សមាជិកជាន់ខ្ពស់នៃក្រុមតាលីបាន បានប្រកាសអំពីសេចក្តីសម្រេចមួយស្តីពីការបែកបាក់គ្នានៅខាងក្នុងចំណោមពួកមេដឹកនាំនៃក្រុមនេះនៅក្រោយការស្លាប់របស់ Mullah Omar។ បក្សពួកដែលបានបែកបាក់គ្នាកាលពីពេលមុនបានប្តេជ្ញាកាលពីថ្ងៃអង្គារថា ពួកគេនឹងស្មោះត្រង់ជាមួយលោក Mullah Akhtar Mansoor ដែលជាមេដឹកនាំថ្មីរបស់ក្រុមនេះ។
អ្នកតំណាងពិសេសរបស់រដ្ឋាភិបាលស.រ.អា.សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសប៉ាគីស្ថានបាននិយាយថា លោកមាន«សេចក្តីសង្ឃឹមប្រាកដប្រជា»ថា កិច្ចចរចាសន្តិភាពរវាងពួកតាលីបាននិងរដ្ឋាភិបាលក្រុងកាប៊ុលអាចនឹងធ្វើឡើងវិញសាជាថ្មីក្នុងពេលឆាប់ៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយជាភាសា Pashto អ្នកនាំពាក្យរបស់ក្រុមតាលីបានឈ្មោះ Zabihullah Mujahid បាននិយាយថា ការព្រមព្រៀងគ្នាដើម្បីបង្រួបបង្រួមគ្នានៅក្រោមការដឹកនាំរបស់លោក Mansoor មានឡើងនៅក្នុងការប្រជុំមួយនៃពួកបព្វជិតនិងពួកព្រឹទ្ធាចារ្យសំខាន់ៗ។ លោក Mohammad Yaqoob កូនប្រុសច្បងរបស់លោក Omar និង Mullah Abdul Manan ប្អូនប្រុសគាត់បានប្រកាសការគាំទ្រពេញទំហឹងរបស់ពួកគេដល់លោក Mansoor ដែលមានវត្តមាននៅក្នុងការប្រជុំនេះកាលពីថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍របស់ក្រុមតាលីបាន បានកត់សម្គាល់ថា ពួកញាតិសន្តានរបស់លោក Omar បានសុំដល់ពួកអ្នកគាំទ្រពួកគេឱ្យចូលរួមជាមួយពួកគេនិងរួបរួមគ្នាតទៅទៀតនៅក្រោមការដឹកនាំរបស់លោក Mansoor។
គេយល់ឃើញថា ព្រឹត្តិការណ៍នេះកាលពីថ្ងៃអង្គារជាជំហានធំមួយឆ្ពោះទៅកាន់ការពង្រឹងអំណាចពេញលេញរបស់លោក Mansoor ដែលអាចបញ្ចប់ការប្រយុទ្ធគ្នាផ្ទៃក្នុងនិងភាពអាថ៌កំបាំងខាងនយោបាយក្នុងចំណោមពួកសមាជិកនៃក្រុមតាលីបាន៕