ក្រុមបះបោរតាលីបង់បានវាយឆ្មក់ពន្ធនាគារមួយកន្លែង នៅក្នុងប៉ែកខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន ដោយបានដោះលែងក្រុមអ្នកទោសរាប់រយនាក់។
លោក Mohammad Ali Ahmadi អភិបាលរងនៃខេត្ត Ghazni នាប៉ែកខាងកើតនៃប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា ការវាយប្រហារមានការរៀបចំយ៉ាងល្អនេះ បានចាប់ផ្តើមជាមួយនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងឡានមួយគ្រឿង ដែលធ្វើឱ្យក្រុមឧទ្ទាមឯទៀតៗចូលទៅក្នុងពន្ធនាគារនោះបាន។
ក្រុមមន្ត្រីអាហ្វហ្គានីស្ថានបាននិយាយថា មានអ្នកទោសទាំងអស់៤៣៦នាក់នៅក្នុងពន្ធនាគារនេះ ហើយអ្នកទោស៣៥៥នាក់ក្នុងបណ្តាក្រុមអ្នកទោសទាំងអស់បានរត់គេចខ្លួនរួច នៅពេលមានការវាយប្រហារនោះ។
រដ្ឋាភិបាលបាននិយាយថា ក្រុមអ្នកទោសរត់រួច១៤៨នាក់ គឺជាអ្នកដែល«គំរាមកំហែងដល់សន្តិសុខជាតិ។»
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានក្នុងទីក្រុងកាប៊ុលបានថ្លែងថា ឆ្មាំសន្តិសុខ៧នាក់ត្រូវបានសម្លាប់ ហើយឆ្មាំ៧នាក់ទៀតបានរងរបួស។ សេចក្តីថ្លែងការណ៍នេះឱ្យដឹងទៀតថា ក្រុមបះបោរ៥នាក់ក៏បានស្លាប់ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើតាមសារអេឡិចត្រូនិចទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យរបស់ក្រុមតាលីង់ឈ្មោះ Zabihullah Mujahid បានអះអាងទទួលខុសត្រូវដល់ការវាយប្រហារនេះ ដោយបានចោទប្រកាន់ថា ពន្ធនាគារនេះត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងារស៊ើបការសម្ងាត់របស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ហើយបាននិយាយទៀតថា ក្រុមអ្នកទោសរួមបញ្ចូលទាំងក្រុមយុទ្ធជនតាលីបង់ផងដែរនោះ ទទួលរងការធ្វើបាបយ៉ាងខ្លាំង៕