ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មេដឹកនាំ​ពិភព​លោក​៖ សមាន​ចិត្ត​របស់​​យើង​នៅ​ជាមួយ​ជន​រងគ្រោះនៃ​ការ​វាយ​ប្រហារ​នៅ Nice


មនុស្សម្នា​​ប្រមូល​ផ្តុំ​គ្នា​នៅ​វិហារ Sainte-Reparate ក្នុង​ទីក្រុង​ Nice ប្រទេស​បារាំង ក្នុង​អំឡុង​ពេល​ធ្វើ​ពិធី​ចង​ចាំ​ដល់​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​លើ​ឡាន​ក្រុង។
មនុស្សម្នា​​ប្រមូល​ផ្តុំ​គ្នា​នៅ​វិហារ Sainte-Reparate ក្នុង​ទីក្រុង​ Nice ប្រទេស​បារាំង ក្នុង​អំឡុង​ពេល​ធ្វើ​ពិធី​ចង​ចាំ​ដល់​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​លើ​ឡាន​ក្រុង។

មេដឹក​នាំ​នៅ​ទូទាំង​ពិភព​លោក​ថ្កោល​ទោស​ការ​វាយ​ប្រហារ​ក្នុង​ទិវា​ Bastille ​នៅ​ក្នុង​ក្រុង​ Nice ​ប្រទេស​បារាំង​ ហើយ​បាន​សម្តែង​មរណទុក្ខ​របស់​ពួក​គេ​ដល់ជន​រង​គ្រោះ​ផង​ដែរ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ លោក​អគ្គលេខាធិការ​អ.ស.ប.​ បាន​ គីមូន ​បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នេះ​ ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​កិច្ច​ខិតខំប្រឹង​ប្រែង​ដើម្បី​ប្រឈម​មុខ​នឹង​ភេរវកម្ម​ និង​ភាព​ជ្រុលនិយម​ឃោរ​ឃៅ។

សេចក្តី​ថ្លែងការណ៍​នេះ​របស់​អ.ស.ប.​ បាន​និយាយ​ថា​ «លោក បាន គី​មូន ឈរមាំ​ទាំ​នៅ​ជិត​រដ្ឋាភិបាល​ និង​ប្រជារាស្ត្រ​បារាំង​នៅ​ពេលពួក​គេ​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​នេះ​ ហើយ​លោក​គូស​បញ្ជាក់​អំពី​សេចក្តី​ត្រូវការ​បង្កើន​កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុង​តំបន់​ និង​ការ​ខិត​ខំប្រឹង​ប្រែង​អន្តរជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ និង​ភាព​ជ្រុលនិយម​ប្រកប​ដោយ​ហិង្សា»។

លោក​បាន​សម្តែង​សមាន​ចិត្ត​និង​មរណទុក្ខ​ជ្រាល​ជ្រៅ​បំផុត​ដល់​គ្រួសារ​ជន​រង​គ្រោះ​ដោយសារ​«សកម្មភាព​អាក្រក់​អាក្រីនេះ»​ ហើយ​លោក​បាន​ជូន​ពរ​ដល់​មនុស្ស​ច្រើន​នាក់​ដែល​រង​របួស​សូម​ឱ្យ​បាន​ជា​សះស្បើយ​ឆាប់រហ័ស។

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​ផ្សព្វ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​តាម​ Twitter ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ដោយ​បញ្ជូន​«ការនឹក​គិត​របស់​លោក​និង​ការ​បួងសួង»​ដល់​គ្រួសារ​នៃ​ពួក​ជន​ដែល​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ ហើយ​លោក​បាន​និយាយ​យោង​ដល់​ប្រទេស​បារាំង​ថា​ជា«សម្ព័ន្ធ​យូរយា​បំផុត»​របស់​ស.រ.អា.។

លោក អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ក្នុង​ទិវា​ Bastille ​លើកនេះ​ យើង​បាន​ត្រូវ​រំឭក​អំពី​ភាពមិន​ទ្រុឌ​ទ្រោម​ដ៏​អាស្ចារ្យ​និង​សេច​ក្តី​ថ្លៃ​ថ្នូរ​បែប​ប្រជាធិបតេយ្យ​ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​បារាំង​ក្លាយ​ទៅជា​ការ​បំផុស​គំនិត​មួយ​ដល់​ពិភពលោក​ទាំង​មូល​ ហើយ​យើង​ដឹង​ថា​ លក្ខណៈ​របស់​សាធារណរដ្ឋ​បារាំង​នឹង​ឋិត​ថេរ​ក្នុង​រយៈ​ពេល​យូរ​នៅ​ក្រោយ​ការ​បាត់បង់​ជីវិត​នៃ​ពួក​ជន​ទាំង​នេះ»។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. John Kerry ​ដែល​បាន​ឋិត​ក្នុង​ប្រទេស​បារាំង​ដើម្បី​ប្រារព្ធ​ទិវា​ Bastille បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា «អាក្រក់ណាស!» ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​ ស.រ.អា.​នឹង​បន្ត​ឈរ​មាំទាំ​ជាមួយ​ប្រជា​រាស្ត្របារាំង​នៅ​ពេល​មាន​សោកនាដកម្ម​នេះ។

លោក ​Donald Tusk ​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​បាន​កត់​សម្គាល់​អំពី​សារៈសំខាន់​នៃ​ការកំណត់​ពេល​វេលា​សម្រាប់​ធ្វើការ​វាយ​ប្រហារ​នោះ ​ហើយ​លោក​បាន​អំពាវ​នាវ​ដល់​មនុស្ស​ទាំង​អស់​ឱ្យ​ឈរ​ជាមួយ​ប្រទេស​បារាំង​នៅ​ពេលមាន​សោកនាដកម្ម​នេះ៕

XS
SM
MD
LG