ប្រទេសប៉ាគីស្ថានបានប្រហារជីវិតមនុស្សបួននាក់ដោយព្យួករ នៅថ្ងៃពុធនេះពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមតាលីបង់ ទៅលើសាលារៀនមួយដែលគ្រប់គ្រងដោយកងទ័ព នៅក្នុងក្រុង Peshawar កាលពីឆ្នាំមុន។ នៅក្នុងការវាយប្រហារនោះ ក្រុមសកម្មប្រយុទ្ធបានសម្លាប់កុមារអស់១៣៤នាក់ និងបុគ្គលិកសាលារៀន១៦នាក់ផ្សេងទៀត។
ក្រុមយោធាបានប្រកាសកាលពីខែសីហាថា មនុស្សទាំងបួននាក់ត្រូវបានកាត់ទោសប្រហារជីវិតរួមនឹងមនុស្សពីរនាក់ទៀត បន្ទាប់ពីពួកគេបានសារភាពថា ពួកគេបានជួយជនប្រដាប់អាវុធ ឱ្យវាយប្រហារសាលារៀននោះ។
សាក្សីដែលបានឃើញហេតុការណ៍នោះបានរៀបរាប់ថា ខ្មាន់កាំភ្លើងបានបាញ់កូនសិស្សនៅពេលដែលពួកកូនសិស្សទាំងនោះ កំពុងជួបជុំគ្នានៅក្នុងសាលដែលមានមនុស្សកកកុញ ហើយក្រោយមកជនប្រដាប់អាវុធទាំងនោះ បានចូលទៅតាមថ្នាក់រៀនម្តងមួយៗ ដោយសម្លាប់មនុស្សគ្រប់គ្នាដែលពួកគេឃើញ។
កងកម្លាំងប៉ាគីស្ថានបានសម្លាប់ជនប្រដាប់អាវុធទាំងអស់នោះ នៅពេលប្រយុទ្ធជាមួយក្រុមនោះអស់រយៈពេលជាច្រើនម៉ោង។
ក្រុមតាលីបង់ប៉ាគីស្ថាននិយាយថា ខ្លួនជាអ្នកធ្វើការវាយប្រហារនោះដើម្បីសងសឹក នឹងការរុលទៅមុនរបស់កងទ័ពប៉ាគីស្ថាន ដែលតាមចាប់ពួកជីវពលតាលីបង់៕