តំណាងរបស់ក្រុមតាលីបង់នឹងជួបជាមួយពួកមេដឹកនាំប្រឆាំងដ៏មានឥទ្ធិពលរបស់អាហ្វហ្គានីស្ថាននៅក្នុងទីក្រុងមូស្គូរយៈពេលពីរថ្ងៃដើម្បីពិភាក្សាអំពីការបង្កើតសន្តិភាព ដោយចាប់ផ្តើមពីថ្ងៃអង្គារស្អែកនេះ។ ប៉ុន្តែបេសកជនមកពីរដ្ឋាភិបាលក្រុងកាប៊ុលនឹងមិនចូលរួមក្នុងកិច្ចពិភាក្សានេះទេ។
ការជួបប្រជុំដ៏ចម្រូងចម្រាសនេះត្រូវបានពួកអ្នកវិភាគនិយាយថា ជាការបញ្ជាក់អំពីការបែកបាក់នយោបាយកាន់តែជ្រៅនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយនឹងធ្វើឲ្យរដ្ឋាភិបាលឯកភាពជាតិរបស់លោកប្រធានាធិបតី Ashraf Ghani កាន់តែចុះខ្សោយ។
កិច្ចចរចាសន្តិភាពអាហ្វហ្គានីស្ថាននៅប្រទេសរុស្ស៊ីបានរៀបចំឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិករាយការណ៍ថាមានការវិវត្តគួរឲ្យកត់សម្គាល់នៅក្នុងដំណើរការចរចាជាមួយក្រុមបះបោរតាលីបង់ បើទោះបីជាពួកគេមិនឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានចូលរួមយ៉ាងណាក៏ដោយ។
ក្រុមតាលីបង់បានបដិសេធមិនធ្វើការចរចាដោយផ្ទាល់ ឬដោយប្រយោលជាមួយរដ្ឋបាលលោក Ghani ដោយពួកគេបានចាត់ទុករដ្ឋបាលលោក Ghani ថាជាអាយ៉ង់របស់អាមេរិក។
អ្នកនាំពាក្យក្រុមតាលីបង់បានអះអាងប្រាប់ VOA កាលពីថ្ងៃអាទិត្យថាប្រតិភូមួយក្រុមមកពីការិយាល័យនយោបាយរបស់ពួកគេនៅប្រទេសកាតានឹងមកចូលរួមកិច្ចពិភាក្សានៅទីក្រុងមូស្គូក្រោមការដឹកនាំរបស់អ្នកចរចាជាន់ខ្ពស់ក្រុមបះបោរគឺលោក Sher Mohammad Abbas Stanikzai។ រុស្ស៊ីបានដកខ្លួននៅឆ្ងាយពីកិច្ចប្រជុំដែលនឹងធ្វើឡើងក្នុងពេលខាងមុខ បន្ទាប់ពីមានការរិះគន់ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
ពួកអ្នករិះគន់បានលើកឡើងថាជម្លោះនៅក្នុងកិច្ចចរចាអំពីវិបត្តិនៅអាហ្វហ្គានីស្ថានអាចកើតចេញពីការប្រជែងគ្នារវាងរដ្ឋាភិបាលក្រុងមូស្គូនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ក៏ប៉ុន្តែស្ថានទូតរុស្ស៊ីក្នុងទីក្រុងកាប៊ុលបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកិច្ចប្រជុំដែលត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាកិច្ចការអាហ្វហ្គានីស្ថានដែលមានមូលដ្ឋាននៅរុស្ស៊ីគឺដើម្បីជំរុញដល់សន្តិភាពនៅអាហ្វហ្គានីស្ថានតែប៉ុណ្ណោះ។
លោក Zabihullah Mujahid អ្នកនាំពាក្យក្រុមតាលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ក្រុមរបស់លោក មានបំណងប្រើសន្និសីទក្រុងមូស្គូនេះដើម្បីបើកបណ្តាញធ្វើឲ្យមានការយោគយល់គ្នាជាមួយក្រុមនយោបាយនានាដែលមិនមែនជារដ្ឋាភិបាលអាហ្វហ្គានីស្ថាន៕