ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ បើក​សវនាការ​កំបាំង​មុខ​ក្នុង​សំណុំរឿង​បង្ហោះ​ហ្វេសប៊ុក​«ញុះញង់»​របស់​សកម្មជន​បក្ស​ប្រឆាំង


រូបឯកសារ៖ មនុស្ស​ម្នា​នាំ​គ្នា​ដើរ​កាត់​មុខ​​អគារ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ មនុស្ស​ម្នា​នាំ​គ្នា​ដើរ​កាត់​មុខ​​អគារ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

តុលាការ​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ផ្តើម​ជំនុំជម្រះ​ក្តី​ដោយ​កំបាំង​មុខ ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ញុះញង់ ប្រឆាំង​នឹង​ជន​ជាប់​ចោទ​៧​នាក់ ដែល​ជាសកម្មជន​ និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពេល​ពី​កន្លង​ទៅ។

ពួកគេ​ទាំង​នោះ មាន​ឈ្មោះ​ នូ សុធា រិន រដ្ឋ រុន ចន្ធី​ ម៉ៅ​ វិបុល​ ស៊ឹម សុភា​ ពេជ្រ សំបូរ និង​ ​នាង សុឃុន​ ដែល​មិន​មក​បង្ហាញខ្លួន​ក្នុង​បន្ទប់​សវនាការ។ បើ​តាម​លោក​ស្រី​ចៅក្រម​ អ៊ុក រ៉េតគន្ធា​ ជន​ជាប់​ចោទ​ទាំង​អស់​បាន​រត់​គេច​ខ្លួន។

ក្នុង​សវនាការ​ដែលបាន​ធ្វើឡើង​ប្រមាណ​៣០នាទី លោក​ស្រី ​អ៊ុក រ៉េតគន្ធា​ បាន​ស្នើ​ឲ្យ​លោក​វីរសេនីយ៍ទោ​ ​ចាន់​ ដារិទ្ធ នាយ​ការិយា​ល័យ​ស៊ើប​អង្កេត​ និងកសាងនីតិវិធី​នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​ពន្យល់អង្គ​ហេតុ និង​បង្ហាញ​សាវតា​របស់​ជនជាប់ចោទ​ទាំង​៧នាក់​នោះ ដែលមួយចំនួន​បាន​គេច​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ថៃ និង​ខ្លះកំពុង​រស់នៅ​ប្រទេស​បារាំង និងកាណាដា​។

លោក ចាន់​ ដារិទ្ធ​ បានប្រាប់​អង្គសវនាការ​ថា​ មានអង្គហេតុ​សំខាន់​ៗមួយចំនួន​ ដែល​ផ្តើមចេញ​ពី​ការ​បង្ហោះ​ព័ត៌​មានរបស់​ជន​ជាប់ចោទឈ្មោះ នូ សុធា ពាក់​ព័ន្ធនឹង​ស្ថានភាព​នៃចំនួនអ្នកស្លាប់​ច្រើន​ដោយសារ​ជំងឺកូវីដ​១៩​នៅ​កម្ពុជា​ ក្នុង​អំឡុង​ខែ​មីនា​ ឆ្នាំ​២០២០ និង​«សារប្រមាថ»​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ជុំវិញ​ការដាក់​បញ្ជា​ឲ្យពលរដ្ឋ​ខ្មែរ​អ៊ីសា្លម​ចំនួន​៧៩​នាក់​ ឆ្លង​ជំងឺកូវីដ១៩​ ក្រោម​ហេតុផល​ថា លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​មានតួនាទី​ជា​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប​នៅស្រុក​ក្រូចឆ្មា​ខេត្ត​កំពង់​ចាម​ ទីដែលមាន​ការ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ក្នុង​ឆ្នាំ១៩៧៧។

លោក ចាន់​ ដារិទ្ធ និយាយ​ក្នុង​សវនាការ​ថា៖ «ខ្លឹមសារ​ដែល​ផ្សព្វផ្សាយ​មាន​ចរិត​ញុះញង់​ និងគ្មាន​ការ​ពិត​ និងនាំឲ្យ​មាន​ចលាចល»។ លោក​បន្ថែម​ថា៖ «បើយើង​ពិនិត្យ​មើល​ការប្រើប្រាស់​ហ្វេសប៊ុក​ តាំងពី​ដើមដល់​បច្ចុប្បន្ន​ គឺ​ពួកគាត់​នៅ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​បង្ក​ចលាចល​។ សកម្មភាព​បន្តតាំង​ពីឆ្នាំ​២០២០ ​ដល់​បច្ចុប្បន្ន»។

មន្ត្រីប៉ូលិស​រូបនេះ ប្រាប់​តុលាការបន្ថែមថា ការបង្ហោះ​សារផ្សេង​ៗ​របស់​ឈ្មោះ​ នូ សុធានេះ​ គឺធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កាណាដា​ ហើយ​ថា ​ជនជាប់​ចោទ​ឯទៀតក្នុងសំណុំរឿង​នេះ​ ក៏បានបង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​មាន​ខ្លឹមសារ​ប្រហាក់​ប្រហែល​នឹង​ការ​បង្ហោះ​សារ​របស់​ជន​ជាប់​ចោទឈ្មោះ​ នូ​ សុធា ផងដែរ​។ ​

​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ជនជាប់​ចោទ​ឈ្មោះ​ នូ សុធា​ ត្រូវគេ​ឃើញ​គ្រងចីពរ​ជាសង្ឃ​ និង​ជា​ញឹក​ញាប់​បង្ហោះ​សារ​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ពាក់​ព័ន្ធនឹង​បញ្ហា​សិទ្ធិមនុស្ស​ នយោបាយ​ និង​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺកូវីដ១៩។

ទោះបីមិន​មាន​វត្តមាន​ជនជាប់​ចោទ​ នូ សុធា​ និង​ជនជាប់​ចោទ​ ៦នាក់​ផ្សេង​ទៀតក៏ដោយ ក៏​តំណាង​អយ្យ​ការ ​លោក ​ទី មុនិន្ទ​ ស្នើ​សុំឲ្យ​លោក​ ចាន់ ដារិទ្ធ​ ពន្យល់​អង្គហេតុផ្សេងទៀត ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនង​នៃ​ទំព័រហ្វេស​ប៊ុក​ឈ្មោះ​ «ក្រុម​អ្នក​ប្រយុទ្ធ​CNRP» ជាមួយ​ជនជាប់​ចោទ ​៣​នាក់ទៀត​ គឺ​ឈ្មោះម៉ៅ វិបុល​ រិន រដ្ឋ និង​រុន ចន្ធី​។

យោង​តាម​ការ​ពន្យល់​របស់​លោក ​ចាន់ ដារិទ្ធ​ ទំព័រ​ហ្វេសប៊ុកនោះ​ គឺគ្រប់​គ្រង​ដោយ​ជន​ជាប់​ចោទ​ទាំង៣​នាក់​នោះ​ ដោយសារ​ពួកគេ​ចេញសារ​អធិប្បាយ​តាម​ទំព័រ​ហ្វេសប៊ុក​នោះជា​ញឹកញាប់។

ក្រោយ​បាន​ស្តាប់​ការបក​ស្រាយ​របស់​មន្ត្រីប៉ូលិស ​តំណាង​អយ្យការ ​លោក ​ទី មុនិន្ទ​ បានស្នើ​ឲ្យចៅក្រម​ជំនុំជម្រះ លោកស្រី ​អ៊ុក រ៉េតគន្ធា រក្សា​បទ​ចោទ​ប្រកាន់​ជនជាប់ទាំង ៧នាក់​ តាម​មាត្រា ​៤៩៥​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ដែលចែង​អំពី​បទ «ញុះញង់ឲ្យ​ប្រព្រឹត្តអំពើបង្កឲ្យ​មានភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

លោក ​ទី មុនិន្ទ​ និយាយ​ថា​៖ «សារ​រ​បស់​ជនជាប់ចោទ​ ៧នាក់ ​ប៉ះពាល់​សន្តិសុខ​សង្គម ​ពាក់​ព័ន្ធ​ជំងឺកូវីដ១៩​ ពិត​ប្រាកដ​មែន»។ លោក​បន្ថែម​ថា៖ «សុំ​តុលាការ​រក្សា​ការ​ចោទប្រកាន់...​ និង​សម្រេច​ផ្តន្ទា​ទោស​ជនជាប់​ចោទ​ទាំង​៧​រូប​នេះ»។

បន្តិច​ក្រោយ​មក​នោះ​ លោក​ស្រី អ៊ុក រ៉េតគន្ធា ក៏​ប្រកាស​ថា ​លោកស្រី​មិនទាន់​អាច​អាកាត់​រឿងក្តី​នេះ​ភ្លាមៗទេ តែ​នឹង​ប្រកាស​សាលក្រម​លើ​សំណុំ​រឿងនេះ​នៅថ្ងៃទី​៩ ខែ​កញ្ញា​ ខាង​មុខ។

លោក​ រិន រដ្ឋ អតីត​យុវជន​គណបក្ស​សង្គ្រោះជាតិនៅ​ខេត្តកំពង់ចាម និង​ដែល​បាន​ភៀសខ្លួនពីប្រទេស​កម្ពុជា​ ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បត៍​នេះ​ តាមប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​មួយ​ថា​ សវនាការ​នៅថ្ងៃនេះ មាន​គោល​ដៅ​គំរាម​កំហែង​សកម្មជន​នយោបាយ​ ដែល​គាំទ្រការ​អនុវត្ត​ប្រព័ន្ធរបប​នយោបាយ​ប្រជាធិបតេយ្យ។

«ខ្ញុំមើល​ឃើញថា​ជារូបភាព​គំរាមកំហែង​ ការបំបិទ​សិទ្ធិ​ផ្នែក​នយោបាយ​ដែល​ពលរដ្ឋ​ខ្មែរ​សម្តែង​មតិ​ និង​តស៊ូ​ដើម្បី​ឲ្យ​មានលទ្ធិ​ប្រជាធិបតេយ្យ​នៅស្រុកខ្មែរ»។

អតីតយុវជន​គណបក្សជំទាស់​រូបនេះ​ បន្ថែមថា​ ការបញ្ចេញមតិ​រិះគន់មេដឹកនាំរដ្ឋាភិបាលក្នុង​ប្រទេស​ប្រជា​ធិប​តេយ្យ​ មិន​គួរក្លាយ​ជាដើមចម​នៃការ​បង្កើត​ឲ្យមានក្តីក្តាំ​នៅតុលាការ​ទេ។

«នៅក្នុង​របបលោក​ ហ៊ុន សែន​ សព្វថ្ងៃ​គ្រាន់​តែ​រិះគន់​ទាក់ទង​នឹង​រឿង​គាត់​ដឹកនាំ​អសមត្ថភាព​ ក៏របប​តុលា​ការ​ ហ៊ុន សែន ​ហ្នឹង​ចោទ​ពួកខ្ញុំ​ថា បង្ក​វឹក​វរធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​ជាតិ​អី​ចឹង​ ខ្ញុំអត់​ទទួល​យក​ទេ​ ដោយសារ​ខ្ញុំ ​post [បង្ហោះសារ]​នេះ​ គឺ​ post សារនៅ​លើ​បណ្តាញនេះ ​គឺ​មានគេហៅ​ថា​ តាម​ព្រំដែន​នៃច្បាប់​»។

ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ខ្លះនៅប្រទេស​កម្ពុជា​ ចោទសួរ​អំពី​ការ​ទទួលបាន​យុត្តិធម៌​តាម​នីតិវិធីច្បាប់​ត្រឹម​ត្រូវ​ នៅ​ចំពោះ​មុខ​តុលាការ​ ពេល​ដែល​សវនាការ​ត្រូវបាន​ធ្វើឡើង​ ដោយ​មិន​មាន​វត្តមាន​ជនជាប់​ចោទ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក​ នី​ សុខា ថ្លែង​យ៉ាង​ដូច្នេះ៖ «នៅ​ក្នុង​នីតិវិធី​ បើសិន​បើ​ជន​ជាប់​ចោទ​គាត់​មិន​បាន​ចូលខ្លួន​មក​ អាហ្នឹង​គេ​អាច​កាត់​ក្តី​កំបាំងមុខ​បាន​ មិនមែន​ថា​អត់​ទេ​ នៅក្នុង​ដំណើរ​ការ​នីតិវិធី។​ ក៏ប៉ុន្តែ​យើង​ដាក់​សំណួរសួរថា​ តើចៅក្រម ឬក៏ព្រះអាជ្ញា ​លោក​ពិត​ជា​បាន​អនុវត្តនូវ​នីតិវិធី​ហ្នឹង​ត្រឹម​ត្រូវ​ដែរឬអត់​ ពិសេស​ គឺការ​ផ្តល់​ឲ្យជន​រងគ្រោះ​គាត់​មាន...សុំទោស​ការ​ផ្តល់​ឲ្យជន​ជាប់​ចោទ​ហ្នឹង​គាត់​មាន​លទ្ធភាព​ ឬក៏គាត់​ទទួល​នូវដំណឹង​ ទទួល​នូវ​ព័ត៌មាន​ដែល​អាច​គាត់​មក​ចូលរួម​ សវនាការ​ហ្នឹង​បាន​ដែរ​ឬក៏​អត់»។ ​

នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកា​ដូ​លោក ​អំ សំអាត​ យល់​ថា​ សវនា​ការ​របស់​តុលាការ​ ​មិន​អាច​ផ្តល់​យុត្តិធម៌​ពេញ​លេញ​ដល់​សំណុំរឿង​មួយបាន​ទេ​ បើសិន​មិនមានការ​ចូលរួម​ពីគ្រប់ភាគី​នៃសំណុំរឿង​នេះ។ យ៉ាង​ណា ​លោក​ថា សំណុំរឿង​របស់​ជនជាប់ចោទ​ទាំង​ ៧នាក់​ខាងលើ​នេះ មាន​ទំនាក់​ទំនង​នឹង​សំណុំរឿង​ ៩ វិច្ឆិកា​ ២០១៩​ ពាក់​ព័ន្ធនឹង​ផែនការវិលត្រឡប់​មិន​ជោគជ័យ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក ​សម រង្ស៊ី។

អ្នកការពារ​សិទ្ធិមនុស្ស​រូបនេះ​មើលឃើ​ញថា​ សំណុំរឿង​ដែលមាន​ជាប់​នឹង​ហេតុផល​នយោបាយ​ មិន​អាច​ដោះ​ស្រាយ​តាម​ប្រព័ន្ធតុលាការ​ឲ្យ​ដាច់​ស្រឡះបាន​ទេ។

«ជាការ​កត់​សម្គាល់របស់ខ្ញុំ​ បើសិន​ជាគ្មាន​ការ​ដោះស្រាយ​ និងការ​ចរចា​ផ្នែកនយោ​បាយ​ទេ​ អ្នក​ដែល​ពាក់​ព័ន្ធ​ទាំងអស់​ហ្នឹង​ក៏​មិន​អាច​ត្រូវបាន​រួច​ខ្លួន ឬក៏ទម្លាក់​បទចោទ​ប្រកាន់​ដែរ​បាទ»។ ​

រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ​ជិន ម៉ាលីន​ ថ្លែង​ថា បុគ្គល​ដែល​រងការ​ចោទ​ប្រកាន់​នៅតុលាការ​ គួរមក​តតាំង​ក្តីនៅមុខ​ចៅក្រម​ ដើម្បីការពារ​ខ្លួន ជាជាង​ការ​រត់​គេចខ្លួន។ ​

អតីត​អ្នកគំាទ្រ​ សកម្មជន និង​មន្ត្រី​គណបក្ស​គណបក្ស​សង្គ្រោះជាតិ ជា​ច្រើន​សិប​នាក់​ បាន​រង​ការ​ចោទ​ប្រកាន់​បទព្រហ្មទណ្ឌពី​តុលាការ​ជា​បន្តបន្ទាប់​ ក្រោយការ​រំលាយគ​ណបក្ស​ជំទាស់​ដ៏ធំមួយនេះ​ កាល​ពីឆ្នាំ​២០១៧​។ ​ការណ៍​នេះ ធ្វើ​ឲ្យប្រទេស​កម្ពុជា​រងការរិះគន់​ពីប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​រួមមាន​សហរដ្ឋ​អាមេរិកជាដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG