ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អន្តរជាតិ​ទទូច​ឲ្យ​លោក​សម រង្ស៊ី​មាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​


​លោក​សម រង្ស៊ី​​មេដឹកនាំ​គណបក្ស​ជំទាស់​
​លោក​សម រង្ស៊ី​​មេដឹកនាំ​គណបក្ស​ជំទាស់​
​ភ្នំពេញ៖ ប្រទេស​ប្រជាធិបតេយ្យ​សំខាន់​ចំនួន​ពីរ​ក្នុង​ពិភពលោក​គឺ​សហ​រដ្ឋ​អាមេរិក​និង​បារាំង​បាន​ទទូច​ឲ្យ​មាន​វត្តមាន​លោក​សម រង្ស៊ី​នៅ​ក្នុង​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ​នៅពេល​ដែល​មេដឹកនាំ​គណបក្ស​ជំទាស់​ដ៏​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​រារាំង​ដោយ​អំណាច​តុលាការ​ខ្មែរ។​

លោក​សម រង្ស៊ី​បាន​និរទេស​ខ្លួនឯង​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ​ បន្ទាប់​ពី​តុលាការ​ខ្មែរ​ចោទ​ប្រកាន់​និង​ផ្តន្ទាទោស​រូបលោក​ពី​បទឧក្រិដ្ឋ​ក្រោម​បទចោទប្រកាន់​ទាក់ទង​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​និង​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។​

កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប.)​បាន​លុប​ឈ្មោះ​លោក​សម រង្ស៊ី​ចេញ​ពី​បញ្ជី​អ្នកបោះឆ្នោត​ដែល​រារាំង​រូបលោក​មិន​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​បាន​ទេ។​
​ការ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​ខាង​មុខ​នេះ។​

លោក​សន ម៉ាគីន​តូស ​(Sean McIntosh)​ អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ប្រាប់​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​តាម​សារ​អេឡិចត្រូនិក​កាល​ពីដើម​សប្តាហ៍​នេះ​ថា​ «សហ​រដ្ឋ​អាមេរិក​ជឿ​ង​ថា​ ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ទាមទារ​ទីលាន​ប្រកួត​មាន​កម្រិត​មួយ​និង​ការ​ប្រគល់​សេរីភាព​ដល់​ការចូលរួម​របស់​គណ​បក្ស​ជំទាស់​នានា»។​

មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​ដដែល​គូស​បញ្ជាក់ថា​ «ការទាត់ចោល​មេដឹកនាំ​គណបក្ស​ជំទាស់​ឈានមុខ​ទាំងឡាយ​បាន​ចោទ​ជា​សំណួរ​ដល់​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​នៃ​ដំណើរ​ការ​លទិ្ធ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា»។​

សេចក្តី​អត្ថាធិប្បាយ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​គង់ គាំ ​ប្រធាន​គណបក្ស​សម រង្ស៊ី​ ដែល​ជា​គណបក្ស​ស្ថាបនិក​គណបក្ស​ជំទាស់​ថ្មី​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​គង់ គាំ​អំពាវនាវ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ឱកាស​រំឭក​ខួប​លើក​ទី​១៦​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​លើ​ហ្វូង​បាតុករ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ដើម្បី​ឲ្យ​មាន​ដំណោះ​ស្រាយ​ដែល​ឈាន​ដល់​ការ​អនុញ្ញាត​បើក​ភ្លើង​ខៀវ​ឲ្យ​លោក​សម រង្ស៊ី​ចូលរួម​ការ​បោះឆ្នោត​បាន។​

«សុំ​អំពាវនាវ​ដល់​សភា​អន្តរជាតិ ​ដល់​សភា​សហគមន៍​អឺរ៉ុប​ដល់​បណ្តា​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រី ​ដល់​អង្គការ​សហ​ប្រជាជាតិ​ដែល​មាន​លោក​សូរិយា ស៊ូ​បេឌី ​ជា​តំណាង​ពិសេស​ធ្វើ​របាយការណ៍​សម្រាប់​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​ជួយ​ដាក់​សម្ពាធ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​សព្វ​ថ្ងៃ ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បើក​ច្រក​ឲ្យ​លោក​ប្រធាន​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជែង​សំខាន់​តែ​មួយ​គត់​ បាន​វិល​មក​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​កុំ​ឲ្យ​ខាន»។​

លោក​សន ម៉ា​គីន​តូស​បាន​បន្ថែម​នៅ​ក្នុង​សេចក្តី​អត្ថាធិប្បាយ​របស់​ខ្លួន​ថា​ សហ​រដ្ឋ​អាមេរិក​«ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ដើម្បី​ធានា​ការ​បោះឆ្នោត​មួយ​ត្រឹម​ត្រូវ​និង​យុត្តិធម៌​ និង​ឲ្យ​ពិចារណា​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​អនុសាសន៍​របស់​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​អនុសាសន៍​របស់​សង្គម​ស៊ីវិល​រួម​ទាំង​ការធ្វើកំណែទម្រង់​គណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​ការ​បោះឆ្នោត»។​

លោក​ទេព នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ធ្លាប់​លើក​ឡើង​ថា​ ការ​សម្រេច​ដកហូត​សិទ្ធិ​ចូលរួម​បោះឆ្នោត​លើ​លោក​សម រង្ស៊ី​មិន​អាច​កែប្រែ​វិញ​បាន​ទេ។​

យ៉ាងណា​ក៏​ដោយ​រហូតមក​ទល់​ពេល​នេះ​មិន​មាន​សញ្ញា​ណា​មួយ​ដែល​អនុ​ញ្ញាត​ឲ្យ​លោក​សម រង្ស៊ី​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​នោះ​ទេ។​

មន្ត្រី​ផ្លូវការ​រដ្ឋាភិបាល​រំឭក​ហើយ​រំឭក​ទៀត​ថា​ ករណី​របស់​លោក​សម រង្ស៊ី​ជា​អំណាច​របស់​តុលាការ។ ​ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ហៅ​ចំណាត់ការ​ផ្លូវ​ច្បាប់​នោះ​ថា ​គឺ​ជា​រឿង​នយោបាយ។​
អ្នក​នាំពាក្យ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​លោក​Nicolas BAUDOUIN ​សរសេរ​តាម​សារ​អេឡិចត្រូនិក​ថា​ «សហគមន៍​អន្តរ​ជាតិ​ភ្ជាប់​សារៈ​សំខាន់​ ជាពិសេស​ទៅ​នឹង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៣»។​

លោក​ Baudouin ​បន្ថែម​ថា «ការ​សម្រប​សម្រួល​នយោបាយ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា»។​

លោក​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ថ្លែង​ថា ​គេ​មិន​ត្រូវ​ចាប់បង្ខំ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​សម្រេច​នោះ​ទេ។

«នេះ​ជា​ភាសា​ដដែល ​ជា​ទិសដៅ​ដដែល​ ហើយ​យើង​ទុក​ការងារ​ហ្នឹង​ជា​ការ​សម្រេច​របស់​ថ្នាក់​លើ​ទៅ ​ដែល​អ្វី​ដែល​យើង​បាន​រៀន​សូត្រ​ពី​ប្រទេស​ខាង​លិច។ ​យើង​យល់​ឃើញ​ថា ​នីតិរដ្ឋ​គួរតែ​ពង្រឹង ​មិន​គួរ​ណា​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​គោរព​បុគ្គល​ហ្នឹង​ជា​ជាង​ច្បាប់​ទេ​ បាទ!»​

នៅ​មាន​ភាពមិនប្រាកដ​ប្រជា​នៅ​ឡើយ​ថា​ មេ​ដឹកនាំ​គណបក្ស​ជំទាស់​ធំជាង​គេ​គឺលោក​សម រង្ស៊ី​អាច​មាន​ឱកាស​និវត្ត​មក​ចូលរួម​ការ​បោះឆ្នោត​នៅ​បួន​ខែ​ខាង​មុខ​នេះ​បាន ​ឬ​យ៉ាង​ណា។​ ក៏​ប៉ុន្តែ​លោក​គល់ ​បញ្ញា ​នាយក​ប្រតិបត្តិ​គណៈកម្មការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​ថា ​ខុម​ហ្វ្រែល ​មាន​ប្រសាសន៍​ថា​ វត្ត​មាន​របស់​លោក​សម រង្ស៊ី​ក្នុង​ការ​បោះឆ្នោត​ជា​ផ្នែក​មួយ​ជួយ​លើក​ស្ទួយ​កិត្យានុភាព​ដល់​ការ​បោះឆ្នោត។​

ហើយ​លោក​គិត​ថា ​វា​ចាំបាច់​ត្រូវ​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ។​

«បញ្ហា​ទាំង​នេះ​ទាក់​ទិន​នឹង​បញ្ហា​នយោបាយ។ ​មិនមែន​ទាក់ទិន​នឹង​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ ឬ​បទ​ព្រហ្មទណ្ឌ​ដែល​មិនមែន​រឿង​នយោបាយ​នោះ​ទេ»។​

លោក​គល់ បញ្ញា​មើល​ឃើញ​ផលវិបាក​ដែល​ធ្វើឲ្យ​មន្ទិល​ថា ​តើ​លោក​សម រង្ស៊ី​អាច​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​បាន ​ឬ​យ៉ាង​ណា ​បើទោះជា​មាន​ការ​សម្រប​សម្រួល​នយោបាយ​ដែល​ធ្វើឲ្យ​គាត់​វិល​ចូល​មាតុ​ប្រទេសក៏​ដោយ។​

កាលពី​ខែ​កុម្ភៈ​ដើមឆ្នាំ​២០១៣​នេះ ​លោក​ម៉ាយឃើល​ ផូស​នើ ​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​លទ្ធិ​ប្រជាធិបតេយ្យ ​សិទ្ធិមនុស្ស​ និង​ការងារ ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក​សម រង្ស៊ី ​ដើម្បី​ឲ្យ​អ្នក​នយោបាយ​ជំទាស់​រូប​នេះ​មាន​លទ្ធភាព​ចូលរួម​ការ​បោះ​ឆ្នោត។​
ក៏​ប៉ុន្តែ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បាន​បដិសេធ​ ដោយ​លើក​ឡើង​ថា​ ការ​ដោះលែង​«លោក​សម រង្ស៊ី»​នឹង​នាំឲ្យ​មាន​ភាព​មិន​គោរព​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា៕
XS
SM
MD
LG