ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​គាំទ្រ​គណបក្ស​មិន​កាន់​អំណាច​គ្មាន​មេ​ប៉ុន្តែ​សន្ទុះ​ទឹកចិត្ត​នៅ​តែ​ខ្លាំងក្លា


លោក​ សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​នេះ​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស។
សកម្មជន​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលរង​ការប៉ះទង្គិច​ផ្នែក​អារម្មណ៍​នៅពេល​ដែល​ប្រធាន​គណបក្ស​របស់​ខ្លួន​គឺ​លោក​សម រង្ស៊ី​មិនអាច​ចូលរួម​ការឃោសនា​បោះឆ្នោត​បាន។ ការឃោសនា​ដែល​ជា​ជំហាន​យ៉ាង​សំខាន់​បំផុត​មុន​នឹង​ឈាន​ដល់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃទី​២៨​ខែកក្កដា ​ឆ្នាំ២០១៣​នេះ។

លោក​ សៀ ដែន ​អាយុ២៤ឆ្នាំ​ជា​យុវជន​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ឈរ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពាន​ព្រះមុន្នីវង្ស ​សង្កាត់​ច្បារអំពៅ។

លោក​សៀ ដែន ​បាន​ចូលរួម​ហែរ​គណបក្ស​ជំទាស់​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​ថ្ងៃទី១​នៃ​ការឃោសនា​បោះឆ្នោត​រយៈពេល​៣០ថ្ងៃ​ប៉ុន្តែ​ក្បួន​ដង្ហែរ​នេះ​ចាប់ផ្តើម​ដោយ​មិនមាន​វត្តមាន​របស់​លោក សម រង្ស៊ី ​ដែល​ជា​ក្បាលម៉ាស៊ីន​គណបក្ស​នោះ​ទេ។

លោក​សៀ ដែន ​ហាក់ដូច​ជាមាន​អារម្មណ៍​សោកស្តាយ​ប្រកបដោយ​ភាព​ច្របូក​ច្របល់។ លោក​បាន​បញ្ជាក់​ថា៖​

«ជាក់ស្តែង​លោក កឹម សុខា​ដែល​បានធ្វើ​កន្លងមក​ហ្នឹង​បានល្អ​ច្រើន។ ក៏​ប៉ុន្តែ​ខ្ញុំ​ត្រូវការ​លោក សម រង្សី​មក​បន្ថែម​ជួយផ្តល់​ជា​យោបល់​ក្តី​ដើម្បី​អភិវឌ្ឍ​ប្រទេស»។

លោក​សម រង្ស៊ី ត្រូវ​តុលាការ​ខ្មែរ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១២ឆ្នាំ​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ។ ការកាត់ក្តី​នោះ​បាន​រង​ការរិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​អន្តរជាតិ។

លោក​ សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​នេះ​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស។ ដូច្នេះ​ការដឹកនាំ​គណបក្ស​ត្រូវ​ពឹងផ្អែក​លើ​លោក​កឹម សុខា ​ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សាន សឿង ​អាយុ ​៥៤ឆ្នាំ ​គឺជា​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ស្រុក​ស្ទឹងត្រង់​ ខេត្តកំពង់ចាម។ លោក​បាន​ចូលរួម​ក្បួន​ដង្ហែរ​ឃោសនា​គណបក្ស​នៅក្នុង​ទីរួម​ខេត្ត​កាលពី​ព្រឹកមិញ​ដែល​ដឹកនាំ​លោក កឹម សុខា។

អ្នកគាំទ្រ​ដដែល​និយាយ​ថា​លោក​មាន​ការសោកស្តាយ​ចំពោះ​អវត្តមាន​លោក សម រង្សី​ក្នុង​អំឡុងពេល​នៃ​ការឃោសនា​បោះឆ្នោត​ព្រោះ​វត្តមាន​លោក​ប្រធាន​មាន​សារៈសំខាន់​និង​លើកទឹកចិត្ត​អ្នកគាំទ្រ។ ក៏​ប៉ុន្តែ​លោក​មិនបាន​បង្ហាញ​ការបាក់​ទឹកចិត្ត​នោះ​ទេ។

«រឹត​តែមាន​ទឹកចិត្ត​ពុះ​កញ្ជ្រោល​ព្រោះអី្វ? ​ព្រោះ​យើង​យើង​ឃើញថា​អ្នក​សេ្នហា​ជាតិ​ត្រូវបាន​តុលាការ​ខ្មែរ​កាត់ទោស​គាត់​ឱ្យ​ជាប់គុក​ដោយ​អយុត្តិធម៌»។

អ្នកស្រី ​នី រំដួល ​អាយុ ​២៦​ឆ្នាំ​គឺជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រស់នៅក្នុង​ស្រុក​ឯកភ្នំ​ខេត្តបាត់ដំបង។ អ្នកស្រី​និយាយ​ថា ​បាន​ទទួល​រង​ការចំអក​ពី​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច។

«ធម្មតា​អ្នកកាន់​អំណាច​សព្វថ្ងៃ​ហ្នឹង​គាត់​ថា៖ យើង​អត់​មាន​ម៉ែ ​ហើយ​ថា​អត់​មាន​ម្តាយ​រស់នៅ​ក្នុងស្រុក​ផង​រស់នៅ​កើត​ដែរ? តាមពិត​ពួក​ខ្ញុំ​អាច​រស់​នៅបាន​ទោះបីជា​គាត់​អត់​រស់នៅក្នុង​ស្រុក​តែ​យើង​នៅតែ​រួមដៃ​គ្នា»។

មាន​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​កំពុង​ធ្វើ​សកម្មភាព​ឃោសនាបោះឆ្នោត​ឈានចូល​ថ្ងៃទី២នៅ​ថ្ងៃ​សុក្រ​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើតឡើង​ដោយ​គណបក្ស ​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស ​បាន​ចាក់​សារ​របស់​លោក​សម រង្ស៊ី ​តាម​ឧ​ឃ្ឃោសនស័ព្ទ​ជំនួស​វត្តមាន​របស់​លោក។

លោក កែម ឡី ​អ្នកស្រាវជ្រាវ​ឯករាជ្យ​និយាយ​ថា​អវត្តមាន​មេដឹកនាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ​គឺ លោក សម រង្សី​អាចមាន​ផលប៉ះពាល់​ទឹកចិត្ត​ឬ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខ្លះ​បាត់បង់​ទំនុកចិត្ត។

ដោយឡែក ​លោក អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​និយាយថា​អវត្ត​មាន​លោក សម រង្ស៊ី មិន​ប៉ះពាល់​ខ្លាំង​ទេ​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ហេតុថា គណបក្ស​ជំទាស់​មួយ​នេះ​ក៏មាន​មេដឹកនាំ​ដទៃទៀត​ដែល​កំពុង​ចាប់ផ្តើម​យុទ្ធនាការ​ផង​ដែរ។

«គ្រាន់តែ​ថា​ប្រសិនបើ​លោក​សម រង្ស៊ី​អាច​ចូលមក​អីចឹ​ង​គាត់​អាចបែងចែក​ជាមួយ​លោក កឹម សុខា​នៅ​កន្លែង​ហែរ​ក្បួន​ខុសៗ​គ្នា។ ជា​ជម្រើស​មួយ​ល្អ​សម្រាប់​គណបក្ស​នេះ។ ប៉ុន្តែ​ដោយសារ​គាត់​បាត់​ម្នាក់​អីចឹង​ទៅ​គាត់​បាន​កម្លាំង​ខ្លាំង​តែមួយ​កន្លែង​ទេ»។

ការឃោសនា​បោះឆ្នោត​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី២៦​ខែកក្កដា​ខាង​មុខ​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG