ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូ​បង្រៀន​ម្នាក់​បន្ត​រត់​គេច​ខ្លួន ក្រោយ​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង​រក្សា​បទ​ចោទ​ញុះញង់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក


រូប​ឯកសារ៖ ការ​រៀប​ចំ​ចង​ទង់​ជាតិ​កម្ពុជា​ និង​ទង់ជាតិ​វៀតណាម​នៅ​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​ ដើម្បី​​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​ ត្រាន់​ ដាយ​ក្វាង​ ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ​នៅក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។​
រូប​ឯកសារ៖ ការ​រៀប​ចំ​ចង​ទង់​ជាតិ​កម្ពុជា​ និង​ទង់ជាតិ​វៀតណាម​នៅ​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​ ដើម្បី​​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​ ត្រាន់​ ដាយ​ក្វាង​ ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ​នៅក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។​

គ្រូ​បង្រៀន​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន​បាន​បន្ត​រត់​គេច​ខ្លួន​បន្ទាប់​ពី​បណ្តឹង​សាទុក្ខ​របស់​លោក​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ញុះ​ញង់​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង​ច្រាន​ចោល​កាល​ពី​ខែ​កញ្ញា។

តុលាការ​ខេត្ត​ប៉ៃលិន​បាន​កាត់​ទោស​លោក យួង សូដា ដោយ​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ពី​បទ​ញុះញង់​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​អំពី​សំណង់ស្តូប​អនុស្សាវរីយ៍​មិត្ត​ភាព​កម្ពុជា​វៀតណាម ដែល​ត្រូវ​បាន​សាងសង់​មួយ​ដែរ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​កាល​ពីពេលកន្លង​ទៅ។

បើ​តាម​សាលក្រម​របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ថ្ងៃទី​៩ ខែ​មេសា​ លោក យួង​ សូដា​អាយុ​២៣​ឆ្នាំ​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​ពី​បទ​«ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ប្រព្រឹត្ត​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កាល​ពីថ្ងៃទី ​៦ ខែកញ្ញា ឆ្នាំ​២០២០។

ក្រោយ​មក​លោក ​យួង​ សូដា​ អតីត​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​អូរ​ខ្ទីងមាស​ក្នុង​សង្កាត់​ អូរតាវ៉ៅ​ខេត្ត​ប៉ៃលិន បាន​ប្តឹង​ជំទាស់​នឹង​ការ​កាត់​ទោស​ដោយ​កំបាំង​មុខ​នេះ ទៅ​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង​ក៏​ប៉ុន្តែ​ការ​ប្តឹង​សា​ទុក្ខ​របស់​លោក​មិន​បាន​ជោគ​ជ័យ។

លោក យួង​ សូដា ដែល​បាន​បាត់បង់​អាជីព​ជា​គ្រូ​ដោយ​សារ​ក្តី​ក្តាំង​ខាង​លើ ហើយ​អះអាង​ថា​កំពុង​លាក់​ខ្លួន​នៅ​ទី​មាន​សុវត្ថិភាព​មួយ​ឆ្ងាយ​ពី​ខេត្ត​ប៉ៃលិន​បាន​ចាត់​ទុកថា​ការ​កាត់​ទោស​លើ​រូប​លោក ទំនង​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​តុលាការ​មក​លើ​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​នឹង​រដ្ឋាភិបាល។

លោកប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «បើ​តាម​ការ​យល់​ឃើញ​របស់​ប្អូន​ប្អូន​គិត​ថា​ទំនង​ជា​ចេតនា​មួយ​ដែរ​នៅ​ក្នុង​ការ​ទប់​ស្កាត់​មិន​ឲ្យ​ប្អូន ឬ​ក៏​យុវជន​ដទៃ​ទៀត គ្រូ​បង្រៀន​ដទៃ​ទៀត​ឬ​ក៏​ពលរដ្ឋ​ដទៃ​ទៀត​ដើម្បី​ធ្វើ​ការ​រិះ​គន់​លើ​បញ្ហា​សង្គម​ជាតិ»។

សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង កាលពីចុង​ខែ​កញ្ញា​ឆ្នាំ​២០២១​បាន​ប្រកាស​ជា​សាធារណៈ​នូវ​សាលដីកា​ដែល​បន្ត​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​ទុក​ជា​បាន​ការ​ក្រោយ​ការ​ជំនុំ​ជម្រះ​មួយដែល​មិន​មាន​វត្ត​មាន​របស់​ជន​ជាប់​ចោទ។ នេះ​បើ​តាម​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង ចុះ​ថ្ងៃទី​២៨ ខែកញ្ញា​ដែល​វីអូអេ​បាន​ទទួល​កាល​ពី​ពេល​ថ្មីៗ​នេះ។

បើ​តាម​សាលដីការ​បស់​តុលាការ ការអធិប្បាយ​តាម​គណនី​ហ្វេស​ប៊ុក​ឈ្មោះ​ Young So Da មួយ​ត្រូវ​បាន​គេ​ដក​ស្រង់​ខ្លឹមសារ​តាម​សំណេរ​ដើម​ថា៖«សូម​ឲ្យស្មារតី​ជាតិ​និយម​កាន់​តែ​រឹង​មាំ​ឡើង! សូម​ឲ្យ​ព្រលឹង​តស៊ូ​សណ្ឋិត​ក្នុង​រាង​កាយ​ខ្មែរ​គ្រប់​រូប! ដោយ​ក្តី​គោរព​ស្រលាញ់​ពី​ខ្ញុំ យួង​ សូដា»។

លោក យួង​ សូដា បាន​ប្រាប់​វីអូអេ​បន្ថែម​ថា​ការ​អធិប្បាយ​របស់​លោក​លើ​បញ្ហា​សំណង់​ស្តូប​មិត្តភាព​អនុស្សា​វរីយ៍​កម្ពុជាវៀត​ណាម​នោះ​គ្រាន់​តែ​ជា​ផ្នែក​នៃ​ការ​បង្ហាញ​យោបល់​និង​កង្វល់​របស់​ពលរដ្ឋ​ទាក់​ទង​នឹង​សំណង់​ស្តូប​ដែល​ត្រូវ​បាន​កសាងនៅ​ស្ទើរ​ពេញទូទាំង​ប្រទេស។

លោក​យល់​ថា​ការ​ស្ថាបនា​សំណង់​បែប​នេះ​នឹង​បង្ហាញ​ថា​កម្ពុជា​កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល​ប្រទេស​វៀតណាម​និង​បន្ត​ដឹង​គុណ​ដល់​ប្រទេស ដែល​លោក​ថា​កម្រ​បង្ហាញ​ការ​ដឹង​គុណ​របស់​ខ្លួន​មក​កម្ពុជា ដែល​បាន​ជួយប្រទេស​នេះបញ្ចប់​ជម្លោះ​យោធា​ផ្ទៃ​ក្នុងមួយ​ផ្នែក​កាល​ពី​អតីត​កាល។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​រិះគន់​ថា​តុលាការ​ច្រើន​តែ​ប្រើ​ប្រាស់​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ដើម្បី​មក​បំបិទ​សំឡេង​មតិ​រិះគន់​រដ្ឋាភិបាល​ឬ​បុគ្គល​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ជំទាស់។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក អំ​សំអាតថ្លែង​ថា​ការ​និយាយ​ពី​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​របស់​លោក យួង​ សូដា​អាច​ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត។

ទោះ​យ៉ាងណា​លោក​ចង់​ឃើញ​នូវ​ការ​អត់ធ្មត់​របស់​មន្ត្រី​រាជការ​សាធារណៈ ហើយ​សិក្សា​ពី​ចរិត​នៃ​ការ​បញ្ចេញ​យោបល់​របស់​បុគ្គល​ណា​មួយ​ថា​ពិត​ជា​មាន​ធាតុ​ផ្សំ​នៃ​បទ​ល្មើស​ឬ​យ៉ាង​ណា​មុន​នឹង​ឈាន​ទៅ​ចាត់​វិធានការ​ច្បាប់។

លោក​ប្រាប់​វីអូអេ​ថា៖ «ដូច​ករណី​នេះ​ក្រោយ​ពី​គាត់​មាន​ការ​បញ្ចេញ​មតិ​ឬក៏​យោបល់​តាម​ប្រព័ន្ធបណ្តាញ​សង្គម​របស់​គាត់​មក​វា​អត់​មាន​បាតុភាព​អី​កើត​ឡើង​ដែរ​ទេ»។​

អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង លោកស្រី ​ទៀង សំបូរ បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ដោយ​ថា​មាន​ធុរៈប្រជុំ។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក ជិន​ ម៉ាលីន​ លើក​ឡើង​ថា​លោក​យួង​ សូដា​អាច​បន្ត​ការពារ​សិទ្ធិ​របស់​គាត់​បាន​ទៅ​តាម​នីតិវិធី​បន្ទាប់​ទៀត​ក្រោយ​ពី​សាលា​ឧទ្ធរណ៍​រក្សា​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​ប៉ៃលិន។

លោក​ថ្លែង​ថា៖ «អាហ្នឹង​ជា​ការ​សម្រេច​របស់​តុលាការ អ៊ីចឹង​គាត់ត្រូវ​ចូល​រួមទៅតាម​នីតិវិធី​ហើយ​ការពារ​សិទ្ធិ​របស់​គាត់​តាម​ផ្លូវ​ច្បាប់​ទៅ។ បើ​គាត់​យល់​ថា​ទង្វើ​សកម្មភាព​របស់​គាត់​ជា​ការ​អនុវត្ត​សិទ្ធិ​ប៉ុន្តែ​សមត្ថកិច្ច​គេ​រក​ឃើញ​ថាវា​មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​វា​ជា​ជា​បទ​ល្មើស​ដោយ​ផ្អែក​លើ​អង្គ​ហេតុ​និង​អង្គ​ច្បាប់»។

គួរ​បញ្ជាក់​ថា ការ​និយាយ​ស្តី​បញ្ហា​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ប្រទេស​វៀតណាម​ជារឿយៗ​ត្រូវ​បាន​មើល​ឃើញ​ថា​បានរងការ​ឆ្លើយ​តប​មក​វិញ​ពី​អាជ្ញា​ធរ​កម្ពុជា​តាម​ផ្លូវ​តុលាការ​តួយ៉ាង​ដូច​ករណី​លោក​ រ៉ុង ឈុន​ មេដឹកនាំ​សហជីព​មួយ​រូប​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ក្រោយ​លោក​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ខែកក្កដា​ឆ្នាំ​២០២០៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG