កំណត់និពន្ធ៖ ក្រោយពីបានចាត់វិធានការណ៍នានាទៅលើអ្នករិះគន់និងក្រុមនយោបាយជំទាស់នោះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះអសនៈទាំងអស់ក្នុងរដ្ឋសភា និងបង្កើតរដ្ឋាភិបាលថ្មីអាណត្តិទី៦ដោយរលូន បើទោះបីជាមានការរិះគន់ពីបណ្ដាដៃគូអ្នកផ្ដល់ជំនួយនៅបស្ចិមលោកយ៉ាងណាក្ដី។ ភ្លាមៗបន្ទាប់ពីបានបង្កើតគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលថ្មីក៏បានបញ្ចេញនូវឯកសារយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបួន និងក៏បានបញ្ជាក់អំពីវិធីនានាដើម្បីទាញយកឱ្យបានភាពស្របច្បាប់និងការធ្វើកំណែទម្រង់ដើម្បីខាបទទួលជំនឿទុកចិត្តពីពលរដ្ឋម្ចាស់ឆ្នោតនៅក្នុងស្រុក។ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានផ្ដល់បទសម្ភាសន៍មួយជាមួយលោក អូន ឆេងប៉រ នៃVOA អំពីក្ដីសង្ឃឹម និងបញ្ហាប្រឈមសម្រាប់ការសន្យាធ្វើកំណែទម្រង់ជាមួយនឹងទម្រង់អភិបាលកិច្ចតាមបែបផែនឯកបក្ស។
VOA៖ បាទ សូមជម្រាបសួរលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាស្ថាប័នស្រាវជ្រាវមានមូលដ្ឋានក្នុងទីក្រុងភ្នំពេញ។
អ៊ូ វីរៈ៖ បាទ សូមជម្រាបសួរបាទ។
VOA៖ បាទ អរគុណលោកដែលបានផ្តល់បទសម្ភាសន៍ដល់ VOA។ សំណួរដំបូងរបស់ខ្ញុំទាក់ទងទៅនឹងការនិយាយអំពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបួនរបស់រដ្ឋសភានីតិកាលទី៦នេះចង់ដឹងថា តើរដ្ឋាភិបាលអាណត្តិទី៦របស់នាយករដ្ឋមន្រ្តីហ៊ុន សែន ហ្នឹងបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបួន តើលោកបានកត់សម្គាល់អ្វីគួរឲ្យចាប់អារម្មណ៍ខ្លះទេទាក់ទងនឹងយុទ្ធសាស្រ្តអភិបាលកិច្ចថ្មីរបស់រដ្ឋាភិបាលនេះបាទ?
អ៊ូ វីរៈ៖ ខ្ញុំចាប់អារម្មណ៍នៅចំណុចមួយចំនួន។ ទីមួយ ការយកចិត្តទុកដាក់ទៅលើគេ ហៅមនុស្សនៅក្នុងសេចក្តីចារ ហ្នឹងគឺលើកឡើងថា មនុស្សគឺមានសារៈសំខាន់។ ការផ្តោតទៅលើធនធានមនុស្ស សុខភាពរបស់មនុស្ស របស់ប្រជាពលរដ្ឋជារឿងសំខាន់ជាងគេ ក្លាយជាយុទ្ធសាស្រ្តទីមួយ ទៅលើយុទ្ធសាស្រ្តដទៃ មានទាំងផ្លូវ មានទាំងភ្លើង មានទាំងទឹកស្អាតជាដើម អ៊ីចឹងបើសិនជាយើងមើលពីការកំណែទម្រង់ជាយុទ្ធសាស្រ្ត គឺការផ្តោតយកចិត្តទុកដាក់ទៅលើគុណភាព របស់ធនធានមនុស្សនិងជីវភាពរបស់ប្រជាពលរដ្ឋ ហើយនិងសុខភាពរបស់ប្រជាពលរដ្ឋគឺជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍មែនទែន ព្រោះអីជាខុសពីយុទ្ធសាស្រ្តបួនពីមុនមក យុទ្ធសាស្រ្តចតុកោណបួនពីមុនមក។ ដូច្នេះ ជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍។
ទន្ទឹមនឹងនេះដែរយើងឃើញ ចំពោះខ្ញុំ ការវិភាគ ខ្ញុំឃើញការសរសេរវាហាក់ដូចជាមានភាពច្បាស់លាស់ជាង ជាពិសេសចំពោះការវិភាគរបស់ឱកាសនិងការប្រឈមរបស់ប្រទេសកម្ពុជានៅក្នុងអាណត្តិទី៦នេះ ខ្ញុំមើលទៅមានភាពច្បាស់លាស់ច្រើនជាងមុន។
ប៉ុន្តែទោះបីប៉ុណ្ណឹងក៏ដោយ ខ្ញុំមើលការវិភាគជាទូទៅគឺមានលក្ខណៈស្រដៀងមុន មិនសូវជាមានការកំណែទម្រង់ ឬក៏មានការផ្តោតសង្កត់អីដែលខុសជាងមុនឬមួយក៏ជាក់លាក់ជាងមុនទេ។ ឧទាហរណ៍ ខ្ញុំលើកឧទាហរណ៍ ការព្យាយាមលើកឡើងនៅក្នុងការកំណែទម្រង់មួយដ៏សំខាន់គឺទាក់ទងទៅនឹងរឿងកំណែទម្រង់អភិបាលកិច្ចល្អឬមួយក៏រដ្ឋបាលកិច្ច ការរៀបចំរដ្ឋបាលដើម្បីផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋដោយទាន់ពេលនិងរហ័សជាដើម ការជួយវិស័យឯកជនជាដើម យើងមើលទៅ សារ ជាខ្លឹមសារទូទៅគឺមិនខុសពីយុទ្ធសាស្រ្តចតុកោណពីមុនៗទេ ដូច្នេះបើសិនជាយើងមើលពីការលើកឡើង បើតាមខ្ញុំវិភាគ គឺ៨០ភាគរយគឺអត់មានខុសពីយុទ្ធសាស្រ្តពីដើមទេបាទ។
VOA៖ គោលការណ៍បែងចែកអំណាចត្រួតពិនិត្យគ្នាទៅវិញទៅមកលើស្ថាប័នរដ្ឋអាចនឹងមានប្រសិទ្ធភាពយ៉ាងណាទៅ បើគណបក្សប្រជាជនហាក់បានប្រមូលការគ្រប់គ្រងទាំងស្រុងទៅលើស្ថាប័នប្រជាធិបតេយ្យសំខាន់ៗ នៅក្នុងប្រទេសអស់ទៅហើយ។ ហើយរដ្ឋាភិបាលបានសន្យាធ្វើកំណែទម្រង់កសាងស្ថាប័នរដ្ឋ។ តើលោកយល់ថាការណ៍នេះអាចនឹងទៅរួចនោះទេ បើពឹងផ្អែកលើបរិបទនយោបាយបច្ចុប្បន្ន?
អ៊ូ វីរៈ៖តាមពិតឥឡូវនេះយើងដឹងថាទីមួយអត់មានការប្រកួតប្រជែងពីខាងគណបក្សប្រឆាំងទេ។ យើងមើលខាងរដ្ឋសភាគាត់ មានគណបក្សតែមួយគត់ដែល ជាប់ឆ្នោត។ អ៊ីចឹងនៅក្នុងអាណត្តិនេះគឺជាអាណត្តិទីមួយហើយដែលអត់មានការប្រកួតប្រជែងពីគណបក្សប្រឆាំងឬមួយក៏តួអង្គគណបក្សប្រឆាំងគ្រប់រដ្ឋបាលជាន់ថ្នាក់។
ប៉ុន្តែទន្ទឹមនឹងនេះដែរ អ្នកដែលមានតួនាទីឃ្លាំមើល ហើយក៏អាចឃ្លាំមើលបានហើយមានអំណាចខ្លាំងជាងគណបក្សប្រឆាំងទៅទៀតនោះគឺប្រជាពលរដ្ឋ។ នៅពេលដែលអាណត្តិនេះយើងមានប្រព័ន្ធហ្វេសប៊ុក ប្រព័ន្ធអ៊ីនធឺណិត ការផ្សព្វផ្សាយ ការនិយាយគ្នាអីជាដើមមានលក្ខណៈរីកចម្រើនច្រើន ដូច្នេះខ្ញុំមើលទៅជារឿងមួយគួរឲ្យចាប់អារម្មណ៍ដែរ ថាតើរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ទៅលើការឃ្លាំមើលរបស់ប្រជាពលរដ្ឋឬមួយយ៉ាងណា ហើយតើប្រជាពលរដ្ឋនឹងចាប់ផ្តើមមានឥទ្ធិពលកម្រិតមួយណានៅក្នុងអាណត្តិនេះ អាហ្នឹងវាអាស្រ័យទៅលើកត្តាពីរ ទីមួយគឺកត្តាប្រជាពលរដ្ឋខ្លួនឯង ថាតើប្រជាពលរដ្ឋនឹងយកចិត្តទុកដាក់កម្រិតណា និងបង្ហាញនូវសិទ្ធអំណាចរបស់ខ្លួនក្នុងកម្រិតណា ហើយទីពីរតើរដ្ឋាភិបាលនឹងយកចិត្តទុកដាក់នឹងផ្តល់អំណាចដល់ប្រជាពលរដ្ឋដល់កម្រិតមួយណា។ ហើយហ្នឹងការឆ្លើយតបហ្នឹង។
មួយទៀតដែលយើងគួរតែចាប់អារម្មណ៍ដែលនៅពេលដែលអត់មានគណបក្សប្រឆាំង ក៏អត់មានលេសដែរ។ ពីដើមមក ច្រើននិយាយពីការរារាំងនិងមួយក៏មានបញ្ហាផ្សេងៗដែលធ្វើឲ្យមានផលវិបាកក្នុងការសម្រេចសម្រួលកំណែទម្រង់។ ឥឡូវនេះគឺអំណាចនៅលើដៃទាំងស្រុង អត់មានកន្លែងមួយណាដែលបង្ហាញថាអំណាចមិនមែននៅក្នុងគណបក្សកាន់អំណាច គណបក្សប្រជាជនទេ។ ដូច្នេះគណបក្សប្រជាជន រួមគ្នានឹងអំណាចក៏មានកាតព្វកិច្ចនិងការទទួលខុសត្រូវ ហើយក៏បាត់បង់នូវលេសដែរ។
អ្វីដែលយើងព្រួយបារម្ភគឺការជិះសេះលែងដៃ។ ប៉ុន្តែទាល់តែប្រជាពលរដ្ឋមានការយកចិត្តទុកដាក់។
អ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺថានៅក្នុងឯកសារយុទ្ធសាស្រ្តចតុកោណថ្មីនេះ មានការលើកឡើងច្រើនកន្លែង ច្រើនសារ ទៅលើការថែរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់ហើយនៅក្នុងពេលណាដែលយើងនិយាយពីសន្តិភាពនិងសណ្តាប់ធ្នាប់ ការផ្តោតជាងគេរបស់ឯកសារហ្នឹងគឺទាក់ទងទៅនឹងការប្រឆាំងទប់ស្កាត់បដិវត្តន៍ពណ៌និងការលូកដៃរបស់បរទេស។ យើងមិនដឹងថាតើរដ្ឋាភិបាលគាត់ជឿទៅលើខ្លឹមសារឯកសារហ្នឹងប៉ុណ្ណាទេ ប៉ុន្តែវាហាក់ដូចជាយុទ្ធសាស្រ្តមួយដ៏ធំរបស់រដ្ឋាភិបាលថ្មីហ្នឹងដែរបាទ។
VOA៖ សៀវភៅនេះ តាមរយៈការមើលខ្លឹមសារនៃការសរសេរពាក្យពេចន៍ ការអង្កេតរបស់លោក អ៊ូ វីរៈ ផ្ទាល់តើលោកមានសេចក្តីរំពឹងដែរឬទេ ដោយសារមួយឆ្នាំកន្លងមកនេះយើងឃើញថាមានការដាក់កម្រិតនិងចាត់វិធានការច្បាប់លើអ្នកជំទាស់ លោកមានរំពឹងដែរទេថា លំហរសិទ្ធិសេរីភាពនយោបាយនៅក្នុងប្រទេសអាចវិលត្រឡប់ទៅរកភាពទូលំទូលាយ ជាងពេលបច្ចុប្បន្ន?
អ៊ូ វីរៈ៖ ខ្ញុំមើលឯកសារនេះ ខ្ញុំមើលទៅអត់មានពាក់ព័ន្ធ អត់មានសញ្ញាមួយណាដែលថាយើងអាច ឈានដល់បន្តឬក៏ពង្រឹងឡើងវិញនូវលំហនយោបាយឬសង្គមស៊ីវិលនោះទេ។ នៅក្នុងខ្លឹមសារនេះខ្ញុំមើលទៅមិនមាននិយាយច្រើនទេ ទាក់ទងនឹងរឿងសិទ្ធិសេរីភាពប្រជាធិបតេយ្យ។ មានការលើកឡើងពីការការពាររបបសេរីពហុបក្សប្រជាធិបតេយ្យ សេរីពហុបក្ស។ ប៉ុន្តែហាក់ដូចជា មិនយកចិត្តទុកដាក់ហើយក៏មិនមានកន្លែងមួយណា ខ្លឹមសារជាក់លាក់ទាក់ទងនឹងការលើកតម្កើងឡើងវិញហើយមានសារមួយចំនួនទាក់ទងនឹងការព្រួយបារម្ភទាក់ទងរឿង ដូចខ្ញុំលើកឧទាហរណ៍ច្បាប់រឿងអង្គការក្រៅរដ្ឋាភិបាល ដែលជាច្បាប់មួយ អង្គការសង្គមស៊ីវិលមានការព្រួយបារម្ភនៅពេលដែលត្រូវបានអនុម័ត។ ហើយនៅក្នុងឯកសារនេះគឺឯកសារនេះបានបញ្ជាក់ពីឆន្ទៈ ក្នុងការអនុវត្តច្បាប់នេះឲ្យបានតឹងរ៉ឹងជាងមុន។ អ៊ីចឹងខ្ញុំមើលទៅអង្គការក្រៅរដ្ឋាភិបាលប្រហែលជាមានការព្រួយបារម្ភជាងមុនទាក់ទងនឹងលំហសេរីភាពអង្គការក្រៅរដ្ឋាភិបាលផងដែរបាទ។
VOA៖ នៅលើផ្នែកសេដ្ឋកិច្ចអន្តរជាតិវិញ យើងឃើញមានការដាក់ចេញនូវគោលការណ៍បន្តដើរស្របនឹងចរឹតពាណិជ្ជកម្មតាមបែបផែនពហុភាគីនិយម និងប្រឹងប្រែងធ្វើសមាហរណកម្មចូលទៅកិច្ចសហប្រតិបត្តិការថ្នាក់តំបន់នានា ដូចជា ភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់គ្រប់ជ្រុងជ្រោយ (RCEP) និងដំណើរជាមួយគំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវ៉ាត់របស់ចិន។ តើការណ៍នេះនឹងជួយរក្សាស្ថិរភាពកំណើនរបស់កម្ពុជាបានដែរឬទេ?
អ៊ូ វីរៈ៖ខ្ញុំមើលទៅក្នុងឯកសារនេះ ដូចខ្ញុំបានលើកឡើងហើយទាក់ទងរឿងការព្រួយបារម្ភពីការបាត់បង់របស់កម្ពុជាទៅលើផលប្រយោជន៍មួយចំនួននៅពេលដែលសេដ្ឋកិច្ចកម្ពុជាមានការរឹងមាំនៅក្នុងនោះទោះបីអត់និយាយពីទីផ្សារនៅសហគមន៍អឺរ៉ុប នៅសហរដ្ឋអាមេរិក ដែលផ្តល់អាទិភាពឲ្យប្រទេសក្រីក្របំផុតដូចជាប្រទេសកម្ពុជា ប៉ុន្តែយើងដឹងថាក្នុងឯកសារនេះហាក់ដូចជានិយាយពីរឿងទីផ្សារទាំងនោះ ការព្រួយបារម្ភនៃការបាត់បង់ទាំងនោះបានន័យថារដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមរកទីផ្សារថ្មីសម្រាប់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាឬមួយក៏សម្រាប់ពាក្យអង់គ្លេសគេថា Diversification ការពង្រីកវិស័យយើងឃើញថាការព្យាយាមពង្រីកវិស័យ ឧទាហរណ៍វិស័យទេសចរណ៍ ដើម្បីពង្រឹងឲ្យអ្នកដែលមានចំណូលឬមួយក៏អ្នកដែលអាចចាយខ្ពស់ជាងមុនមកប្រទេសកម្ពុជាជាដើម គឺជារឿងមួយដែលយើងចាប់អារម្មណ៍ បានន័យថាហាក់ដូចជាមានការយកចិត្តទុកដាក់។
បាទ ទៅលើការពង្រឹងវិស័យនេះជាផ្នែកមួយដើម្បីជួយទប់សេដ្ឋកិច្ចនៅពេលណាមួយដែលប្រទេសកម្ពុជាអាចរងផលប៉ះពាល់អីជាដើមហ្នឹងអ៊ីចឹងជារឿងមួយដែលយើងចាប់អារម្មណ៍ដែរ។ ប៉ុន្តែបើយើងមើលទៅលើ Multilateralism ឬក៏ យន្តការពហុវិស័យ ដូចជាយន្តការFree-Trade យន្តការWTO ដែលផ្តល់ឲ្យមានការនាំផលិតផលចេញចូលដោយសេរីជាដើមហ្នឹង កម្ពុជាហាក់ដូចជាផ្តោត ហើយផ្តោតទៅលើ Belt and Road របស់ប្រទេសចិនហ្នឹង ក៏ជារឿងមួយដែលខ្ញុំយកចិត្តទុកដាក់ដែរ។ ប៉ុន្តែមិនមានខ្លឹមសារមួយណាបញ្ជាក់ពីរឿងការយកចិត្តទុកដាក់ពីប្រទេសចិនដែលខ្ញុំគួរឲ្យចាប់អារម្មណ៍ក្រៅតែពីរឿង Belt and Road ហ្នឹងទេ ជារឿងមួយដែលយើងចាប់អារម្មណ៍ហើយជារឿងថ្មី។ ប៉ុន្តែយើងមិនដឹងថា ជាក់ស្តែងឯកសារយុទ្ធសាស្រ្តជាសាធារណៈ ហើយនិងសកម្មភាពយុទ្ធសាស្ត្រ ពិតប្រាកដរបស់រដ្ឋាភិបាលតើមានកម្រិតដូចគ្នាត្រឹមប៉ុណ្ណា យើងអត់ដឹងទេបាទ។
VOA៖ សំណួរខ្លីចុងក្រោយ លោក អ៊ូ វីរៈ តើតាមរយៈយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបួនដែលលោកបានអានហើយនិងស្ថានការណ៍អភិបាលកិច្ចបច្ចុប្បន្ន សរុបមកជារួម លោកយល់ថាប្រាំឆ្នាំក្រោយពីការចេញយុទ្ធសាស្រ្តនៅឆ្នាំ២០២៣ យុទ្ធសាស្រ្តនេះអាចជួយកែកុនស្ថានការណ៍សេដ្ឋកិច្ចនយោបាយប្រទេសយើងឲ្យប្រសើរជាងមុនទេ លោកមានសុទិដ្ឋិនិយមទេ?
អ៊ូ វីរៈ៖ខ្ញុំមើលទៅការវាយតម្លៃទៅលើការប្រឈមរបស់ប្រទេសកម្ពុជារបស់ឯកសារហ្នឹងគឺវាយតម្លៃត្រូវ ខ្ញុំមើលទៅដូចជាមិនសូវជាមានអីខុសទេ។ ប៉ុន្តែខ្ញុំមិនដឹងថា តើឆន្ទៈពិតប្រាកដប៉ុណ្ណានៅក្នុងខ្លឹមសារហ្នឹងណា បើសិនជាយើង ដូចខ្ញុំតែងតែមានការព្រួយបារម្ភដែរ ជួនការយើងជួលអ្នកជំនាញបរទេសឲ្យមកសរសេរឲ្យហើយយើងអត់មានយល់ពិតប្រាកដឬមួយហើយយើងអត់មានកម្ពុជាឬក៏អ្នកដឹកនាំខ្មែរយើងជាអ្នកដឹកមុខជាអ្នកជំរុញ អាហ្នឹងក៏វាជាបញ្ហាដែរ។
ដូចខ្ញុំនិយាយអ៊ីចឹង ថាតើពីឯកសារទៅភាពជាក់ស្តែងនៅក្នុងការអនុវត្តពិតប្រាកដអាហ្នឹងនៅក្នុងកម្រិតមួយណា យើងអត់ទាន់ដឹង ពីឯកសារនិយាយនៅក្នុងនីតិរដ្ឋ នៅក្នុងតុលាការជារឿងសំខាន់ កំណែទម្រង់សុខាភិបាល សំខាន់ខ្ញុំមិនដឹងថាតើនៅក្នុងកម្រិតប៉ុណ្ណា នៅក្នុងកំណែទម្រង់ជាក់ស្តែងពីឯកសារប៉ុណ្ណាទេ អាហ្នឹងមានតែប្រជាពលរដ្ឋទេជាអ្នកតាមដានគ្រប់ៗគ្នា។ ប៉ុន្តែបើសិនយើងពីកំណែទម្រង់អភិបាលកិច្ចល្អឬមួយក៏រដ្ឋបាលរបស់រដ្ឋ ឯកសារនេះបានបញ្ជាក់ដែលថា មានការជាន់គ្នាច្រើន ពីតួនាទីនិងការទទួលខុសត្រូវ។
ត្រូវការចាំបាច់ ធ្វើការកំណែទម្រង់ ប៉ុន្តែខ្ញុំមើលទៅដូចជាមិនមានកំណែទម្រង់មួយណាដែលបញ្ជាក់ថាជាដុំកំភួនជាក់លាក់មួយទេ ខ្ញុំមើលទៅការជាន់គ្នាច្រើននេះ គឺ ដូចជាក្រសួងខ្លះហ្នឹងគួរតែរំលាយចោលឬមួយក៏បញ្ចូលគ្នា ដូចជាក្រសួងកសិកម្ម និងក្រសួងធនធានទឹក ឧតុនិយម ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍជនបទ ខ្ញុំមិនដឹងថាជនបទមួយណាដែលអត់កសិកម្ម ហើយកសិកម្មមួយណាដែលអត់នៅក្នុងជនបទទេ។
ប៉ុន្តែយើងមើលឃើញកន្លែងខ្លះទោះបីជាក្រសួងជាន់គ្នា ប៉ុន្តែទោះបីជាឯកសារហ្នឹងបញ្ជាក់ថាយុទ្ធសាស្ត្រគឺត្រូវតែធ្វើម៉េច កុំឲ្យមានការជាន់គ្នាដូចពីដើមមក ជាកត្តាមួយដែលធ្វើឲ្យសេវាកម្មរដ្ឋហ្នឹងមិនបានល្អ ប៉ុន្តែយើងមើលទៅអត់មានយន្តការជាដុំកំភួនជាក់លាក់ដូចជាការព្យាយាមបង្រួមក្រសួងឬមួយក៏ការព្យាយាម ឧទាហរណ៍បំបាត់រដ្ឋបាលកុំឲ្យច្រើនថ្នាក់ពេក ពីខេត្តស្រុកភូមិឃុំជាដើមហ្នឹង កន្លែងខ្លះក៏មានក្រសួងជាច្រើនទៀត។
ក្រសួងនិមួយៗហ្នឹង មានរដ្ឋបាលក្នុងក្រសួងហ្នឹងមានច្រើន មានអគ្គច្រើន អនុហ្នឹងក៏ច្រើន មានរដ្ឋលេខាធិការច្រើន អនុរដ្ឋលេខាធិការក៏ច្រើនតួនាទីច្រើនមែនទែនដែលខ្ញុំមើលទៅ មិនមានបញ្ជាក់ថាតើនឹងមានការកាត់បន្ថយថាធ្វើម៉េចមិនមានការជាន់គ្នា ដែលធ្វើឲ្យមានការងាររលូន។ អ៊ីចឹងជារឿងទទួលស្គាល់មួយដ៏សំខាន់ហើយល្អ ហើយត្រឹមត្រូវ ប៉ុន្តែជាក់ស្តែងមែនទែនខ្ញុំមិនទាន់មើលឃើញថាមានកន្លែងមួយណាដែលអាចឈានទៅដល់កំណែទម្រង់ជាដុំកំភួន អាហ្នឹងខ្ញុំមិនទាន់ឃើញទេបាទ។
VOA៖ បាទ សូមអរគុណលោក អ៊ូ វីរៈ ដែលបានផ្តល់កិច្ចសម្ភាសន៍ដល់ VOA តាមរយៈទូរស័ព្ទពីផ្នែកយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបួនរបស់រដ្ឋាភិបាលបាទ។
អ៊ូ វីរៈ៖ បាទសូមអរគុណ បាទ ជម្រាបលា៕