ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស២០នាក់​ដែលក្នុង​នោះភាគ​ច្រើនជា​ជនបរទេស​ត្រូវបាន​សម្លាប់​ក្នុងការ​វាយ​ប្រហារ​ក្នុងរដ្ឋធានី​ដាកា


ប៉ូលិសកំពុងត្រួតពិនិត្តទីតាំងក្រៅភោជនីយដ្ឋាន O'Kitchen និង ហាងនំបុ័ង Holey Artisan Bakery នៅថ្ងៃ០៣ កក្កដា។
ប៉ូលិសកំពុងត្រួតពិនិត្តទីតាំងក្រៅភោជនីយដ្ឋាន O'Kitchen និង ហាងនំបុ័ង Holey Artisan Bakery នៅថ្ងៃ០៣ កក្កដា។

ប្រទេស​បង់ក្លាដែស ​បាន​ចាប់​ផ្តើម​កាន់​ទុក​រយៈ​ពេល​២​ថ្ងៃ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បន្ទាប់​ពី​ពួក​ជន​សកម្ម​ប្រយុទ្ធ​ឥស្លាមមួយ​ក្រុម​ដែល​មាន​គ្នា​៧​នាក់ ​បាន​សម្លាប់​ចំណាប់​ខ្មាំង​២០​នាក់​ និង ​មន្រ្តី​ប៉ូលិស​២នាក់ក្នុង​អំឡុងពេល​នៃការ​ឡោម​ព័ទ្ធ​អស់​រយៈ​ពេល​១១ម៉ោង​នៅឯភោជនីយដ្ឋានប្រណិត​មួយ​នៅ​ក្នុង​រដ្ឋ​ធានីដាកា។

ក្រុមរដ្ឋ​ឥស្លាម ​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ ​ក៏ប៉ុន្តែ​ការ​ជាប់​ទាក់​ទិន​ដោយ​ផ្ទាល់​ទៅ​នឹង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នេះ ​មិនបានត្រូវ​គេ​បញ្ជាក់ទេ ​ហើយ​ពួក​មន្រ្តី​រដ្ឋាភិបាល​បាន​បដិសេធ​ពីការ​ជាប់​ទាក់​ទិន​ទៅ​នឹង​ក្រុមរដ្ឋ​ឥស្លាម។

​រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​បង់ក្លាដែស ​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​ពួក​អ្នក​វាយ​ប្រហារ ប្រាកដ​ជា​គ្មាន​ជាប់​ទាក់​ទិន​ទៅ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ទេ។ លោក Asaduzzaman Khan រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ ​បាន​និយាយ​ថា ក្រុម ​Jumatul Mujahedeen ឬ JPM ​ដែលជាក្រុម​ជន​សកម្ម​ប្រយុទ្ធ​ក្នុង​ស្រុក​ជា​អ្នក​វាយ​ប្រហារ​។​ ក្រុម JPM ​បាន​ត្រូវហាម​ឃាត់​នៅ​ក្នុង​ប្រទេស​អស់​រយៈ​ពេលមួយ​ទសវត្សរ៍​មកហើយ។ លោក Khan ​បាន​និយាយ​ទៀត​ថា ​ពួក​អ្នក​វាយ​ប្រហារ​ទាំងអស់ ​បាន​ទទួល​ការ​សិក្សា​យ៉ាង​ល្អ​ហើយចេញ​មក​ពីក្រុមគ្រួសារ​អ្នក​មាន។

ទី​ភ្នាក់​ងារ​ព័ត៌មានReuters ក៏​បាន​ដក​ស្រង់​សម្តី​លោក Shahidul Hoque ​ប្រធាន​ប៉ូលិស​ជាតិ​មកចុះ​ផ្សាយ​ថា ​ពួក​ជន​សកម្ម​ប្រយុទ្ធ​៧នាក់ ​ជា​ជន​ជាតិ​បង់ក្លាដែស ​ហើយ​ថា ​ពួក​អាជ្ញាធរ ​បាន​ព្យាយាម​ចាប់​ខ្លួន​ពួកគេ​៥​នាក់​កាល​ពី​ពេល​មុន។

រដ្ឋាភិបាល ​បាន​និយាយទទូច​ជាយូរយា​ណាស់​មក​ហើយ​ថា ​ក្រុមរដ្ឋ​ឥស្លាម​មិន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​នេះទេ។ រដ្ឋាភិបាល​របស់​នាយករដ្ឋ​មន្រ្តី Sheikh Hasina ​បាន​ស្តី​បន្ទោស​ការ​វាយ​ប្រហារ​ជាបន្តបន្ទាប់​នៅ​ក្នុង​ប្រទេស​នោះ​ទៅ​លើគូសត្រូវ​ខាង​នយោបាយ​ដោយ​និយាយ​ថា ​ពួកគេ ​បាន​គាំទ្រ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​មាន​ចលាចល៕

XS
SM
MD
LG