អ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿងបានសម្លាប់មនុស្សអស់ចំនួន៨៤នាក់ និងធ្វើឲ្យរបួសជាង១០០នាក់ផ្សេងទៀត នៅពេលអ្នកបើកបររថយន្តរូបនោះបានកាច់ចង្កូតរថយន្តជាមួយនឹងល្បឿនលឿនទៅក្នុងហ្វូងមនុស្សនៅក្នុងទីក្រុង នីស កាលពីយប់ថ្ងៃព្រហស្បតិ៍ម៉ោងក្នុងប្រទេសបារាំង ដើម្បីប្រារព្ធពិធីបុណ្យ Bastille ដែលជាទិវាឯករាជ្យរបស់បារាំង។
អ្នកវាយប្រហារនោះគឺបានបើករថយន្តបានចម្ងាយ២គីឡូម៉ែត្រទៅក្នុងហ្វូងមនុស្សដែលកំពុងដើរ ហើយបានឈប់ក្រោយពេលដែលត្រូវបានប៉ូលិសបាញ់សម្លាប់អ្នកបើកបររូបនោះ។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ជនជាតិអាមេរិកាំង២នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍វាយប្រហារនោះ។
ក្រុមមន្ត្រីរដ្ឋាភិបាលនៅក្នុងទីក្រុង នីស បាននិយាយថា មានប៉ូលិសជាច្រើននាក់ដែលបានស្លាប់ក្នុងចំណោមជនរងគ្រោះទាំងនោះ។ ជនរងគ្រោះយ៉ាងហោចណាស់១៨នាក់ដែលនៅរស់រានមានជីវិត កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត។
គេជឿថា កុមារ១០នាក់គឺជាជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ហើយមនុស្ស៥០នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារនៅតាមបណ្តោយទន្លេ French Riviera នោះ។
អ្នកវាយប្រហារដែលបានស្លាប់បាត់បង់ជីវិតនោះ ត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណថា ជាជនជាតិបារាំងដើមកំណើតទុយនីស៊ី ដែលបានរស់នៅក្នុងទីក្រុង នីស។ ជនដៃដល់នេះក៏ត្រូវបានប៉ូលិសក្នុងតំបន់ស្គាល់ថា ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពីហិង្សាលើអនីតិជនផងដែរ ប៉ុន្តែមិនត្រូវបានទីភ្នាក់ងារសន្តិសុខជាតិសង្ស័យថាមានពាក់ព័ន្ធជាមួយនឹងក្រុមជ្រុលនិយមឬក្រុមភេរវកម្មណាមួយនោះទេ។
លោកប្រធានាធិបតីបារាំង Francois Hollande និយាយថា ការវាយប្រហារនោះមានធាតុទាំងអស់នៃការវាយប្រហារភេរវកម្ម។
មេដឹកនាំបារាំងបានជួបប្រជុំជាមួយនឹងមន្ត្រីសន្តិសុខនៅវិមាន អេលីហ្សេ ដើម្បីពិចារណាថាអ្វីនឹងត្រូវធ្វើបន្ទាប់ទៀត។ លោក Hollande បាននិយាយថា ប្រទេសបារាំងដែលបានដាក់ប្រទេសស្ថិតក្នុងស្ថានភាពអាសន្ន ដែលគ្រោងនឹងបញ្ចប់នៅចុងខែនេះ នឹងត្រូវអូសបន្លាយ៣ខែបន្ថែមទៀត៕