្រុមការងារបច្ចេកទេសពីរក្រុម ដើម្បីកំណត់អំពីសេចក្តីលម្អិតនៃការដកកងទ័ពអាមេរិក និងកងទ័ពរបស់អង្គការអូតង់ពីប្រទេសអាហ្វហ្គានីស្ថាន និងទប់ស្កាត់មិនឲ្យក្រុមភេរវកម្មប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានប្រឆាំងនឹងអាមេរិក និងពួកសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើយោងតាមក្រុមបះបោរបានឲ្យដឹងកាលពីថ្ងៃពុធ។
មេដឹកនាំក្រុមចរចាខាងក្រុមតាលីបានលោក Mullah Sher Mohammad Abbas Stanikzai បានបង្ហាញព័ត៌មានលម្អិតបន្ទាប់ពីកិច្ចពិភាក្សាជាហូរហែជិតមួយសប្តាហ៍ ដែលរួមបញ្ជូលទាំងកិច្ចពិភាក្សាកាលពីថ្ងៃសៅរ៍នៅប្រទេសកាតាជាមួយតំណាងពិសេសខាងភាគីសហរដ្ឋអាមេរិកសម្រាប់ការផ្សះផ្សារជម្លោះនៅអាហ្វហ្គានីស្ថានលោក Zalmay Khalilzad។
លោក Stanikzai បានប្រាប់បណ្តាញផ្សព្វផ្សាយមួយដែលគាំទ្រក្រុមតាលីបានថា«ក្រុមការងារបច្ចេកទេសទាំងពីរក្រុមនឹងរៀបចំសំណើរនានា និងធ្វើសេចក្តីសម្រេច បន្ទាប់មកនឹងនាំយកសំណើរទាំងនោះទៅក្នុងកិច្ចប្រជុំនៅរដ្ឋធានីដូហា ប្រទេសកាតានៅថ្ងៃទី២៥ខែកុម្ភៈខាងមុខ»។ លោកបាននិយាយបន្ថែមទៀតថា កិច្ចប្រជុំទ្រង់ទ្រាយធំនេះនឹងត្រូវរៀបចំឡើង ដោយមានការចូលរួមពីអង្គការសហប្រជាជាតិដ៏មានឥទ្ធិពល និងតំណាងមកពីប្រទេសម៉ូស្លីមនានាដើម្បីធ្វើជាអ្នកធានាអះអាងអំពីការដកកងទ័ពបរទេសចេញពីប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមតាលីបាននឹងធ្វើការធានាអះអាងនៅក្នុងកិច្ចប្រជុំនោះថា នឹងគ្មាននណាម្នាក់នឹងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានដើម្បីធ្វើសកម្មភាពភេរវកម្មអន្តរជាតិឡើយ។ ភាគីសហរដ្ឋអាមេរិកក៏នឹងប្រកាសអំពីពេលវេលាសម្រាប់ដកកងទ័ពរបស់ខ្លួនផងដែរ។ លោក Stanikzaiក៏បានទទួលស្គាល់ដែរថា កងទ័ពទាំងនេះមិនអាចដកចេញឲ្យអស់ក្នុងរយៈពេលមួយថ្ងៃ ឬមួយសប្តាហ៍នោះទេ។ វានឹងត្រូវការពេលវេលា។ លោកក៏បានបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកបានយល់ព្រមជួយកសាងតំបន់ឡើងវិញបន្ទាប់ដកកងទ័ពហើយ៕