គ្រូបង្រៀនបឋមសិក្សាមួយរូបនៅខេត្តប៉ៃលិននិយាយថាលោកមិនសុខចិត្តនឹងការកាត់សេចក្តីរបស់តុលាការខេត្តប៉ៃលិនដែលកាត់ទោសឲ្យលោកជាប់ក្នុងពន្ធនាគារ១ឆ្នាំបន្ទាប់ពីលោកបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនទៅលើការសាងសង់ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាមនៅខេត្តភាគខាងលិចនេះកាលពីឆ្នាំ២០២០។
កាលពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២១ សាលាដំបូងខេត្តប៉ៃលិនបានសម្រេចតាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌឲ្យលោកយួង សូដាមានពិរុទ្ធភាពពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»ប្រព្រឹត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២០។នេះបើតាមសេចក្តីជូនដំណឹងរបស់លោកហ៊ុយ ទីហួចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តប៉ៃលិនចុះថ្ងៃទី៩ខែមេសា ឆ្នាំ២០២១។
លោកយួង សូដា វ័យ២៤ឆ្នាំដែលជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា៖«ស្រណោះជាតិខ្មែរ»បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះពីទីកន្លែងសុវត្ថិភាពដែលលោកកំពុងគេចខ្លួនថា លោកបានស្វះស្វែងរកមេធាវីពីអង្គការក្រៅរដ្ឋាភិបាលដើម្បីប្តឹងទាស់នឹងសាលក្រមរបស់តុលាការខេត្តប៉ៃលិនដែលលោកយល់ថា អយុត្តិធម៌សម្រាប់លោកក្នុងការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិឈឺឆ្អាលបញ្ហាសង្គម។
«ប្តឹងឧទ្ធរណ៍សិនដើម្បីពន្យារសាលក្រមហ្នឹងកុំឲ្យចូលស្ថាពរសិន។ ហើយអារឿងថា តើថ្ងៃមុខទៀតយ៉ាងម៉េច ខ្ញុំកំពុងតែគិតដែរ»។
សេចកី្តជូនដំណឹងរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តប៉ៃលិនលោក ហ៊ុយ ទីហួបានសរសេរក្នុងន័យដើមថា៖«ផ្តន្ទាទោសជនជាប់ចោទឈ្មោះយួង សូដា...ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ។សាលក្រមនេះជំនុំជម្រះជាសាធារណៈនៅថ្ងៃទី២៩ខែមីនា ឆ្នាំ២០២១និងប្រកាសជាសាធារណៈនៅថ្ងៃទី៧ ខែមេសាឆ្នាំ២០២១ កំបាំងមុខជនជាប់ចោទ»។
សេចក្តីជូនដំណឹងបន្ថែមថា៖«សាមីខ្លួនមានសិទ្ធិចូលមកប្តឹងទាស់ក្នុងរយៈពេល១៥ថ្ងៃគិតពីថ្ងៃទទួលដំណឹងនិងបន្ថែមរយៈពេល១ខែទៀត សម្រាប់ប្តឹងឧទ្ធរណ៍គិតពីថ្ងៃផុតរយៈពេលប្តឹងទាស់»។
លោកយួង សូដា គ្រូបង្រៀននៅសាលាបឋមសិក្សាអូរខ្ទីងមាសសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនខេត្តប៉ៃលិន និយាយថាតុលាការបានចាត់ការរឿងក្តីលោកស្ងាត់ៗដោយមិនឲ្យខ្លួនលោកឬក៏គ្រួសារសាច់ញាតិលោកដឹងខ្លួនជាមុននោះទេ។
លោកថាមិនយល់ពីវិធានការស្ងាត់ស្ងៀមរបស់តុលាការចំពោះអ្វីដែលលោកបានសរសេរលើបណ្តាញសង្គមតាំងពីឆ្នាំ២០២០ពាក់ព័ន្ធនឹងការចោទសួរអំពីចេតនានៅពីក្រោយការសាងសង់ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាមដោយថាលោកទើបទទួលបានការជូនដំណឹងពីអាជ្ញាធរកាលពីថ្ងៃទី១៧ខែឧសភាអំពីការកាត់ទោសលោក។
«កាលហ្នឹងខ្ញុំសរសេរថាអ្នកប៉ៃលិន ទំនេរៗជិះកាត់ស្ទឹងតារាបផងហើយងាកទៅទិសខាងលិច។ ឥឡូវនេះយើងមានស្តូបសឹងខេត្តក្រុងហើយ ហើយសង្ឃឹមថាថ្ងៃខាងមុខយើងអាចប្រហែលជាមានទង់ជាតិពីរ ដូចនៅប្រទេសឡាវដែរ...»។
លោកបន្ថែមថា៖ «ដូចដែលខ្ញុំបានដាក់ចម្ងល់ហ្នឹងថា ហេតុអីបានជាស្តូបហ្នឹងហាក់ដូចជាមានការមមាញឹកក្នុងការធ្វើរហូតដល់គ្រប់ខេត្តក្រុង?ថាតើស្តូបហ្នឹងគេធ្វើក្នុងរូបភាពអី? ក្នុងន័យអី? ខ្ញុំចង់ឲ្យប្រជាពលរដ្ឋនាំគ្នាពិចារណាហើយអាហ្នឹងវាជាតថភាពសង្គមដែលខ្ញុំគ្រាន់តែជាអ្នកដែលចូលចិត្តលើកយកតថភាពសង្គមហ្នឹងលើកយកមកបង្ហាញដល់អ្នកអានឬក៏អ្នកដែលជា friend[មិត្តភក្តិ]ក្នុងហ្វេសប៊ុកតែប៉ុណ្ណឹងឯង។ ហើយបញ្ហាវាមិនមែនតែមួយហ្នឹងទេ។ខ្ញុំលើកបញ្ហាជាច្រើនទៀត ប៉ុន្តែដោយឡែក ស្រាប់ ស្រាប់តែខ្ញុំលើកបញ្ហាហ្នឹងមួយគេក៏យកអាហ្នឹងជាចំណុចមួយធ្វើការចោទប្រកាន់ខ្ញុំអ៊ីចឹង»។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីលោក ជា សា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិនបានទេនៅថ្ងៃសុក្រនេះ។
ក្រុមអ្នកសង្កេតការណ៍បានរិះគន់ថាតុលាការច្រើនតែប្រើប្រាស់មាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌដើម្បីមកបំបិទសំឡេងមតិរិះគន់រដ្ឋាភិបាលឬបុគ្គលដែលមាននិន្នាការទៅរកគណបក្សជំទាស់។
លោកយិនម៉េងលីមន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកដែលឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សក្នុងខេត្តបាត់ដំបងនិងប៉ៃលិន ថ្លែងថារដ្ឋាភិបាលគួរពិចារណាលុបចោលមាត្រា៤៩៥នេះដែលហាក់ដូចជាបង្កើតឡើងដើម្បីបំបិទសំឡេងពលរដ្ឋ។
លោកគ្មានជំនឿថាគ្រូបឋមសិក្សារូបនោះអាចឈ្នះក្តីនៅសាលាឧទ្ធរណ៍នោះទេ។ ហេតុដូច្នេះលោកទទូចឲ្យស្ថាប័នតុលាការបញ្ចប់ក្តីក្តាំនេះហើយអនុញ្ញាតឲ្យគ្រូបង្រៀនរូបនោះបានត្រឡប់ទៅបំពេញការងារជាប្រក្រតីឡើងវិញ។
លោកថ្លែងថា៖ «យើងសង្កេតមើលឃើញថាមិនសូវមានលទ្ធផលប្រែប្រួលទេ។បើសាលាដំបូងកំណត់ម៉េចហើយសាលាឧទ្ធរណ៍ច្រើនតែតម្កល់ [ច្រើន]តែតម្កល់។ អ៊ីចឹង បានឥឡូវយើងក៏ទទូចដែរសុំសូមឲ្យសាលាឧទ្ធរណ៍ហ្នឹងលោកនេះទៅកាត់ព្យួរទៅបើមិនទម្លាក់បទចោទចំពោះគ្រូបង្រៀនហ្នឹង។យើងព្យួរទៅ កុំដាក់ទោសគុកអី!ទោសព្យួរទៅវិញទៅ!វារាងធូរស្រាលដែរបាទ។ ហើយឲ្យគ្នាចូលទៅប្រកបនូវមុខអាជីពជាគ្រូបង្រៀនឡើងវិញផង»។
យ៉ាងណាក៏ដោយ រដ្ឋលេខាធិការក្រសួងយុតិ្តធម៌លោក ជិន ម៉ាលីនការពារសេចក្តីសម្រេចរបស់តុលាការខេត្តប៉ៃលិនដែលបានកាត់ក្តីទៅតាមអង្គហេតុដែលបង្កឲ្យមានបទល្មើស។
លោកថ្លែងថា៖ «រឿងចោទប្រកាន់តាមផ្លូវតុលាការវាអត់មានរឿងពេញនិយមមិនពេញនិយមហ្អេ៎។ សំខាន់ទៅលើអំពើនិងសកម្មភាពថាតើមានធាតុផ្សំបង្កើតបានជាបទល្មើសហ្នឹងដែរឬអត់។ បើវាមានធាតុផ្សំបង្កើតបានជាបទល្មើសហ្នឹងគេចោទពីបទហ្នឹងហើយ។គេទៅចោទបទផ្សេងម៉េចកើត?»
ការនិយាយស្តីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងប្រទេសវៀតណាមត្រូវរងការឆ្លើយតបមកវិញពីអាជ្ញាធរកម្ពុជាតាមផ្លូវតុលាការតួយ៉ាងដូចករណីលោក រ៉ុង ឈុន មេដឹកនាំសហជីពមួយរូបដែលកំពុងជាប់ក្នុងពន្ធនាគារក្រោយលោករិះគន់ការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្តត្បូងឃ្មុំក្នុងអំឡុងខែកក្កដាឆ្នាំ២០២០៕